ជប៉ុនជាប្រទេសដែលមានបំណុលជាប់ខ្លួនច្រើនជាងគេលើពិភពលោក!​



តាមរយៈទិន្នន័យមួយដែលត្រូវបានបង្ហោះដោយគេហទំព័រ The World Economic Forum បានបង្ហាញពីបំណុលរបស់រដ្ឋាភិបាលគ្រប់ប្រទេសទូទាំងពិភពលោក។ ក្នុងតារាងដែលត្រូវបានគេរៀបចំជារាងរង្វង់ និងតាមពណ៌នោះឃើញថាសឹងតែគ្រប់ប្រទេសទៅហើយនៅលើ សកលលោកដែលមានជាប់បំណុល។

Source: Howmuch.net

ក្នុងនោះអ្វីដែលធ្វើឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺថា ប្រទេសជប៉ុនគឺជាដែលរដ្ឋាភិបាល មានបំណុលច្រើនបំផុតជាងគេលើពិភពលោក ពោលគឺច្រើនជាងប្រទេសក្រិច ដែលកំពុងមានបញ្ហាសេដ្ឋកិច្ចទ្រង់ទ្រាយធំនៅឯអ៊ឺរ៉ុបទៅទៀត។ ប៉ុន្តែមូលហេតុអ្វីទៅ បានជាប្រទេសមហាអំណាចសេដ្ឋកិច្ច និងបច្ចេកវិទ្យាមួយនេះមានបំណុលជាប់នឹងខ្លួនច្រើនម្ល៉េះ?

តាមរយៈតារាងដែលយកចេញពីវេបសាយHowMuch.net នោះបានបង្ហាញថា​ ជប៉ុនមានបំណុលចំនួន ២៣៧%នៃផលិតផលសរុបក្នុងស្រុករបស់ខ្លួនក្នុងឆ្នាំ២០១៧ឯណោះ។ ប្រសិនជាយើងមើលឱ្យកាន់តែជិត បំណុលរបស់ប្រទេសជប៉ុនគឺមានលក្ខណៈខុសពីបំណុលរបស់រដ្ឋាភិបាលប្រទេសដទៃទៀតជាពិសេសគឺ ប្រទេសកំពុងអភិវឌ្ឍន៍ត្រង់ថា រហូតដល់៧០%នៃបំណុលរបស់ជប៉ុនគឺជាបំណុលក្នុងស្រុក (កម្ចីពីធនាគារនៅក្នុង ប្រទេសជប៉ុនតែម្តង) ដោយ៣០%ទៀតនោះគឺមកពី មូលនិធិសម្រាប់វិនិយោគ ក្នុងប្រទេសជប៉ុនតែម្តង។ សម្រាប់ប្រទេសដទៃ ជាទូទៅបំណុលទាំងនេះគឺខ្ចីមកពីធនធានខាងក្រៅរួមមានប្រទេសជិតខាង ប្រទេសមហា- អំណាច ឬស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាដើម។​

Source: Howmuch.net

ហេតុផលធំបំផុតដែលធ្វើឱ្យប្រទេសជប៉ុនមានបំណុលកប់ពពកដូចសព្វថ្ងៃ គឺដោយសារតែប្រទេសនេះបានទទួលរងគ្រោះមហន្តរាយពីរលកយក្សស៊ូណាមិ នៅក្នុងឆ្នាំ២០១២ ដែលបានកម្ចេចហេដ្ឋារចនាសម្ព័ន្ធប្រទេស និងធ្វើឲ្យវិស័យជាច្រើនទៀតបានធ្លាក់ចុះ មិនអាចដំណើរការបានអស់រយៈពេលយូរ។ ដូច្នេះដើម្បីទ្រទ្រង់ សេដ្ឋកិច្ចរបស់ខ្លួននោះ រដ្ឋាភិបាលមួយនេះត្រូវខ្ចីប្រាក់ដើម្បីយកមកដោះស្រាយ បញ្ហាដែលខ្លួនកំពុងមាន។

Source: Mainichi Shimbun, via Reuters

ទោះបីជាយ៉ាងណាក៏ដោយ បើតាមការលើកឡើងពីលោក តូរ៊ូ សាសាគី ប្រធានដឹកនាំផ្នែកស្រាវជ្រាវទីផ្សារប្រចាំធនាគារ JP Morgan Chase បានលើកឡើង ដោយសុទិដ្ឋិនិយមថា បំណុលរបស់រដ្ឋាភិបាលមិនមែនជារឿងធំដែលគួរឱ្យបារម្ភនោះឡើយ ព្រោះថាប្រសិនជាកាលណាប្រាក់កម្ចីទាំងនោះត្រូវបានប្រើប្រាស់ដោយត្រឹមត្រូវ និងមានប្រសិទ្ធិភាព នោះបំណុលទាំងនេះនឹងត្រូវសងអស់ក្នុងពេលណាមួយ ពោលគឺដោយមិនចាំបាច់កាត់ថវិការចំណាយយប្រចាំឆ្នាំរបស់ប្រទេសនោះ ឡើយ។

Source: REUTERS/Toru Hanai

ចំណែកឯប្រជាជនជប៉ុនទៀតសោត មានការពេញនិយមយ៉ាងខ្លាំងទៅលើការទិញ បំណុលរបស់រដ្ឋាភិបាល (Government bonds) ដោយសារតែប្រជាជនប្រទេសនេះ មានប្រាក់សន្សំច្រើន​ ដូច្នេះពួកគេតែងតែទុកមួយចំណែកដើម្បីវិនិយោគលើបំណុលរបស់រដ្ឋ។​ ដូច្នេះជាមួយនឹងលុយវិនិយោគរបស់ប្រជាជន រដ្ឋាភិបាលជប៉ុនអាច ផ្តោតអារម្មណ៍ធ្វើការងាររបស់ខ្លួនបានដោយមិនសូវបារម្ភពីបញ្ហាសាច់ប្រាក់។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ រដ្ឋាភិបាល ក៏ដូចជាប្រជាជនជប៉ុនមិនសូវជាមានការបារម្ភនោះឡើយ បើទោះបីជាប្រទេសខ្លួនជាប្រទេសដែលមានបំណុលច្រើនជាងគេ លើពិភពលោកទៅហើយក្តី ព្រោះបំណុលនេះនឹងមិនបង្កជាសម្ពាធ ឬបញ្ហាណា មួយទៅដល់ប្រទេសជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំភ្លាមៗនេះទេ។ អ្វីដែលរដ្ឋាភិបាលជប៉ុនព្យាយាមធ្វើឱ្យបាននោះគឺធ្វើយ៉ាងណាមិនឱ្យមានអតិផរណាកើនឡើងខុសប្រក្រតី និងឱ្យលំហូរមូលធនចូលក្នុងសេដ្ឋកិច្ចឱ្យបានជាប់ល្អ។ ដរាបណារដ្ឋាភិបាលជប៉ុន នៅតែអាចរក្សានូវគោលជំហនេះ បញ្ហានឹងមិនកើតមានឡើងដោយងាយៗនោះ ឡើយ៕

ដោយ៖​ វត្តី

X
5s