អ្នកនាង គង់ សូរីតា៖ គន្លឹះ ៥ចំនុចដើម្បីអភិវឌ្ឍខ្លួនឲ្យមានតម្លៃ
ក្នុងសិក្ខាសាលាក្រោមប្រធានបទ Millennial Life ដែលរៀបចំដោយ Young Leadership Ambassador នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា - កូរ៉េ (CKCC)
ថ្ងៃអាទិត្យ ទី១៣ ខែមករា កន្លងទៅ ដោយគោលបំណងនៃកម្មវិធីមួយនេះគឺចង់ឲ្យយុវជនទាំងអស់មានឱកាសស្វែងយល់បន្ថែមទាក់ទងនឹងចំណេះដឹងថ្មីៗ និងស្តាប់អំពីការចែករំលែកអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់វាគ្មិនល្បីៗផងដែរ។
អ្នកនាង គង់ សូរីតា ស្ថាបនិកនិងជាប្រធានគ្រប់គ្រង Ocean Technology Co., Ltd ដែលជាវាគ្មិនមួយរូបក្នុងចំណោមវាគ្មិនទាំងអស់ ៧រូបផ្សេងទៀតក្នុងសិក្ខាសាលា Millennial Life នេះ បានចែករំលែកនូវគន្លឹះមួយចំនួនដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាមនុស្សម្នាក់ដែលមានតម្លៃ។ អ្នកនាង បានបង្ហាញនូវគន្លឹះ ៥ចំណុចដើម្បីអភិវឌ្ឍខ្លួនដូចខាងក្រោម៖
១) កំណត់គោលដៅ
ក្នុងការអភិវឌ្ឍខ្លួនឯងចំណុចល្អដែលចាប់ផ្ដើមដំបូងគឺ ស្វែងយល់ពីគោលដៅរបស់ខ្លួនឯងឲ្យបានច្បាស់ ហើយត្រូវយល់ទៀតថាគោលដៅរបស់ខ្លួនឯងជាគោលដៅរយៈពេលវែង ឬ រយៈពេលខ្លី ថាពេលណាទើបយើងអាចសម្រេចបាន។ ជាទូទៅ មនុស្សដែលជោគជ័យពួកគេបានបង្កើតគោលដៅនិង រៀបចំគោលដៅច្បាស់លាស់។ បើមនុស្សយើងគ្មានគោលដៅនោះទេ ប្រៀបដូចជាដើរក្នុងព្រៃគ្មានត្រីវិស័យ និងផែនទីអ៊ីចឹង។
២) ស្វែងយល់ពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់អ្នក
ចំណុចខ្លាំងរបស់យើងអាចដឹងបានជាសមត្ថភាពក្នុងការធ្វើអ្វីមួយ ឧទាហរណ៍ ការនិយាយជាសាធារណៈ ការរៀនសូត្រ ការបង្កើតអ្វីមួយ។ល។ ប៉ុន្ដែចំនុចខ្លាំងទាំងនោះបើមិនចេះអភិវឌ្ឍវានោះទេចំណុចខ្លាំងរបស់អ្នកគ្រាន់តែជាសមត្ថភាពធម្មតាៗប៉ុណ្ណោះ។
ចំនុចខ្សោយ
មនុស្សគ្រប់គ្នាសុទ្ធតែខ្លាចចំណុចខ្សោយរបស់ខ្លួនព្រោះគិតថាចំនុចខ្សោយកាន់ច្រើនប្រឈមមុខនឹងបរាជ័យច្រើនធ្វើឲ្យពិបាកជោគជ័យ។ យើងគួរសិក្សារស្វែងយល់ពីចំណុចខ្សោយរបស់ខ្លួនឲ្យបានច្បាស់និង រៀនជម្នះជាមួយខ្លួនឯង ព្រោះក្នុងលោកនេះគ្មានអ្វីដែលយើងធ្វើមិនបានទេលើកតែយើងមិនធ្វើ។ ព្យាយាមកែប្រែនិងអភិវឌ្ឍចំណុចខ្សោយទាំងនោះអោយទៅជាចំណុចខ្លាំងរបស់ខ្លួនអ្នកវិញ។
៣) ពិភាក្សាជាមួយ Mentor ឬ Coach
អ្នកគ្រប់គ្នាមិនអាចដឹងខ្លួនឯងល្អដល់កម្រិតណា ឬ អន់ដល់កម្រិតណាទេបើយើងមិនដែលកំណត់ (Identify) ខ្លួនឯងផងនោះ។ នៅក្នុងរង្វង់នៃការអភិវឌ្ឍខ្លួនឯងយើងត្រូវមានមិនធឺ Mentor (អ្នកណែនាំចង្អុលបង្ហាញ) ព្រោះMentor គឺជាអ្នកផ្ដល់នូវដំបូន្មាន ជាអ្នកតម្រង់ទិសជាអ្នកជុំរុញយើងឲ្យទៅដល់គោលដៅមួយដែលល្អប្រសើរ។ Mentor អាចមានចំណេះដឹងច្រើនយើងដើរបានមុនយើងពួកគាត់អាចឲ្យយើងដឹងថាអ្វីជាកំហុសរបស់យើង និង អ្វីដែលយើងគួរតែអភិវឌ្ឍបន្ថែម។ ក្នុងការជ្រើសរើសនរណាម្នាក់ឲ្យធ្វើជា Mentor របស់យើងត្រូវប្រាកដថាមនុស្សម្នាក់នោះជាមនុស្សប្រកបដោយចំណេះដឹង មានបទពិសោធន៍ និងជំនាញក្នុងផ្នែកណាមួយ។
៤) សម្រេចគោលដៅ (Achieve Goal)
ដើម្បីសម្រេចបានគោលដៅយើងក៏ត្រូវមានគនឹ្លះមួយចំនួនអមទៅជាមួយដែរ៖
- ត្រូវមានទិសដៅច្បាស់លាស់ យើងខ្លួនឯងត្រូវច្បាស់ថាគោលដៅដែលយើងកំណត់រួចហើយនោះជាគោលដៅដែលពិតប្រាកដ ដូចនេះអ្នកត្រូវកំណត់ផ្លូវដើរសម្រាប់គោលដៅមូយនោះ ថាត្រូវដើរដោយរបៀបណា។
- ត្រូវមានភាពអត់ធ្មត់ ទម្រាំតែយើងទៅដល់គោលដៅមួយ ត្រូវតែមានការអត់ធ្មត់ច្រើនព្រោះតាមផ្លូវដែលយើងដើរទៅរកគោលដៅអាចនឹងមានបន្លារ ឱបសគ្គ ផ្ជុះភ្លៀងច្រើន។ កុំបង្កើតគោលដៅមួយគ្រាន់តែចង់បង្កើតឲ្យសោះ។
- កុំចុះចាញ់ ពាក្យនេះគឺប្រើសម្រាប់មនុស្សគ្រប់រូបដរាបណាយើងនៅមានដង្ហើម យើងនៅមានសង្ឈឹម ភាពជោជ័យមួយមិនកើតមានឡើងដោយងាយនោះទេត្រូវចេះតស៊ូក្នុងជីវិត មិនមែនគ្រាន់តែជួបរឿងមួយគ្រារត់ចោលគោលដៅរបស់អ្នកនោះទេ។ ពាក្យចុះចាញ់ជាពាក្យរបស់មនុស្សអន់។
៥) ការចែករំលែក
ព្យាយាមចែករំលែកចំណេះដឹងរបស់អ្នកទៅកាន់អ្នកជុំវិញខ្លួនដើម្បីបង្កើនចំណេះដឹងរបស់អ្នកបន្ថែម។ អ្នកកាន់តែចែករំលែក អ្នកកាន់តែមានចំណេះដឹង។
ជារួមមកវិញការកែប្រែឬអភិវឌ្ឍខ្លួនឯងក្នុងរង្វង់មួយនេះមិនមែនមានន័យថាឲ្យអ្នកផ្លាស់ប្ដូរខ្លួនអ្នកទៅជាមនុស្សផ្សេងដែលមានជាខ្លួនអ្នកនោះទេ តែផ្លាស់ប្ដូរខ្លួនអ្នកឲ្យទៅជាមនុស្សដែលមានតម្លៃពិតប្រាកដ៕
ដោយ៖ ច័នុ្ទលាភ