ជាប្រវត្តិសាស្ត្រហើយ ចិនអាចដាំដុះរុក្ខជាតិនៅលើឋានព្រះច័ន្ទដំបូងគេ​



គ្រាប់រុក្ខជាតិកប្បាសដែលត្រូវបានគេនាំយកទៅលើឋានព្រះច័ន្ទបានដុះលូតលាស់ ដែលធ្វើឲ្យវាជាដើមរុក្ខជាតិដែលដុះលូតលាស់ដំបូងគេនៅទីនោះដំបូងគេ នេះបើយោងតាមប្រភពរូបភាពដែលបានមកពីរដ្ឋាភិបាលប្រទេសចិន។

ក្នុងការប្រកាសកាលពីម្សិលមិញ អ្នកសិក្សាស្រាវជ្រាវចិនបានបង្ហាញរូបភាពពីការអង្កេតដែលបង្ហាញពីរុក្ខជាតិតូចៗដែលកំពុងដុះចេញពីថូតូចមួយចេញពីយានអវកាស ដែលមានចម្ងាយរាប់រយពាន់គីឡូម៉ែត្រពីភពផែនដី។

ចិនជាប្រទេសទីមួយដែលបានចុះចតយាន្តអាវកាសនៅលើឋានព្រះច័ន្ទកាលពីថ្ងៃទី​៣ ខែមករា ក្នុងឆ្នាំ ២០១៩ នៅពេលដែលមនុស្សយន្តឈ្មោះ​Yutu 2 ឬហៅថា Jade Rabbit 2 បានប៉ះក្រហូងដី South Pole-Aitken Basin ដែលធំនិងចំណាស់បំផុតនៅលើឋានព្រះច័ន្ទ។

បេសកកម្មមួយនេះមានឈ្មោះថា Chang'e 4 ដែលនឹងបំពេញភារៈកិច្ចជាច្រើន​ មានដូចជាការស្វែងរកប្រភពទឹក និងការធ្វើតេស្តដើម្បីឲ្យដឹងថារុក្ខជាតិអាចដុះលូតលាស់នៅលើភពដែលមានទំនាញទាបមួយនេះឬទេ។ នេះបានបង្ហាញលទ្ធផលផ្លែផ្កា ដោយរុក្ខជាតិមួយប្រភេទនេះអាចលូតលាស់បានពិតមែន។

លោក​ Xie Gengxin ព្រឹទ្ធបុរសនៃវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់ ( Institute of Advanced Technology ) ក្នុងសកលវិទ្យាល័យ Chongqing University និងជាប្រធានអ្នកធ្វើការពិសោធន៍មួយនេះ បានធ្វើការអបអរសាទរលទ្ធផលនេះដ៏មានផ្លែផ្កាមួយនេះ។

លោក បានមានប្រសាសន៍ថា បេសកកម្មមួយនេះបានទទួលជោគជ័យជាលើកដំបូងក្នុងការធ្វើពិសោធន៍ជីវវិទ្យាមួយនេះនៅលើឋានព្រះច័ន្ទក្នុងប្រវត្តសាស្រ្តមនុស្ស។ រុក្ខជាតិកប្បាសអាចនឹងក្លាយជារុក្ខជាតិដំបូងគេដែលនឹងដុះលូតលាស់ផ្ដល់ពណ៍បៃតងនៅលើឋានព្រះច័ន្ទ។

គួរឲ្យដឹងផងដែរថា​ អ្នកវិទ្យាសាស្រ្តចិនកំពុងតែមានបំណងដាំដុះរុក្ខជាតិផ្សេងៗទៀតដូចជា ដំឡូងបារាំង ផ្សិតស្លឹកត្រចៀកកណ្ដុរ និងធ្វើការភ្ញាស់ស៊ុតសត្វថែមទៀតផង។

នេះមិនមែនជាបេសកកម្មចុងក្រោយនោះទេ ចិនមានមហិច្ឆតាក្នុងការរុករកបន្ថែមទៀត ដោយមានបេសកកម្ម Chang'e 5 ដែលនឹងធ្វើឡើងនៅចុងឆ្នាំនេះ៕

ដោយ៖ លង់ វណ្ណៈ

X
5s