ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណេតលើទូរស័ព្ទស្មាតហ្វូននឹងកើនដល់៣ភាគ៤នៃចំនួនប្រជាជនសរុបត្រឹមឆ្នាំ ២០២៥
ប្រជាជនទូទាំងពិភពលោកប្រមាណ ៣ភាគ៤ (៧២,៦%) ដែលស្មើនឹងចំនួន ៣,៧ ពាន់លានអ្នក នឹងប្រើប្រាស់ទូរស័ព្ទដើម្បីប្រើប្រាស់អ៊ិនធឺណេត ខណៈមនុស្សប្រហែល ១,៣ ពាន់លានអ្នកនៅប្រើប្រាស់ទូរស័ព្ទនិងកុំព្យូទ័រ ដើម្បីប្រើប្រាស់អ៊ីនធឺណេតនៅឡើយ គិតត្រឹមឆ្នាំ ២០២៥ នេះបើយោងតាម មជ្ឈមណ្ឌលស្រាវជ្រាវការផ្សព្វផ្សាយសកល (World Advertising Research Center) ដែលបានប្រើប្រាស់ទិន្នន័យរបស់ GSMA។ ក្នុងនោះប្រជាជន ៦៩ លាននាក់នៅតែប្រើប្រាស់កុំព្យូទ័រដើម្បីប្រើប្រាស់អ៊ីនធឺណេត។
មជ្ឈមណ្ឌលស្រាវជ្រាវការផ្សព្វផ្សាយសកល (WARC) បានវាយតម្លៃផងដែរថា នាពេលបច្ចុប្បន្នមានមនុស្សប្រហែល ២ពាន់លាននាក់ដែលប្រើប្រាស់អ៊ីនធឺណេត តាមរយៈទូរស័ព្ទដៃ ដែលចំនួននេះស្មើនឹង ៥១ភាគរយនៃចំនួនអ្នកប្រើប្រាស់ទូរស័ព្ទទាំងអស់ ៣,៩ ពាន់លាននាក់។
កំណើននៃអ្នកប្រើប្រាស់ទូរសព្ទស្មាតហ្វូន ភាគច្រើនមាននៅក្នុងប្រទេសចិន ឥណ្ឌា ឥណ្ឌូនេស៊ី នីស៊ែរីយ៉ា និងប៉ាគីស្ថាន។ ប៉ុន្តែគួរឲ្យដឹងផងដែរថា មនុស្សប្រហែល ២,៤ ពាន់លាននាក់ដែលមិនទាន់មានទូរស័ព្ទប្រើប្រាស់ នេះបើយោងតាមរបាយការណ៍ខាងលើ។
តួលេខនេះបានបង្ហាញឲ្យឃើញនូវឱកាសដ៏ល្អសម្រាប់អាជីវកម្មដែលលក់ផលិតផលតាមប្រព័ន្ធអ៊ីនធឺណេត។
របាយការណ៍នេះក៏បានគូសបញ្ចាក់ផងដែរថា ប្រព័ន្ធបច្ចេកវិទ្យា 5G ដែលអាចនឹងដាក់ដំណើរការនាឆ្នាំនេះ នឹងបង្កលក្ខណៈងាយស្រួលនិងអនុញ្ញាតិឲ្យលោកអ្នកអាចប្រើប្រាស់ និងទាញយកកម្មវិធី ឬមើលវីដេអូ កាន់តែលឿននិងឆាប់រហ័ស។ ការផ្សព្វផ្សាយផលិតផលក៏អាចទៅដល់ដៃអ្នកប្រើប្រាស់កាន់តែលឿនថែមទៀតផង។
អ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនត្រូវបានគេព្យាករណ៍ថានឹងចំណាយពេលយ៉ាងហោចណាស់ ២២នាទីលើទូរស័ព្ទដៃរបស់ពួកគេជារៀងរាល់ថ្ងៃ ខណៈអ្នកប្រើប្រាស់កុំព្យូទ័រ ឬថេបប្លែត ប្រើប្រាស់ពេលតែប្រមាណ ១៩នាទីប៉ុណ្ណោះ ដែលធ្លាក់ចុះ ៩នាទីបើធៀបនឹងឆ្នាំ២០១៨៕
ដោយ៖ លង់ វណ្ណៈ