សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​កម្ពុជា​សំខាន់ៗ​ប្រចាំ​សប្តាស៍​



ថ្ងៃ​នេះ​ Bizkhmer សូម​លើក​យក​នូវ​ការ​សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​កម្ពុជា​សំខាន់ៗ​ចំនួន​៦ ពី​ស្ថាប័ន​ល្បីៗ​និង​គួរ​ឲ្យ​ទុក​ចិត្ត​ចំនួន​៤ គឺ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ កាសែត​រស្មី​កម្ពុជា កាសែត​កោះ​សន្តិភាព និង​សាព័ត៌មាន​ Sabay News ជូន​លោក​អ្នក ក្នុង​គោល​បំណង​ផ្ដល់​ចំណេះ​ដឹង ព្រម​ទាំង​ដើម្បី​ជួយ​ជា​ជំនួយ​ក្នុង​ការ​សម្រេច​ចិត្ត​នានា​ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់​លោក​អ្នក។

យោង​តាម​កាសែត កោះ​សន្តិភាព​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩ ស្ដី​អំពីកម្ពុជា​នឹង​ធ្វើ​ពិពិធ​កម្ម​ដើម្បី​រក្សា​ទីផ្សារ​អង្ករ ខណៈ​EU​ដាក់​ពន្ធ​3​ឆ្នាំ៖ ក្នុង​ពេល​ដែល​សហគមន៍​អឺរ៉ុប​បាន​ដាក់​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា បាន​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ឈ្មួញ​នាំ​ចូល ហើយនឹង​ប៉ះពាល់​ដល់​កសិករ​ផ្ទាល់​តែ​ម្ដង ។ ដើម្បី​រក្សា​ទីផ្សារ​នេះ​ឲ្យ​នៅ​តែ​មាន​ភាពល្អ​ប្រសើរ​ដដែល ក៏​ដូច​ជា​ពង្រីក​ទីផ្សារ​បន្ថែម​ទៀត កម្ពុជា​នឹង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ដោយ​ងាក​ទៅ​រក​ទីផ្សារ​ថ្មី​ៗ​ក្រៅ​អឺរ៉ុប ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ​ឡែក​សម្រាប់​កាសែត ភ្នំពេញ​ប៉ុស្ដិ៍​ កាល​ពី​ថ្ងៃ​ទី២៥ ខែ​មករា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​បាន​ចេញ​ផ្សាយ​អំពី សហព័ន្ធ​ស្រូវ​អង្ករ​ នឹង​ព្យាយាម​តវ៉ា​ទៅ​អន្តរជាតិ​ករណី​អង្ករ​កម្ពុជា៖ ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ បាន​ចាត់​ទុក​​ការ​យក​ពន្ធ​លើ​ការ​នាំចូល​អង្ករ​​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​​ថា មាន​លក្ខណៈ​ឆាប់​រហ័ស​ពេក ​ខណៈ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ​ត្រូវ​ការ​ពេល​​បន្ថែម​ទៀត​ក្នុង​ការ​ពង្រឹង​ខ្លួន ​ដើម្បី​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួត​ប្រជែង ​ដោ​យ​ពឹង​ផ្អែក​លើ​ការ​អនុ​គ្រោះ​ពន្ធ​។ ​នេះ​បើ​យោង​តាម​សេចក្តី​​ថ្លែង​ការណ៍​របស់​ខ្លួន​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

តាម​រយៈ​ប្រភព​ខាង​លើ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​ស្ដី​អំពី ពន្ធដារ​បង្ហាញ​ពី​នីតិវិធី​លម្អិត ក្នុង​ការ​ដាក់​ពាក្យ​សុំ​​ការ​លើកលែង​ពន្ធ៖ អគ្គ​នាយកដ្ឋាន​ពន្ធដារ​បាន​​បង្ហាញ​ពី​​នីតិ​វិធី​លម្អិត​សម្រាប់​សហគ្រាស​ធុនតូច​ និង​មធ្យម​ (SME​) ​ក្នុង​​ការ​​ដាក់​ពាក្យ​ស្នើសុំ​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធដារ​ពី​រដ្ឋាភិបាល​។ ​នេះ​បើ​​​​តាម​សេចក្តី​ប្រកាស​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​។ យោង​តាម​សេចក្តី​ណែនាំ​ស្តីពី​ការ​អនុវត្ត​អនុក្រឹត្យ​ស្តីពី​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់ ​SME ​ក្នុង​វិស័យ​អាទិភាព​ ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ បាន​បែង​​​ចែក​លក្ខខណ្ឌ​ជា​ ២ គឺទី​១​ សម្រាប់​​​សហគ្រាស​ដែល​ស្នើ​សុំ​លើក​លែង​​​ពន្ធ​លើ​ប្រាក់​ចំណូល ​ប្រាក់​រំដោះ​ពន្ធ​​លើ​ប្រាក់​ចំណូល ​និង​ពន្ធ​អប្បបរមា ​និង​ទី​២ ​ចំពោះ​សហគ្រាស​ដែល​ស្នើ​​សុំ​លើក​ទឹក​ចិត្ត​សម្រាប់​ចំណាយ​ដែល​អាច​កាត់​កង​បាន​។ សូម​ចុច​ទីនេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

សម្រាប់​កាសែត​រស្មី​កម្ពុជាឯណោះ​វិញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​ស្ដី​អំពី៖ អាមេរិក​សន្យា​កៀងគរ​ធុរជន​អាមេរិក​កាន់តែច្រើនឲ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា៖ នៅក្នុង​ជំនួប​ការងារ​កាលពី​កន្លងទៅនេះ​នៅ​ទីស្តីការ ក្រសួង​ពាណិជ្ជកម្ម ភាគី​សហរដ្ឋ​អាម៉េរិក​បាន​សន្យា​នឹង​ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​របស់​ក​ម្ពុ​ជា​ទៅកាន់​តំបន់​របស់ខ្លួន ដើម្បី​កៀងគរ​ធុរជន​អាមេរិក​ឱ្យ​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​នៅក្នុង​ប្រទេស​កម្ពុជា សំដៅ​ចូលរួម​អភិវឌ្ឍន៍​កំណើនសេដ្ឋកិច្ច និង​កាត់ បន្ថយ​ភាពក្រីក្រ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។​ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

តាម​ប្រភព​ដដែល​នេះ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទៃ​២៥ ខែ​មករា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​ស្ដី​អំពី សេដ្ឋកិច្ច​ឆ្នាំ​២០១៨​កើនឡើង​៧.៣​ភាគរយ​មាន​សញ្ញា​វិជ្ជមាន​ច្រើន​ធៀប​និង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ៖ យោងតាម​លទ្ធផល​បូក​សរុប​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្ហាញថា​កំណើនសេដ្ឋកិច្ច​បាន​កើនឡើង​៧.៣​ភាគរយ​នៅ​ដើមឆ្នាំ​២០១៩​នេះ​។​ កំណើន​នេះ​មាន​ផល​វិជ្ជមាន​ច្រើន​បើ​ធៀប​និង​លទ្ធផល​បូកសរុប​ឆ្នាំមុនៗ កាលពីពេល​កន្លងមក​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

សម្រាប់​ព័ត៌មាន​សេដ្ឋកិច្ច​ចុង​ក្រោយ​គឺ តាម​រយៈ​សាព័ត៌មាន​ Sabay News កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​ស្ដី​អំពី ជួបសម្ដេចម្សិលមិញ ប្រធានាធិបតីចិនសម្រេចផ្ដល់ឲ្យកម្ពុជា ៣យ៉ាងសំខាន់ៗបំផុត៖ ក្នុង​ជំនួប​ពិភាក្សា​រវាង​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតី​ចិន កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ឯក​ឧត្ដម​ប្រធានាធិបតី​ចិន​ បាន​មាន​ប្រសាសន៍​ថា នៅក្នុងឆ្នាំ២០១៩នេះ ចិននឹងបន្តនាំចូលអង្ករចំនួន៤០ម៉ឺនតោន ពីប្រទេសកម្ពុជា និង​ខិតខំ​ជំរុញ​ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លានៅឆ្នាំ ២០២៣ ក្នុង​នោះ​ចិន​នឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិន ទៅវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ប្រទេស​ចិន​នឹង​ផ្តល់ជំនួយឥតសំណងចំនួន ៤ពាន់លានយ័ន ស្មើ​នឹង​៦០០​លាន​ដុល្លារ សម្រាប់​រយៈពេល​៣ ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១៕ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដក​ស្រង់​ដោយ៖ ជួប ស្រីរ័ត្ន

X
5s