ការស្រាវជ្រាវ៖ ជំនាញលក់ គឺជាមុខរបរដ៏សំខាន់បំផុតមួយនៅពីក្រោយភាពជោគជ័យហិរញ្ញវត្ថុរបស់អ្នកមាន
នៅលើពិភពលោកនេះមានការងារច្រើនណាស់ដែលមនុស្សសាមញ្ញកំពុងធ្វើដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព។ ចំណែកងាកមកមើលក្រុមមហាសេដ្ឋី និងមហាសេដ្ឋីកំពូលពិភពលោកវិញ ការងារទី១ដែលក្រុមបុគ្គលទាំងនេះមិនអាចខ្វះបាននោះគឺ ការងារជាអ្នកលក់។
យោងតាមការស្រាវជ្រាវមួយរបស់សង្គមវិទូ និងជាប្រវត្តិវិទូអាល្លឺម៉ង់លោក Rainer Zitelmann ដែលបានបោះពុម្ពសៀវភៅរបស់លោក "The Wealth Elite” លោកបានរកឃើញថា ការងារផ្នែកលក់ ឬការចាប់ផ្តើមរកការងារធ្វើរបស់អ្នកមានតាំងពីក្មេងវ័យមកបានរួមចំណែកយ៉ាងសំខាន់ធ្វើឲ្យបុគ្គលទាំងនេះជោគជ័យនៅពេលបច្ចុប្បន្ន។
លោក Zitelmann បានធ្វើការសម្ភាសន៍ជាបន្តបន្ទាប់ទៅលើបុគ្គលល្បីៗជាច្រើនរូបដែលមានទ្រព្យសម្បត្តិទាបបំផុតចាប់ពី ១១ ដល់ ៣៤ លានដុល្លារឡើងទៅ រហូតដល់មហាសេដ្ឋីមួយចំនួនដែលមានទ្រព្យសម្បត្តិច្រើនជាង ៣ ពាន់លានដុល្លារ និងក្រុមមហាសេដ្ឋីដែលកសាងទ្រព្យសម្បត្តិចេញពីបាតដៃទទេ។
លោក Zitelmann បានថ្លែងដូច្នេះថា៖«នៅក្នុងចំណោមការស្រាវជ្រាវរបស់យើងទៅលើអ្នកមានកំពូលៗ ដែលយើងសម្ភាសន៍ទាំងនោះ ពួកគាត់បានចាត់ទុកថា មានការងារមួយដែលជាកត្តាសំខាន់ជាងគេបំផុតធ្វើឲ្យពួកគាត់ជោគជ័យ។ អ្នកមាន ២ នាក់ក្នុងចំណោម ៣នាក់បាននិយាយថា ទេពកោសល្យក្នុងការងារជាអ្នកលក់ ជាកត្តាសំខាន់ធ្វើឲ្យពួកគេជោគជ័យហិរញ្ញវត្ថុជាងម្នាក់ក្នុងចំណោម ៣ នាក់បាននិយាយថា ៧០% នៃជោគជ័យរបស់ពួកគាត់កើតចេញពីសមត្ថភាពជាអ្នកលក់»។
មានសំនួរមួយចោទសួរឡើងនៅត្រង់ចំណុចនេះគឺថា តើអ្នកមានទាំងនេះរៀនលក់អ្វីខ្លះកាលនៅក្មេង? ចម្លើយនោះគឺ អ្នកមានទាំងនេះលក់អ្វីៗគ្រប់សព្វយ៉ាងទាំងអស់ឲ្យតែមានរាប់ចាប់ពីគ្រឿងអលង្ការ ផលិតផលថែសម្រស់ វិទ្យុចាស់ៗ ខ្នងកង់រថយន្ត តុក្កតា និងស្រោមជើងជាដើម។
មានតារាល្បីៗ និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗជាច្រើនបាននិយាយថា ខ្លួនបានចាប់ផ្តើមការងារជាផ្នែកលក់មុននឹងក្លាយជាអ្នកមាន។ តារារ៉េប Kanye West របស់អាមេរិកធ្លាប់ធ្វើជាអ្នកលក់ផងដែរមុនក្លាយជាតារាល្បីមានលុយវល់លាន ហើយសូម្បីតែនាយកប្រតិបត្តិក្រុមហ៊ុន Netflix លោក Reed Hastings ក៏ធ្លាប់ធ្វើជាអ្នកអនាម័យជូតសម្អាតតាមផ្ទះរបស់អ្នកស្រុក និងលក់របស់របរផ្សេងៗទៀតផង។
ការស្រាវជ្រាវផ្សេងទៀតរបស់ក្រុមហ៊ុន LinkedIn ទៅលើនាយកប្រតិបត្តិក្រុមហ៊ុនរាប់ពាន់អ្នកបានរកឃើញផងដែរថា មុខតំណែងប្រធានផ្នែកលក់ (Sale Manager) ជាការងារមួយក្នុងចំណោមការងារពេញនិយមបំផុតទាំង៥របស់នាយកប្រតិបត្តិក្រុមហ៊ុន។ ទន្ទឹមនឹងនេះបើយោងលើការលើកឡើងរបស់លោកស្រី Cheryl Palmer គ្រូបង្វឹកផ្នែកអាជីពការងារបានឲ្យដឹងថា អ្នកជោគជ័យហិរញ្ញវត្ថុគឺខ្លាំងខាងជំនាញផ្នែកលក់តែម្តង ហើយគ្រប់ក្រុមហ៊ុននៅលើពិភពលោកគឺកំពុងដំណើរការផ្តោតលើផ្នែកលក់នេះឯង។
បើទោះបីជាអ្នកមិនមានគម្រោងដើម្បីបង្កើតក្រុមហ៊ុនក៏ដោយ បទពិសោធន៍ផ្នែកលក់គឺមានសារសំខាន់ខ្លាំងណាស់។ មនុស្សគ្រប់គ្នាត្រូវតែយល់ពីគ្រឹះមួយដែលជាចំណុចខ្លាំងរបស់ខ្លួន និងត្រូវដឹងថា តើលក់ទេពកោសល្យ ឬ ចំណុចខ្លាំងនោះដោយរបៀបណា ពីព្រោះគ្មានអ្នកណាម្នាក់អាចលក់សមត្ថភាពរបស់អ្នកទៅឲ្យអ្នកផ្សេងបានក្រៅពីអ្នកនោះឡើយ។
ពេញមួយជីវិត និងពេញមួយអាជីពការងាររបស់អ្នក អ្នកត្រូវលះបង់សម្រាប់ខ្លួនឯង និងលក់របស់មានតម្លៃដែលមាននៅក្នុងខ្លួនរបស់អ្នក។ នៅក្នុងបរិបទការងារ បើអ្នកមានជំនាញលក់ខ្លាំង អ្នកនឹងអាចទាក់ទាញអតិថិជនថ្មីៗបានកាន់តែច្រើនមកឲ្យក្រុមហ៊ុនរបស់អ្នក បន្ទាប់មកអ្នកនឹងអាចចរចារឿងប្រាក់ខែបានក៏បានហើយការងារក៏ស្ថិតស្ថេរដែរ។
តើធ្វើដូចម្តេចទើប អាចរៀនជំនាញនេះបាន? ជម្រើសដ៏ល្អនៅពេលអ្នកទំនេរពីការងារចន្ទ-សុក្ររបស់អ្នក អ្នកអាចយកពេលសៅរ៍-អាទិត្យទៅធ្វើការងារក្រៅម៉ោង (Part-Time) ជាអ្នកលក់ភេសជ្ជះ លក់សំលៀកបំពាក់នៅតាមហាងផ្សេងៗ លក់អាហារ ឬផលិតផលផ្សេងៗមិនថានៅកន្លែង ឬតាមអនឡាញនោះទេ គឺសុទ្ធតែផ្តល់ជំនាញលក់ឲ្យអ្នកបាន។ ក្រៅពីនេះ អ្នកអាចរៀនវគ្គលក់ខ្លីៗនៅតាមគ្រឹះស្ថានសិក្សាផ្សេងៗ ឬចូលរួមសិក្ខាសាលាផ្នែកលក់ជាដើម។
យ៉ាងណាមិញអ្នកមិនត្រូវបារម្ភនោះឡើយថា អ្នកមិនសូវប្រសព្វលើជំនាញនេះ។ អ្នកត្រូវដឹងថាស្ទើរតែអ្នកលក់ទាំងអស់ គឺសុទ្ធតែបរាជ័យនៅពេលចេញចាប់ផ្តើមលក់ដំបូងៗ ប៉ុន្តែយូរៗទៅ ពួកគេកាន់តែប៉ិនប្រសព្វឡើងៗ មានបទពិសោធន៍កាន់តែច្រើន ហើយក្លាយជាអ្នកជំនាញផ្នែកលក់រកលុយបានកាន់ច្រើនតែម្តង៕
ប្រភព៖ Marketwatch