សហគ្រាសធុនតូច និងមធ្យមមានបំណងស្នើសុំការលើកទឹកចិត្តពីពន្ធដារ ត្រូវមានឯកសារអ្វីខ្លះ?
អនុលោមទៅតាមអនុក្រឹត្យស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព និងដើម្បីផ្តល់ភាពងាយស្រួលក្នុងការអនុវត្ត អគ្គនាយកដ្ឋានពន្ធដារ បានណែនាំដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាពដែលមានបំណងស្នើសុំការលើកទឹកចិត្តពន្ធដារ ត្រូវដាក់ពាក្យស្នើសុំមកកាន់អគ្គនាយកដ្ឋានពន្ធដារ។
ការដាក់ស្នើសុំការលើកទឹកចិត្តពន្ធដារនេះត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
១.ចំពោះសហគ្រាសដែលស្នើសុំលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា
- លក្ខន្តិកៈរបស់សហគ្រាស
- លិខិតអនុញ្ញាតប្រកបអាជីវកម្ម ឬវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម និងវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ រួមទាំងប័ណ្ណពន្ធប៉ាតង់
- ផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួច
- កិច្ចសន្យា ឬកិច្ចព្រមព្រៀងទិញទំនិញ ឬសេវាកម្ម
- កិច្ចសន្យាការងារ និងផែនការធនធានមនុស្ស
- កិច្ចសន្យាជួលទីតាំង ឬវិញ្ញាបនបត្របញ្ជាក់ការកាន់កាប់អចលនទ្រព្យដែលជាទីតាំងសម្រាប់ប្រកបអាជីវកម្មនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម។
២. ចំពោះសហគ្រាសដែលស្នើសុំការលើកទឹកចិត្តសម្រាប់ចំណាយដែលអាចកាត់កងបាន
- លក្ខន្តិកៈរបស់សហគ្រាស
- លិខិតអនុញ្ញាតប្រកបអាជីវកម្ម ឬវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម និងវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ រួមទាំងប័ណ្ណពន្ធប៉ាតង់
- ផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួច
- កិច្ចសន្យា ឬកិច្ចព្រមព្រៀងទិញទំនិញ ឬសេវាកម្ម
- កម្មវិធីបណ្តុះបណ្តាលដល់និយោជិត៕
អានអត្ថបទពាក់ព័ន្ធនៅទីនេះ៖ អ្វីដែលអ្នកគួរដឹង ពីការលើកទឹកចិត្តពន្ធដារដល់សហគ្រាសធុនតូច និងមធ្យមដោយក្រសួងសេដ្ឋកិច្ច?
ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
យោង៖ បញ្ជាក់ឯកសារចេញដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨