រាជ​ធានី​ភ្នំពេញ​នឹង​មាន​ខណ្ឌ​ថ្មី​ចំនួន​ពីរ​បន្ថែម​ទៀត​



តាម​រយៈ​សំណើរ​ស្នើ​សុំ​របស់ ​សម្ដេច​ក្រឡាហោម ស ខេង ឩបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ក្នុង​ការ​បង្កើត​​ក្រុង ស្រុក និង​ខណ្ឌ​ថ្មី​បន្ថែម​ទៀត ក្នុង​គោល​បំណង​ជួយ​សម្រួល​ដល់​ការ​គ្រប់គ្រង​ប្រព័ន្ធ​រដ្ឋបាល​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ចេញ​អនុក្រិត្យ​ក្នុង​ការ​បង្កើត​ខណ្ឌ​ថ្មី​ចំនួន​ពីរ​បន្ថែម​ទៀត​នៅ​រាជធានី​ភ្នំពេញ គឺ​ខណ្ឌ​បឹង​កេងកង និង​ខណ្ឌ​កំបូល ។

ទី​មួយ​ខណ្ឌ​បឹងកេងកង​នៃ​រាជធានី​ភ្នំពេញ ត្រូវ​បាន​កាត់​យក​សង្កាត់​ចំនួន​០៧ពី​ខណ្ឌ​ចំការមនគឺ​មាន សង្កាត់​បឹង​កេង​កង​១ បឹងកេងកង​២ បឹង​កេងកង​៣ សង្កាត់​អូឡាំ​ពិច សង្កាត់​ទំនប់​ទឹក សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​១ និង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​២។ សាលា​ខណ្ឌ​ចំការមន​ត្រូវ​បាន​ផ្ទេរ​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​​បឹងកេងកង​៣ ទៅ​ឲ្យ​សាលាខណ្ឌ​បឹងកេង​កង និង​ព្រំប្រទល់​រដ្ឋបាល​ខណ្ឌ​កំបូល ត្រូវ​បាន​កំណត់​ដូច​មាន​ក្នុង​ផែន​ទី​ជា​ឧបសម្ព័ន្ធ​នៃ​អនុក្រឹត្យ​នេះ។

ខណ្ឌ​ថ្មី​មួយ​ទៀត​គឺ​ខណ្ឌ​កំបូល​នៃ​រាជធានី​ភ្នំពេញ ដោយ​កាត់​យក​សង្កាត់​ចំនួន​៦ពី​ខណ្ឌ​ពោធិ៍សែន​ជ័យ​នៃ​រាជធានី​ភ្នំពេញ​គឺ សង្កាត់​កំបូល សង្កាត់​កន្ទោក សង្កាត់​ឱឡោក សង្កាត់​ស្នោរ សង្កាត់​ភ្លើង​ឆ្នេះរទះ សង្កាត់​បឹង​ធំ និង​កាត់​យក​សង្កាត់​០១​ពី ខណ្ឌ​ដង្កោ​នៃ​រាជធានី​ភ្នំពេញ​គឺ​ សង្កាត់​ប្រទះ​ឡាង។ ខណ្ឌ​កំបូល​មាន​សង្កាត់​ចំនួន​០៧ និង​ព្រំប្រទល់​រដ្ឋបាល​ខណ្ឌ​កំបូល ត្រូវ​បាន​កំណត់​ដូច​មាន​ក្នុង​ផែន​ទី​ជា​ឧបសម្ព័ន្ធ​នៃ​អនុក្រឹត្យ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្រៅ​ពី​ខណ្ឌ​ថ្មី​ចំនួន​ពីរ​ខាង​លើ រាជរដ្ឋាភិបាល​ក៏​បាន​ចេញ​អនុក្រឹត្យ​ស្ដី​ពី​ការ​បង្កើត​ក្រុង​ ស្រុក​ថ្មី​ ចំនួន​៤​បន្ថែម​ទៀត​ផងដែរ​គឺ​ ខេត្ត​ព្រះសីហនុ បង្កើត​ក្រុង​១ (​ក្រុង​កោះរ៉ុង), ខេត្ត​ស្ទឹង​ត្រែង​បង្កើត​ក្រុង​១ (ស្រុក​បុរីអូរស្វាយ​សែន​ជ័យ), ខេត្ត​កំពង់​ធំ​បង្កើត​ក្រុង​១ (ស្រុក​តាំងគោក), និង​ខេត្ត​ពោធិ៍សាត់​បង្កើត​ក្រុង​១ (ស្រុក​តាលោសែនជ័យ) ដោយ​មាន​ការ​ចុះ​ហត្ថលេខា​ដោយ​សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី០៨ ខែ​មករា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ៕

អត្ថបទ​ដោយ៖ ជួប ស្រីរ័ត្ន

X
5s