សេដ្ឋកិច្ចរបសចិនកើនប្រមាណ ៦,៦% ក្នុងឆ្នាំ ២០១៨ នេះជាចំនួនដ៏ទាបក្នុងរយៈពេល២៨ឆ្នាំកន្លងមកនេះ​



ប្រទេសចិនបានប្រកាសនាថ្ងៃចន្ទនេះថាថា កំណើនសេដ្ឋកិច្ចរបស់ខ្លួនមានកំណើន ៦,៦ភាគរយក្នុងឆ្នាំ​ ២០១៨ ដែលនេះជាតួលេខដែលទាបបំផុតគិតចាប់ពីឆ្នាំ ១៩៩០មក។

តួលេខនេះដូចគ្នាទៅនឹងការបោះឆ្នោតព្យាករណ៍របស់ Reuter កាលពីពេលកន្លងទោ ដែលបានធ្វើការទស្សទាយថាចំណូលផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនស្ដិតក្នុងតួលេខនេះ ដែលធ្លាក់ចុះពី ៦,៨% ក្នុងឆ្នាំ ២០១៧។

ជាមួយគ្នានេះដែរ កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទី៤ ដូចគ្នាទៅនឹងការទស្សទាយរបស់ Reuter ដោយចំនួននេះធ្លាក់ចុះពី ៦,៥% ក្នងត្រីមាសទី៣ ក្នុងឆ្នាំ២០១៨។

អ្នកវិភាគជាច្រើនព្យាករណ៍ថាចិនទំនងជាជួបស្ថានភាពពិបាកមុននឹងសេដ្ឋកិច្ចរបស់ខ្លួនងើបឡើងវិញ ហើយពួកគេមើលឃើញទៀតថាសេដ្ឋកិច្ចរបស់មហាយក្សនេះនឹងមានកំណើនត្រឹមតែ ៦,៣ភាគរយប៉ណ្ណោះក្នុងឆ្នាំនេះ។

បើតាមការិយាល័យស្ថិតិរបស់ប្រទេសចិន ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់មហាយក្សមួយនេះគឺដោយសារតែមូលហេតុមួយចំនួនដូចជា ជម្លោះពាណិជ្ជកម្មជាមួយអាមេរិកជាដើម ប៉ុន្តែគេបានអះអាងថាបញ្ហានេះអាចគ្រប់គ្រងបាន។

គួរបញ្ចាក់ផងដែរ ប៉េកាំងនិងវ៉ាស៊ិនតុនកំពុងតែធ្វើការចចារដោះស្រាយបញ្ហាជម្លោះមួយនេះ។ អនុប្រធានផ្នែកពាណិជ្ជកម្មលោក Liu He នឹងធ្វើទស្សនកិច្ចទៅកាន់វ៉ាស៊ិនតុន នៅថ្ងៃទី ៣០ មករាខាងមុខ រយៈពេល២ថ្ងៃដើម្បីជជែកចរចារជាមួយនឹងអ្នកតំណាងរបស់អាមេរិកលោក Robert Lighthizer អំពីបញ្ហាជម្លោះត្រាំត្រែងមួយនេះ៕

ដោយ៖ លង់ វណ្ណៈ

X
5s