​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​​



មហាសេដ្ឋី​លំដាប់​កំពូល​​ក្នុង​លោក​ និង​ជា​​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft ​​លោក​ Bill Gates ​បាន​ផ្ដល់​អនុសាសន៍​ដ៏​មាន​អត្ថន័យ​​​នៃ​លក្ខណៈ​ទាំង​ ៥​ដែល​បង្ហាញ​​ពី​ភាព​ជោគជ័យ​​ដោយ​យោង​តាម​បទ​ពិសោធន៍​ជីវិត​ជាក់​ស្ដែង​​​របស់​លោក។ ​ចំណុច​ទាំង​ ៥​នោះ​គឺ៖

១) ​ត្រូវ​ដឹង​​ពី​របៀប​និយាយ​​ថា​ "ទេ" ​​

ជា​ដំបូន្មាន​ដែល​លោក​ទទួល​បាន​ពី​មហាសេដ្ឋី​ Warren Buffett ​​ដែល​​​​បង្កប់​អត្ថន័យ​​ដ៏​ជ្រាលជ្រៅ​សម្រាប់​មនុស្ស​គ្រប់​គ្នា​មិន​ថា​លោក​អ្នក​ជា​​អ្នក​មាន​​ ឬ​ជោគជ័យ​ មិន​ជោគជ័យ​ក៏​ដោយ។ ​​​ក្នុង​ពិភពលោក​ដ៏​មមាញឹក​នេះ​ ​ការ​​ដឹង​ពី​ពេល​វេលា​ និង​របៀប​នៃ​ការ​និយាយ​ពាក្យ​​ថា​ ទេ ​ចំពោះ​គម្រោង​ ការ​អញ្ជើញ​ ឬ​សំណើ​របស់​អ្នក​ណា​ម្នាក់​​​ ​ប្រហែល​ជា​ជំនាញ​ដ៏​សំខាន់​បំផុត​ដែល​អ្នក​​ត្រូវ​ការ​ជា​ចាំ​បាច់​។ ​វា​នឹង​ធ្វើ​ឱ្យ​​អ្នក​ចេះ​ស្វែង​យល់​ពី​អ្វី​ដែល​សំខាន់​ពិត​ប្រាកដ​ និង​ផ្ដោត​ទៅ​លើ​វា​។ ​

២) ​ទទួល​យក​ការ​រិះគន់​ ​​

លោក​ Bill Gates ​បាន​ពន្យល់​នៅ​ក្នុង​សៀវភៅ​របស់​លោក​ដែល​​មាន​ចំណង​ជើង​ថា​ Business @ the Speed of Thought ​ថា​ ៖ «ត្រូវ​ពេញ​ចិត្ត​នឹង​​ព័ត៌មាន​អាក្រក់​ដើម្បី​រៀន​ពី​ចំណុច​ដែល​អ្នក​ត្រូវ​ការ​កែ​លម្អ​បំផុត»។ ​ប្រសិន​បើ​លោក​អ្នក​មិន​​ពេញ​ចិត្ត​​នឹង​ការ​រិះគន់​​​ ឬ​មិន​ធ្លាប់​ទទួល​បាន​ការ​ទិតៀន​កែ​លម្អ​ពី​នរណា​ម្នាក់​ទេ​នោះ ​ប្រហែល​ជា​ដំណើរ​ការ​នៃ​ការ​រៀន​សូត្រ​ និង​ដំណើរ​ឆ្ពោះ​ទៅ​មុខ​របស់​អ្នក​ នឹង​ប្រព្រឹត្តិ​ទៅ​យឺត​ជា​មិន​ខាន។ ​សម្រាប់​​លោក​ Bill Gates ការ​រិះគន់​គឺ​ពិត​ជា​ចាំបាច់​ណាស់​ចំពោះ​ភាព​ជោគជ័យ​។ ជា​ការ​ពិត​ ការ​រិះគន់​ខ្លះ​គឺ​គ្មាន​ប្រយោជន៍​នោះ​ទេ​ ​ដូច្នេះ​លោក​អ្នក​ត្រូវ​តែ​ប្រើ​ការ​វិនិច្ឆ័យ​​ដើម្បី​ខ្លួន​អ្នក​ពី​ចំណុច​ខុស​គ្នា​នៃ​ពាក្យ​រិះគន់​ទាំង​នោះ។

៣) មាន​គំនិត​សុទិដ្ឋិនិយម​

​អាច​និយាយ​ថា​​ វា​ជា​ការ​លំបាក​​​ដែរ​​ដើម្បី​​មាន​គំនិត​សុទិដ្ឋិនិយម​ នៅ​ក្នុង​ពិភពលោក​មួយ​ដែល​​មាន​​រឿង​​រ៉ាវ​ជា​ច្រើន​​កំពុង​ដើរ​ខុស​ប្រក្រតី។ ​ប៉ុន្តែ​ប្រសិន​បើ​គ្មាន​​ពាក្យ​ថា​ «សុទិដ្ឋិនិយម» ​ទេ​ ប្រហែល​​គ្មាន​នរណា​ម្នាក់​ចាប់​ផ្ដើម​បង្កើត​ក្រុមហ៊ុន​ ​ធ្វើ​ការ​វិនិយោគ​ ឬ​សាកល្បង​បង្កើត​ផលិតផល​ថ្មី​ៗ​នោះ​ទេ។ សម្រាប់​មហាសេដ្ឋី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ជាង​ ៨០​ពាន់​លាន​ដុល្លារ​ លោក​យល់​​បាន​ផ្ដល់​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​គំនិត​សុទិដ្ឋិនិយម​ ខណៈ​ដែល​រូប​លោក​ផ្ទាល់​បាន​​ និង​កំពុង​ចូលរួម​​ដោះ​ស្រាយបញ្ហា​ជា​ច្រើន​​ដូច ជា​បញ្ហា​ជួញ​ដូរ​មនុស្ស​ ​អត់​ឃ្លាន​ និង​ភាព​ក្រីក្រ។

៤) ​ត្រូវ​​មាន​ឆន្ទៈ​ចំពោះ​ភាព​បរាជ័យ

លោក​ Bill Gates​ មាន​ទស្សនៈ​ថា​ ​ប្រហែល​ជា​មនុស្ស​ពេញ​ចិត្ត​ភាព​ជោគជ័យ​ខ្លាំង​ជាង​បរាជ័យ​ ប៉ុន្តែ​តាម​ពិត​នោះ​​បរាជ័យ​​គឺ​ជា​គ្រូ​​ដែល​បាន​​បង្រៀន​​​លោក​អ្នក​ច្រើន​បំផុត​​ និង​ផ្ដល់​ឱកាស​ដ៏​ល្អ​បំផុត​ដើម្បី​ធ្វើ​ដំណើរ​​ឆ្ពោះ​ទៅ​មុខ​បន្ត​ទៀត​។ ដូច្នេះ​​អ្នក​ត្រូវ​គិត​ពី​​ភាព​ជោគជ័យ ​​​ប៉ុន្តែ​​ក៏​មិន​ត្រូវ​​បំភ្លេច​បរាជ័យ​ចោល​នោះ​ដែរ។

៥) សមត្ថភាព​​ផ្ដោត​ទៅ​លើ​គោលដៅ​មួយ​ និង​​រក្សា​​ជំហរ​សម្រេច​ឱ្យ​បាន​

លោក​ Bill Gates ​បាន​សរសេរ​ថា​ ៖«លោក​អ្នក​អាច​សម្រេច​​​ការ​វិវឌ្ឍ​ (progress) ​ដ៏​អស្ចារ្យ​ ប្រសិន​បើ​លោក​អ្នក​កំណត់​គោលដៅ​មួយ​ច្បាស់​លាស់​ ហើយ​ស្វែង​រក​រង្វាស់​​មួយ​ដែល​​​ជំរុញ​​ឆន្ទៈ​ និង​វឌ្ឍនភាព​​ឆ្ពោះ​​ទៅ​កាន់​គោលដៅ​នោះ»៕ ​

ដោយ៖ រតនៈ​វិភូ​​

X
5s