កាលមិនទាន់ស្លាប់ Steve Jobs បាន​ផ្តាំ​ថា ​ចំណុច​​មួយ​នេះ​ហើយ​​​ដែល​ធ្វើ​ឲ្យ​​មនុស្ស​ម្នាក់​ជោគជ័យ​ខុសពី​​អ្នក​ផ្សេង​ទៀត​



នៅ​ក្នុង​បទសម្ភាសន៍​​មួយ​កាល​ពី​ឆ្នាំ ១៩៩៥ អ្នក​សម្ភាសន៍​លោក​ Daniel Morrow បាន​​ចោទសួរ​ទៅ​លោក​ Steve Jobs នូវ​សំណួរ​​មួយ​ដូចនេះ​ថា "តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​​យុវជន​សម័យ​ថ្មី​​ជោគជ័យ​? អតីត​ស្ថាបនិក​​ក្រុមហ៊ុន Apple រូប​នេះ​បាន​ថ្លែង​ដូច្នេះ​ថា៖« ខ្ញុំ​ជឿជាក់​ថា មាន​ចំណុច​ខុសគ្នា​រវាង​​​បុគ្គល​បរាជ័យ និង​បុគ្គល​បរាជ័យ គឺ​ទាក់ទង​ទៅ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ព្យាយាម​មិន​បោះបង់»។

 

ការខិតខំ​ប្រឹងប្រែង និង​ការ​តស៊ូ​ព្យាយាម​
តើ​អ្នក​មាន​ធ្លាប់​ឃើញ​មនុស្ស​ដែល​ខិតខំ​ប្រឹងប្រែង និង​មាន​ការ​​ប្ដេជ្ញាចិត្ត​ខ្ពស់​​តស៊ូ​ទៅ​នឹង​ឆាក​ជីវិត​របស់​ពួកគេ​ដែរ​ឬទេ? បើ​មាន ហេតុ​អ្វី​ម្នាក់​នោះ​អាច​ជា​អ្នក​ដែរ​ឬទេ? ចម្លើយ​​​អាច​ជា​អ្នក ហើយ​អ្នក​ក៏​ជា​មនុស្ស​ម្នាក់​ដូច​លោក Steve Jobs ដែរ។

 

ថ្វីត្បិត​តែ​លោក​បាន​ហែល​ឆ្លង​​ការ​លំបាក​ ឧបសគ្គ​​ធំៗ​រាប់​មិន​អស់​ ឬ​ការ​បាក់ទឹកចិត្ត​​ប្រយុទ្ធ​ប្រឆាំង​​ទៅ​នឹង​​ជំងឺ​មហារីក​​​ដ៏​រ៉ាំរ៉ៃ​​ក៏ដោយ​ ក៏​លោក Jobs យល់​ថា​​ ការ​តស៊ូ​ខិតខំ​ប្រឹងប្រែង​ជា​មួយ​នឹង​គោលដៅ​ច្បាស់លាស់​​​​​នឹង​នាំ​​ទៅ​រក​ការ​សម្រេច​បាន​លទ្ធផល​នៅ​ទីបំផុត។

 

កាល​នៅ​រស់រាន​មាន​ជីវិត​លោក Steve Jobs ធ្លាប់​លើកឡើង​ដូច្នេះ​ថា៖«ប្រសិន​បើ​អ្នក​មាន​គ្រួសារ ហើយ​​រាល់​ថ្ងៃ​អ្នក​ក្រោក​ឡើង​​ពី​ព្រឹកព្រលឹម​​ប្រញាប់​រួសរាន់​ទៅ​ធ្វើការ ខ្ញុំ​មិន​អាច​ស្រមៃ​ឃើញ​ថា អ្នក​អាច​បែងចែក​គ្រប់គ្រង​ជីវិត​ និង​ការងារ​របស់​អ្នក​​ដោយ​របៀបណា​នោះ​ទេ។ ប៉ុន្តែ​សម្រាប់​​ខ្ញុំ​​ ខ្ញុំ​ប្រាកដ​​ខ្លួនឯង​​ថា ខ្ញុំ​​អាច​ធ្វើ​បាន ប៉ុន្តែ​វា​អាក្រក់​មើល​បន្តិច។ អ្នក​គិត​ទៅ​មើល​ខ្ញុំ​ធ្វើ​ការ​ច្រើន​ជាង ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ៧ ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។ ដរាបណា​អ្នក​មិន​មាន​​មហិច្ឆតា​ទេ​នោះ អ្នក​ពិត​ជា​មិន​អាច​តស៊ូ​នឹង​ជីវិត​ការងារ​បែប​នេះ​បាន​ទេ។ អ្នក​ច្បាស់​ជា​បោះបង់​ចោល​ហើយ»

 

លោក​បាន​បន្ថែម​ថា នៅ​ខណៈ​ពេល​ដែល​អ្នក​បាន​ឲ្យ​តម្លៃ​ដល់​​ខ្លួន​ឯង និង​គ្រួសារ​ជា​រឿង​អាទិភាព និង​សុខភាព​របស់​​អ្នក ការ​ចង់​​ច្បាម​យក​ភាព​ជោគជ័យ​មក​​អោបក្រសោប​​នៅ​ក្នុង​ដៃ គឺ​វា​​​នៅ​តែ​​​ត្រូវ​ការ​ការ​​ខិតខំ​ប្រឹងប្រែង និង​​ត្រូវ​ធ្វើ​ការ​ជា​ច្រើន​ម៉ោង។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា អ្នក​មិន​អាច​ធ្វើ​​ការងារ​នោះ​​ដោយ​គ្មាន​មហិច្ឆតា ឬ​ចំណង់​ចំណូល​ចិត្ត​នោះ​ឡើយ។ វា​ជា​រឿង​សំខាន់​ដែល​​ជួយ​ញាំង​ឲ្យ​ការ​តស៊ូ​របស់​អ្នក​បំផុស​ឲ្យ​មាន​គំនិត​ល្អៗ ដោះស្រាយ​បញ្ហា​ធំៗ និង​ធ្វើ​ឲ្យ​ពិភពលោក​ក្លាយ​ជា​ទីកន្លែង​ល្អ​ប្រសើរ​ជាង​មុន។ មាន​មហិច្ឆតា គឺ​ជា​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​ចំណែក​ភាព​ជោគជ័យ​របស់​អ្នក។

 

ការ​តស៊ូ​ប្រឹងប្រែង​មិន​អាច​ធ្វើ​​​ឡើង​ត្រឹមតែ​​ម្នាក់​ឯង​នោះ​ឡើយ
សម្រាប់​លោក Jobes លោក​បាន​ដឹង​​ពី​របៀប​ធ្វើ​ការ​មួយ​ដែល​លោក​អាច​ចែករំលែក​ការ​តស៊ូ​ប្រឹងប្រែង​នេះ​ទៅ​កាន់​មនុស្ស​ផ្សេង​ទៀត​ដែល​ជា​បុគ្គលិក​របស់​លោក​​ឲ្យ​ជួយ​​ក្រុមហ៊ុន Apple ក្លាយ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នៅ​លើ​ពិភពលោក។ លោក​បាន​ធ្លាប់​​ថ្លែង​កាល​នៅ​រស់រាន​​ថា Apple រួមចំណែក​ដល់​ពិភពលោក​ដោយ​បង្កើត​​មធ្យោបាយ​ថ្មីៗ​ជួយ​ឲ្យ​មនុស្ស​ជាតិ​កាន់តែ​មាន​ភាព​ជឿនលឿន​ជាង​មុន។

 

កាល​​នៅ​អាយុ ៤៤ ឆ្នាំ​​លោក​​ធ្លាប់​បាន​ធ្វើ​បទសម្ភាសន៍​មួយ​ទៅ​កាន់​សារព័ត៌មាន Time ​ដោយ​បាន​ថ្លែង​ដូច្នេះ​ថា៖«ខ្ញុំ​បាន​​ស្តាប់​លោក Bill Gates ​និយាយ​កាល​ពី ៦​ខែ​មុន។ កាល​នោះ Bill Gatesនិយាយ​ថា លោក​ធ្វើ​ការ​ខ្លាំង​ណាស់​កាល​ពី​ អាយុ ២០​ឆ្នាំ ហើយ​​ខ្ញុំ​​បាន​យល់​ពី​អ្វី​ដែល​លោក Bill Gates ​និយាយ ពី​ព្រោះ​កាល​ពី​​អាយុ ២០​ឆ្នាំ ខ្ញុំ​ក៏​ខិតខំ​ប្រឹងប្រែង​​ធ្វើ​ការ​ខ្លាំង​​ដូច​លោក​​ដែរ។ អ្នក​សាក​គិត​ទៅ ធ្វើ​ការ ៧​ថ្ងៃ​មួយ​សប្តាហ៍ ហើយ​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​រីករាយ​ការងារ​​ទាំង​នោះ ពី​ព្រោះ​ខ្ញុំ​អាច​ធ្វើ​វា​បាន»។

 

យ៉ាងណាមិញ​លោក​បាន​បញ្ជាក់​ថា អ្នក​មិន​ចាំបាច់​ប្រឹងប្រែង​រហូត​គ្មាន​ទី​បញ្ចប់​នោះ​ឡើយ ហើយ​អ្នក​ក៏​មិន​ចាំបាច់​ធ្វើ​​វា​រហូត​ដែរ ពោល​គឺ​អ្នក​គ្រាន់តែ​បែងចែក​ឲ្យ​ច្បាស់​ថា តើ​ការងារ​ណា​ខ្លះ​គឺ​ជា​រឿង​អាទិភាព​សម្រាប់​អ្នក?​ ហើយ​​អ្នក​​អាច​​​ធ្វើ​​ការងារ​នោះ​ជាមួយ​មនុស្ស​ផ្សេង​ទៀត​បាន​កាន់តែ​ច្រើន។ ​​​

 

នៅ​​ឆ្នាំ​ចុងក្រោយ​មុន​ពេល​លោក​លាចាក​ពី​ភពផែន​ដី​នេះ លោក Jobs បាន​យល់​ច្បាស់​ពី​បរិបទ​នៃ​ការ​ជ្រើសរើស​មនុស្ស​មក​ធ្វើ​ជា​ដៃគូ​ការងារ។ លោក​ថា វា​មិនមែន​ជា​ជម្រើស​ដ៏​​ត្រឹមត្រូវ​នោះ​ឡើយ​ក្នុង​ការ​​ជួល​មនុស្ស​ឆ្លាត​មក​ធ្វើ​ការ ហើយ​ប្រាប់​ពួកគេ​នូវ​ការងារ​ដែល​ត្រូវ​ធ្វើ។ យើង​​ត្រូវ​ជួល​មនុស្ស​​ឆ្លាត​មក​​ធ្វើការ​ដើម្បី​ឲ្យ​ពួកគេ​ប្រាប់​យើង​ថា តើ​យើង​គួរ​ធ្វើ​អ្វី​វិញ?

 

មេរៀន​នេះ​នូវ​តែ​ជា​មេរៀន​ដ៏​មាន​តម្លៃ​សម្រាប់​ឲ្យ​​ថ្នាក់​ដឹកនាំ​ស្ថាប័ន​​នានា​ទាំង​ក្រុមហ៊ុន​ឯង​ជន និង​រដ្ឋ​មិន​ថា ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​បច្ចេកវិទ្យា ធនាគារ ឬ​មន្ទីរពេទ្យ​​នោះ​ទេ​។ អ្នក​ត្រូវ​ធ្វើ​ឲ្យ​បុគ្គលិក​របស់​អ្នក​ជា​បុគ្គលិក​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ និង​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា មាន​ភាព​កក់ក្តៅ​ និង​មហិច្ឆតា​​ដែល​នឹង​អាច​រួមចំណែក​ដល់​ភាព​ជោគជ័យ​របស់​ស្ថាប័ន​ទាំង​មូល៕

 

ប្រភព៖ Inc

X
5s