គម្រោង​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ-ព្រះ​សីហនុ នឹង​ដំណើរ​ការ​សាង​សង់នាពេល​​ឆាប់ៗ​នេះ ដោយ​គ្រោង​ចំណាយ​ទឹក​ប្រាក់​ជិត​២០០០​លាន​ដុល្លារ​



គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នឹងចាប់ដាក់ដំណើរការសាងសង់នាខែកុម្ភៈ ឬដើមខែមីនា នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ក្នុងកម្មវិធីបើកសន្និបាតបូកសរុបការងារសាធារណការ និង ដឹកជញ្ជូនឆ្នាំ ២០១៨ និង ទិសដៅការងារឆ្នាំ២០១៩។

ផ្លូវ​ល្បឿន​លឿន​នេះ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណជា ១៩០០លាន​ដុល្លារ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ក្រោម​រូបភាព​វិនិយោគ​សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។ គម្រោង​ផ្លូវ​ល្បឿនលឿន​នេះនឹងត្រូវ ឆ្លងកាត់ ​រាជធានី ​ខេត្តចំនួន៤ គឺមាន រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពី និង ខេត្ត​ព្រះសីហនុ ក្នុងនោះ​គឺ​ឆ្លងកាត់ ៦​ស្រុក ១​ខណ្ឌ ២​ក្រុង ៣១​ឃុំ/សង្កាត់ និង ​១១០​ភូមិ។

ផ្លូវ​ល្បៀនលឿន​នេះ ក្រាល​​បេតុង​កៅស៊ូ AC មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ (គិតរួម​ទាំង​ស្ពាន និង​លូ​ទាំងអស់) ហើយមាន​ទទឹង​សរុប ២៤,៥​ម៉ែត្រ ក្នុងនោះ​មាន​គន្លង​ផ្លូវ​រថយន្ត (២x៣,៧៥​ម៉ែត្រ) សងខាង ជាយផ្លូវ​កៅស៊ូ​២ (២x២,៥ម៉ែត្រ) សម្រាប់​ម៉ូតូ ជាយ​ផ្លូវ​ដីក្រហម ២(២x០,៧៥) សម្រាប់​ថ្មើរជើង និង​សួន​នៅ​អ័ក្ស​កណ្តាល​ទ្រូងផ្លូវ ៣​ម៉ែត្រ ព្រម​ទាំង​មាន​ស្ពាន ៨៩​កន្លែង។ នៅលើផ្លូវល្បឿនលឿននេះ ​មាន​កន្លែង​​ឈប់​សម្រាក​ចំនួន​៤​កន្លែង និង​ ស្ថានីយ​ប្រេង​ឥន្ធនៈ ៣​កន្លែង ហើយ​ក៏មាន​របង​អម​សងខាង​ផ្លូវនោះ​ដើម្បី​ការពារ​សត្វ​ពាហនៈ​ឆ្លងកាត់ផងដែរ ៕

ប្រភព៖ Popular
ដក​ស្រង់​ដោយ៖ ជួប ស្រីរ័ត្ន

X
5s