សេតវិមានបានធ្វើការលុបចោលជំនួបប្រជុំជាមួយចិនជុំវិញបញ្ហាជម្លោះពាណិជ្ជកម្ម
សេតវិមានបានបដិសេធគម្រោងជំនួបប្រជុំជជែកគ្នាអំពីបញ្ហាសង្រ្គាមពាណិជ្ជកម្មជាមួយនឹងសមភាគីចិនក្នុងសប្ដាហ៍នេះដោយសារតែការមិនស្រុះស្រួលព្រមព្រៀងគ្នារវាងភាគីតាំងពីរជុំវិញការពង្រឹងច្បាប់កម្មសិទ្ធបញ្ញា។
មន្រ្តីរបស់ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកដែលនឹងត្រូវបញ្ជូនទៅចូលរួមការជួបប្រជុំជាមួយនឹងអនុរដ្ឋមន្ត្រីពីររូបរបស់ប្រទេសចិនក្នុងសប្ដាហ៍នេះដើម្បីជជែកគ្នាដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្មមុនឱសានវាទថ្ងៃទី៣១ខែមីនា ប៉ុន្តែគួរឲ្យសោកស្ដាយជុំនួបប្រជុំនេះត្រូវបានលុបចោលទៅវិញ នេះបើយោងតាមប្រភពមួយបានប្រាប់ទៅកាន់ cnbc។
សេតវិមានបានប្រាប់ថា ក្រុមអ្នកពិភាក្សានៅតែមានការរៀបចំក្នុងការជជែកជាន់ខ្ពស់ជាមួយនឹង ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He នៅចុងខែនេះ។
គួរបញ្ជាក់ផងដែរថា ប្រសិនបើប្រទេសមហាសេដ្ឋកិច្ចទាំងពីរនេះមិនអាចធ្វើការចរចាដោះស្រាយបញ្ហានេះបានទេឲ្យបានមុនថ្ងៃទី ៣១ខែមិនាទេ នោះលោកដូណាលត្រាំ នឹងធ្វើការដាក់ពន្ធបន្ថែមទៅលើផលិតផលរបស់ប្រទេសចិន។
កាលពីកិច្ចប្រជុំ G២០ ក្នុងប្រទេសអាសង់ទីន កាលពីខែធ្នូកន្លងទៅ លោកដូណាលត្រាំបានដាក់សានវាទរយៈពេល ៩០ថ្ងៃដើម្បីធ្វើការចរចាដោះស្រាយបញ្ហាពាណិជ្ជកម្មដ៏ចម្រូងចម្រាស់របស់មហាយក្សសេដ្ឋកិច្ចទាំងពីរនេះ។
អ្នកប្រឹក្សាសេដ្ឋកិច្ចនៅសេតវិមាន លោក Larry Kudlow បានបដិសេធថាមិនមានការជួបប្រជុំផ្លូវការណាមួយត្រូវបានលុបចោលនោះទេ ហើយលោកបានបន្តទៀតថាមិនទាន់មានការប្រជុំបន្ទាន់ណាមួយត្រូវបានរៀបចំនៅឡើយ ក្រៅពីការទស្សនៈកិច្ចរបស់លោក Liu He នាសប្ដាហ៍ក្រោយ។
ប៉ុន្តែតាមរយៈប្រភពមួយបានបង្ហើបឲ្យដឹងថាការជជែកនោះនឹងធ្វើឡើងតាមរយៈទូរស័ព្ទវិញ។
គួរឲ្យដឹងផងដែរថា លោកដូណាលត្រាំបានដាក់ពន្ធ១០%ទៅលើតម្លៃទំនិញ ២០០ ពាន់លានដុល្លារ (ប៊ីលាន)របស់ចិនរួចមកហើយកាលពីខែកញ្ញា ហើយបានគម្រាមកាលពីចុងឆ្នាំ ២០១៨ ថានឹងធ្វើការយកពន្ធ ២៥%បន្ថែមទៀត ប៉ុន្តែបានពន្យាការយកពន្ធនោះរយៈពេល ៩០ថ្ងៃ ដែលថ្ងៃកំណត់គឺត្រឹមថ្ងៃទី៣១ ខែមីនា៕
ដោយ៖ លង់ វណ្ណៈ