ឧទ្យាន​ច្នៃ​ប្រឌិត​វប្បធម៌​កម្ពុជា-ចិន ​នឹង​លេច​រូប​រាង​ឡើង​នៅ​ទឹក​ដី​សៀមរាប​អង្គរ​ក្នុង​ឆ្នាំ​២០២០​ ដោយ​ចំណាយ​ដើម​ទុន​ប្រមាណ​ជាង​៧០​លាន​ដុល្លារ​



ប្រភព៖ AKP

គម្រោង​សាង​សង់​ ឧទ្យាន​ច្នៃ​ប្រឌិត​វប្បធម៌​កម្ពុជា-ចិន​ដ៏​ធំមួយ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បរិវេណ​ សណ្ឋាគារ​សុខា​សៀមរាប​ ខេត្ត​សៀម​រៀប ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ Yunnan Cultural Industry Investment Holding Group បណ្ដាក់​ទុន​វិនិយោគ​ប្រមាណ​ជាង​៧០​លាន​ដុល្លារ ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់ឲ្យ​រួច​រាល់​នៅ​ត្រឹម​ឆ្នាំ​២០២០​ខាង​មុខ​នេះ និង​បើក​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចូល​ទស្សនា​ឈ្វេង​យល់​ពី​វប្បធម៌​ខ្មែរ និង​ចិន។

ឧទ្យាន​ច្នៃ​ប្រឌិត​វប្បធម៌​កម្ពុជា-ចិន កំពុង​តែ​បើក​ដំណើរ​ការ​សាង​សង់​លើ​ផ្ទៃ​ដី​សរុប​ប្រមាណ ៣,៣​ហិកតា ដោយ​បន្ទាប់​ពី​សាងសង់​រួច​ ឧទ្យាន​នេះ​នឹង​ក្លាយ​ទៅ​ជា​បណ្ដុំ​នៃ​តំបន់​ទេសចរណ៍​បែប​វប្បធម៌​ ដោយ​រួម​មាន រោង​មហោស្រពញញឹម​អង្គរ ចំនួន​១ ៥០០​កៅអី, សារមន្ទីរ Zhou Daguan, មជ្ឈមណ្ឌល​ វប្បធម៌​សម័យ​ចេនឡា, មជ្ឈមណ្ឌល​ផ្លាស់ប្តូរ​វប្បធម៌​កម្ពុជា-ចិន, មជ្ឈមណ្ឌល​ពិព័រណ៍​ផលិតផល​វប្បធម៌​ និង​ភោជនីយដ្ឋាន​ជា​ដើម។

លោក​ ង៉ូវ សេងកាក់​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀម​រៀប​បាន​អោយ​ដឹង​ថា ឧទ្យាន​ច្នៃ​ប្រឌិត​វប្បធម៌​កម្ពុជា-ចិន នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ផ្នែក​វប្បធម៌​កម្ពុជា-ចិន​កាន​តែ​រឹងមាំ ជា​ពិសេស​នឹង​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ចិន​ឲ្យ​មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន​បន្ថែម​ទៀព្រោះ​បច្ចុប្បន្ន​នេះ ចិន​គឺ​ជា​ទីផ្សារ​ទេសចរណ៍​ដ៏​សំខាន់​របស់​កម្ពុជា។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​AKP​កាល​ពី​ថ្ងៃ​ទី២៦ ខែ​មករា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ៕

សង្ខេប​អត្ថបទ​ដោយ៖ ជួប​ ស្រីរ័ត្ន

X
5s