ចំណុចសំខាន់មួយចំនួនសម្រាប់និស្សិតស្ថាបត្យកម្មគួរត្រៀមខ្លួនដើម្បីទទួលបានអាហាររូបករណ៍ក្រៅប្រទេស
ជានិស្សិតដែលបានបញ្ចប់ការសិក្សាជំនាញផ្នែកស្ថាបត្យកម្មពីប្រទេសអង់គ្លេស លោកស្រី សុខ មួយហ្គេច បច្ចុប្បន្នជាស្ថាបនិកក្រុមហ៊ុនស្ថាបត្យកម្ម BMK បានចែករំលែកនូវចំណុចសំខាន់មួយចំនួនដល់និស្សិតដែលកំពុងសិក្សាជំនាញផ្នែកស្ថាបត្យកម្ម ដើម្បីអាចមានឱកាសទទួលបានអាហាររូបករណ៍ទៅសិក្សានៅក្រៅប្រទេសដូចរូបលោកស្រី។
នាយិការូបនេះបានចែករំលែកថា រឿងដំបូងបំផុតដែលនិស្សិតស្ថាបត្យកម្មគួរដឹងគឺ តើពួកគាត់ចង់ទៅរៀននៅប្រទេសណា? ព្រោះប្រទេសនីមួយៗគឺគេមានតម្រូវការខុសៗគ្នាទៅតាមសាលានីមួយៗ ដូច្នេះពួកគាត់ត្រូវដឹងទៀតថាតើគាត់ចង់រៀនជំនាញអ្វីឲ្យពិតប្រាកដ។ ព្រោះថាស្ថាបត្យករនៅពេលដែលរៀនកម្រិតអនុបណ្ឌិត(Master Degree)គឺគេនឹងបែងចែកជាជំនាញតូចៗ ដើម្បីសិក្សាលម្អិតទៅលើជំនាញទាំងនោះ។ ដូច្នេះពួកគាត់ត្រូវដឹងថាគាត់ចង់បានអ្វីចង់រៀនអ្វីជាមុនសិន បន្ទាប់មកត្រូវស្វែងរកថាតើប្រទេសដែលពួកគាត់ចង់ទៅនោះមានអាហារូបករណ៍អ្វីខ្លះ។
មួយវិញទៀតក្នុងនាមខ្លួនយើងជានិស្សិតស្ថាបត្យករដែលចង់ទៅសិក្សានៅក្រៅប្រទេស រឿងសំខាន់ដែលពួកគាត់ត្រូវត្រៀមនោះគឺប្រវត្តិរូប និងសៀវភៅដែលបង្ហាញពីបទពិសោធន៍នៃការងារដែលខ្លួនធ្លាប់បានឆ្លងកាត់។ ដូច្នេះចំណុចពីរនេះគឺជាកត្តាដែលចាំបាច់និងសំខាន់ខ្លាំងណាស់សម្រាប់ពួកគាត់ ព្រោះថាសាលាគឺចង់ដឹងពីកម្រិតទឹកដៃរបស់យើងថាមានកម្រិតណា តើអ្វីជាជំនាញដែលគាត់ដាក់ពាក្យទៅនោះត្រូវដែរឬទេ។ សូម្បីតែកន្លែងធ្វើការក៏គេត្រូវការសៀវភៅដែលបង្ហាញពីបទពិសោធន៍ដែលល្អដែរ ដូច្នេះពួកគាត់គួរតែត្រៀមខ្លួនក្នុងការរៀបចំណុចសំខាន់ទាំងពីរនេះ ឲ្យមើលទៅមានវិជ្ជាជីវៈនិងមានរបៀបរៀបរយ៕
អត្ថបទដោយ៖ ជួប ស្រីរ័ត្ន