ទំហំទុនវិនិយោគថៃនៅកម្ពុជាកើនឡើងជាង៦៦លានដុល្លារ
ប្រភពពីអគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃនៅកម្ពុជាបានឲ្យដឹងថា ទំហំទុនវិនិយោគរបស់ថៃនៅកម្ពុជាបានកើនឡើងដល់ទៅជាង៦៦លានដុល្លារអាមេរិក ដោយគម្រោងវិនិយោគទាំងនោះផ្ដោតទៅលើ ភោជនីយដ្ឋាន បរិក្ខារម៉ាស៊ីនត្រជាក់ គ្រឿងអេឡិចត្រូនិក សំណង់និងរោងចក្រកែច្នៃផ្លែឈើជាដើម។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២២ ខែមករាឆ្នាំនេះ លោក ជីរ៉ាវុឍ សុវណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្មស្ថានឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ក្រុមពាណិជ្ជករថៃ កំពុងសម្លឹងមើលឱកាសបង្កើនគម្រោងវិនិយោគដោយផ្ទាល់នៅកម្ពុជាបន្ថែមទៀត។ លោកបន្តថា រយៈពេល ១១ខែ ក្នុងឆ្នាំ២០១៨កន្លងទៅនេះ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសថៃនិងកម្ពុជា មានទឹកប្រាក់សរុបប្រមាណ ៨ ០០០ លានដុល្លារអាមេរិក ខណៈដែលរាជរដ្ឋាភិបាលប្រទេសទាំងពីរ បានកំណត់ផែនការជំរុញគោលដៅពាណិជ្ជកម្មទ្វេភាគី ឲ្យបាន១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២០។
លោកបន្តថា ផលិតផលពីកម្ពុជាដែលនាំចេញទៅថៃ ភាគច្រើនជាទំនិញកសិផល មានដូចជា ពោត ដំឡូងមី សណ្ដែកជាដើម។ ចំណែកថៃនាំចូលមកកម្ពុជាវិញ មានដូចជា គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិក ប្រេងឥន្ទនៈ សម្ភារៈសំណង់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ជាដើម៕
ប្រភព៖ ព័ត៌មានជាតិ AKP
ដោយ៖ ងិន សុផល
ដកស្រង់ដោយ៖ ជួប ស្រីរ័ត្ន