មហាសេដ្ឋី Warren Buffett និង Bill Gates យល់ស្របគ្នាថា បើអ្នកបោះបង់ទម្លាប់មួយនេះចោល ជីវិតអ្នកប្រាកដជាជោគជ័យច្រើន
នៅពេលលើកប្រធានបទជោគជ័យ មនុស្សគ្រប់គ្នានឹងនឹកឃើញដល់ភាពជោគជ័យនៃទ្រព្យសម្បត្តិ និងសមិទ្ធផលផ្សេងៗ។ យល់ឃើញបែបនេះវាមិនខុសនោះឡើយ ប៉ុន្តែដើម្បីទទួលបានភាពជោគជ័យតាមអ្វីដែលអ្នកចង់បាន គឺអ្នកត្រូវតែហ៊ានលះបង់ពេលវេលាដើម្បីធ្វើអ្វីមួយ។
ប៉ុន្តែមនុស្សគ្រប់គ្នាមិនមែនសុទ្ធតែទទួលបានជោគជ័យនោះឡើយ។ មូលហេតុសំខាន់ជាងគេបំផុតមួយនៅក្នុងចំណោមមូលហេតុផ្សេងៗទៀតនោះគឺទាក់ទិនទៅនឹងការយកលេសឲ្យខ្លួនឯង មិនព្រមលះបង់ពេលវេលាដើម្បី ចាប់ផ្តើមធ្វើវា។ នេះហើយជាប្រធានបទមួយដែលមហាសេដ្ឋី Warren Buffett និង Bill Gates យល់ថា ពេលវេលាជារឿងសំខាន់។
អ្នកមានលំដាប់កំពូលទាំងពីររូបនេះធ្លាប់បានអះអាងថា ការបរាជ័យបានផ្សារភ្ជាប់ទៅនឹងមនុស្សដែលមានទម្លាប់មិនល្អ ចូលចិត្តចំណាយពេលទៅធ្វើរឿងដែលឥតប្រយោជន៍ ពោលគឺមិនចេះគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាព។ នៅខាងក្រោមនេះ វាចំណុចសំខាន់ៗដែលអ្នកត្រូវស្វែងយល់ថា តើការគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាពរបស់មហាសេដ្ឋីទាំងពីររូបខាងលើត្រូវធ្វើដូចម្តេចខ្លះ?
តាមដានសកម្មភាពរបស់អ្នកជាប្រចាំ
នៅពេលដែលលោក Bill Gates ងប់ខ្លាំងទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាដែលបានជួយកសាងទ្រព្យសម្បត្តិដ៏ច្រើនមហាសាលដល់លោក គាត់បានបោះបង់ចោលសកម្មភាពឥតប្រយោជន៍ជាច្រើនចោលទាំងអស់ដើម្បីមកធ្វើកិច្ចការសំខាន់វិញ។
លោកធ្លាប់បាន អះអាងថា កាលពីអាយុខ្ទង់ ២០ លោកប្ដេជ្ញាឈប់ស្តាប់បទចម្រៀង និងមើលទូរទស្សន៍ដូចមុនទៀតហើយ។ លោកយល់ថា សកម្មភាពទាំងនេះបានស្រូប យកពេលវេលារបស់លោកយ៉ាងច្រើនដែលមិនអាចធ្វើឲ្យលោកមានពេលទៅគិតកម្មវិធីកុំព្យូទ័ររបស់លោក។ ទន្ទឹមនឹងនេះក្នុងនាមជាឪពុកដ៏ល្អម្នាក់លោកមិនអនុញ្ញាតឲ្យកូនៗរបស់លោកកាន់ទូរស័ព្ទ នោះឡើងរហូតដល់អាយុ ១៤ឆ្នាំ និងមានច្បាប់តឹងរ៉ឹងមិនឲ្យសមាជិកគ្រួសារណាម្នាក់ប្រើប្រាស់ទូរស័ព្ទនៅពេលញ៉ាំបាយឡើយ។
ដើម្បីទទួលបានសមិទ្ធផលធំត្រឡប់មកវិញ យើងត្រូវបោះបង់ចោលសកម្មភាពដែលមានប្រយោជន៍តិចតួចចេញ
ងាកមកមើលមហាសេដ្ឋី Buffett វិញ លោកមិនមែនជាមនុស្សដែលចូលចិត្តបច្ចេកវិទ្យាដូចលោក Bill Gates នោះទេ។ សូម្បីតែទុកកុំព្យូទ័រយួរដៃមួយនៅលើតុក៏ប្រធានក្រុមហ៊ុន Berkshire Hathaway CEO រូបនេះមិនទុកផង និងថែមជាមនុស្សរឹតត្បិតមិនចំណាយពេលអង្គុយអនឡាញរាប់ម៉ោងនូវអ្វីដែលលោកយល់ថា សកម្មភាពទាំងនេះគ្រាន់តែអូសបន្លាយពេលរបស់លោកឥតប្រយោជន៍តែប៉ុណ្ណោះ។
បង្កើតទម្លាប់ធ្វើការងារណាដែលមានប្រយោជន៍ជាងគេបំផុត
ការទទួលបានសមិទ្ធផលដ៏ជោគជ័យមួយពីសកម្មភាពការងារណាមួយរបស់អ្នក មិនមែនមានន័យថា វាជារឿងតែមួយគត់ដែលធ្វើឲ្យអ្នកសប្បាយចិត្តនោះដែរ។ ក្រៅពីការងារចម្បងប្រចាំថ្ងៃរបស់អ្នក កិច្ចការផ្សេងៗទៀតដែលអ្នកធ្វើក្រៅពីការងារនោះ ក៏ជាអ្វីដែលបម្រើឲ្យមហិច្ឆតា ឬក្តីសុបិនរបស់អ្នកដែរ។ បើអ្នកយល់ថា ការងារទាំងនោះបានផ្តល់មកនូវភាពភាពសប្បាយរីករាយ និងអត្ថប្រយោជន៍ដ៏ច្រើនសម្រាប់អ្នក អ្នកគួរតែធ្វើវាទៅ។
សម្រាប់លោក Buffett លោកចូលចិត្តលេងបៀសន្លឹក ដែលជាប្រភេទល្បែងកម្សាន្តមួយដែលបង្រៀនឲ្យលោកចេះអត់ធ្មត់ ប្រើប្រាស់យុទ្ធសាស្ត្រ និងបច្ចេកទេសលេង។ ក្រៅពីនោះលោកចូលចិត្តអានណាស់ ហើយបើយោងតាមប្រភពនានា ក្នុងមួយថ្ងៃលោកអាចអានសៀវភៅ ឬសំណៅឯកសារផ្សេងៗរហូតដល់ទៅ ៥០០ ទំព័រ ឯណោះ។ ក្នុងមួយថ្ងៃលោកបានចំណាយពេលដល់ទៅ ៨០% ដើម្បីអានបើទោះបី ជាលោកមានអាយុដល់ទៅ ៨៨ ឆ្នាំហើយក្តី។
ម៉ោងនីមួយៗត្រូវតែរាប់ទុក
នៅក្នុងសៀវភៅមួយក្បាលនិពន្ធដោយលោក Malcolm Gladwell ដែលមានចំណងជើងថា "Outliers: the Story of Success” លោកបានដកស្រង់ចំណុចមួយដែលជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់លោក Bill Gates គឺច្បាប់ ១០ ០០០ ម៉ឺន ឬ " 10 000 hour rule”។ នៅក្នុងច្បាប់នេះបានសរសេរថា ឥស្សរជនជោគជ័យ និងល្បីៗលំដាប់ពិភពលោកដូចជាលោក Bill Gates បានចំណាយពេលដ៏ច្រើនលើសលប់នេះទៅសិក្សារៀនសូត្រ និងអនុវត្តកម្មវិធីកុំព្យូទ័ររបស់លោក។
ជាការពិត ពេលវេលាទាំងនេះពិតជាច្រើនណាស់សម្រាប់មនុស្សទូទៅ ហើយមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចយកពេល ១០ ០០០ ម៉ោងមកអភិវឌ្ឍជំនាញរបស់ខ្លួនបាននោះឡើយ។ ប៉ុន្តែវាមានមូលហេតុដែលជំរុញឲ្យលោក Bill Gates សុខចិត្តចំណាយពេលច្រើនលើសលប់មកធ្វើការងាររបស់លោកដ៏ច្រើនបែបនេះ គឺដោយសារតែលោកមានក្តីស្រលាញ់ និងសប្បាយចិត្តនៅពេលបានធ្វើការងារកម្មវិធីកុំព្យូទ័ររបស់លោក។
អ្វីដែលអ្នកត្រូវចងចាំ
ក្នុងរយៈពេល ២៤ម៉ោងក្នុងមួយថ្ងៃ អ្នកត្រូវប្រាកដថា ពេលវេលារបស់ត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។ អ្នកត្រូវបែងចែកពេលវេលាទាំងនោះតាមអាទិភាពជាពិសេសត្រូវធ្វើការងារណាដែលផ្តល់ផលប្រយោជន៍ដ៏ច្រើនបំផុតត្រឡប់មកវិញ។ សូមកុំយកពេលវេលាទៅខ្វល់ខ្វាយរឿងឥតប្រយោជន៍ច្រើនពេក ហើយអ្នកគួរតែយករឿងល្អៗមកដាក់ក្នងុខួរក្បាលរបស់អ្នកដើម្បីសន្សំថាមពលយកទៅធ្វើកិច្ចការដែលមានប្រយោជន៍៕
ប្រភព៖ cnbc