ផ្សារមូលបត្រកម្ពុជានឹងបន្ធូរបន្ថយការធ្វើសវនកម្ម៣ឆ្នាំដល់សហគ្រាសធុនតូច-មធ្យម ដែលចុះបញ្ជីបោះផ្សាយភាគហ៊ុន​



កាលពីព្រឹកថ្ងៃទី ១៧ ខែមករា​ឆ្នាំ ២០១៩ ផ្សារមូលបត្រកម្ពុជាបានរៀបចំវេទិកា​ក្រុមហ៊ុនចុះបញ្ចីក្រោមប្រធានបទ «យុទ្ធសាស្រ្ដគ្រប់គ្រងអាជីវកម្មប្រកបដោយចីរភាព»។ វេទិកានោះមានការអញ្ចើញចូលរួមក្រោមអធិបតីឯកឧត្តម ហុង សុខហួរ អង្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា លោក Ha Jong Weon អង្គនាយករងនៃផ្សារមូលបត្រកម្ពុជា  និង លោកបណ្ឌិត Ardisak Boeprasert ប្រធានផ្នែកទំនាក់ទំនងវិនិយោគិន និងជាមន្រ្ដីផ្ដល់ព័ត៌មាន។

នៅក្នុងកិច្ចពិភាក្សាសួរដេញដោលសំនួរ កាលពីម្សិលមិញដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហុង សុខហួរ អង្គនាយកមូលបត្រកម្ពុជាក្នុងវេទិការពិភាក្សា និងដោយមានចោទសួរសំនួរ ទៅកាន់វាគ្មិនចំនួន ៤ រូបតំណាងឲ្យក្រុមហ៊ុនចុះបញ្ចីក្នុងផ្សារមូលបត្រកម្ពុជា​។

អ្នកនាង ងួន ​សុធា ប្រធានការិយាល័យនៃគណៈកម្មការមូលបត្រកម្ពុជាបានឆ្លើយតបនឹងសំនួររបស់ ឯកឧត្តម ហុង សុខហួរ និងលើកឡើងថា ផ្សារមូលបត្រកម្ពុជា មានគម្រោងលើកទឹកចិត្តដល់ក្រុមហ៊ុនដែលគ្រោងនឹងចុះបញ្ជីចូលក្នុងផ្សារកំណើន (Growth Board) ក្នុងឆ្នាំថ្មីនេះ។ ​មួយវិញទៀត ចំពោះសហគ្រាសខ្នាតតូចនិងធម្យម(SMEs) ដែលចង់ចុះបញ្ជីបោះផ្សាយមូលបត្រក្នុងផ្សារមូលបត្រកម្ពុជានឹងទទួលបានការលើកលែងចំពោះការធ្វើសវនកម្មក្រុមហ៊ុនចំនួនបីឆ្នាំ ដោយការបន្ធរបន្ថយការធ្វើសនវកម្មត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។

គួរបញ្ចាក់ផងដែរថា កាលពីមុនក្រុមហ៊ុនឬសហគ្រាសដែលមានបំណងបោះផ្សាយមូលបត្រតម្រូវឲ្យមានការធ្វើសវនកម្មចំនួន៣ដងសិន ទើបអនុញ្ញាតិឲ្យបោះផ្សាយមូលបត្របាន។ ប៉ុន្តែនាឆ្នាំថ្មីនេះ ក្រុមហ៊ុនតម្រូវការធ្វើតែ១ដងប៉ុណ្ណោះ។

​អ្នកនាងក៏បានលោកឡើងបន្ថែមទៀតថា អ្វីដែលសំខាន់គឺបច្ចុប្បន្នភាពរបស់ក្រុមហ៊ុនមួយនោះថាតើប្រតិបត្តិការក្រុមហ៊ុននោះល្អហើយឬនៅ។ ការចុះអនុក្រឹត្យលើកលែងធ្វើសវនកម្ម៣ឆ្នាំទៅលើក្រុមហ៊ុនដែលគ្រោងនឹងចុះបញ្ជីនឹងស្រាយបញ្ជាក់កាន់តែច្បាស់​នៅខែក្រោយ។​ អ្នកនាងបានបន្ថែមទៀតថាក្រុមហ៊ុនដែលគ្រោងនឹងចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា រាល់ព័ត៌មានដែលទាក់ទងនឹងក្រុមហ៊ុនត្រូវប្រកាសនិងបង្ហាញជាសាធារណៈដើម្បីផ្ដល់នូវតម្លាភាព និង​ផ្ដល់នូវទំនុកចិត្តទៅដល់វិនិយោគិនដែលចង់វិនិយោកក្នុងក្រុមហ៊ុនរបស់ខ្លួន។

ជាមួយគ្នានេះដែរ ឯកឧត្តមហ៊ី ប៉ាវី ក្រុមប្រឹក្សាភិបាលនិងជានាយកប្រតិបតិ្តកំពង់ផែស្វយ័តភ្នំពេញ បានលើកឡើងថា សព្វថ្ងៃតម្លៃភាគហ៊ុនកំពុងកើនខ្ពស់ចំណែកឯប្រាក់ចំណេញក្នុងមួយហ៊ុនវិញហាក់នៅមានកម្រិតទាបនៅឡើយ។ ឯកឧត្តម បានប្រាប់ទៅវិនិយោគិនកុំឲ្យបារម្ភពីរឿងនេះ ប្រាក់ចំណេញក្នុងមួយហ៊ុនក្នុងការវិនិយោគក្នុងផ្សារហ៊ុនកំពង់ផែស្វយ័តភ្នំពេញ នឹងអាចនឹងមានការកើនឡើងនៅក្នុងឆ្នាំក្រោយនេះ។ មួយវិញទៀត ឯកឧត្តមបន្ថែមទៀតថាកំពង់ផែភ្នំពេញនឹងបង្កើតផែរណប​ ពង្រីកផែសាបបន្ថែមទៀត ដែលជាហេតុធ្វើឲ្យតម្លៃចំណេញក្នុងមួយភាគហ៊ុនរបស់ផែនេះនឹងកើនឡើង៕

ដោយ៖ ច័ន្ទលាភ

X
5s