អ្នកស្រី ម៉ីសន សុធារី ថាការថតរឿងភាគថ្មីនឹងផ្អាក«ពេញមួយឆ្នាំ»
អ្នកស្រី ម៉ីសន សុធារី អ្នកនិពន្ធជើងចាស់ដែលស្នាដៃរបស់អ្នកស្រីមិនថាប្រលោមលោក និងភាពយន្ត ទទួលបានការគាំទ្រច្រើន ជាពិសេសស្នាដៃថ្មីៗនេះ គឺសៀវភៅដែលមានចំណងជើងថា «ទម្រាំក្លាយជាអ្នកនិពន្ធ» ដែលជាកូនសៀវភៅនិយាយអំពីកាតស៊ូ និងបទពិសោធន៍ជាអ្នកនិពន្ធ ដើម្បីជម្រុញលើកទឹកចិត្តដល់អ្នកអាន ក៏ដូចជាអ្នកនិពន្ធជំនាន់ក្រោយ។
លោក ស្រី ម៉ីសន សុធារី បានមានប្រសាសន៍ប្រាប់គេហទំព័រ BizKhmer ថា រឿងភាគថ្មីៗ នឹងតូ្រវផ្អាកការផលិតមួយឆ្នាំ ដោយសារតែលោកស្រីមានបេសកកម្មផ្សេងដែលត្រូវបំពេញ ហើយភាពយន្ត «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ទំនងជាកម្រងរឿងភាគតែមួយគត់នៅឆ្នាំ ២០១៩ នេះ។
អ្អ្នកស្រីលើកឡើងថា ៖«ខ្ញុំប្រហែលមិនមានពេលក្នុងការធ្វើរឿងភាគថ្មីទេ! ការថតភាពយន្តមិនមែនអ្នកនិពន្ធគ្រាន់តែប្រគល់រឿងទៅហើយចប់នោះឡើយ ! ដូចអ្នកគាំទ្រខ្ញុំគាត់ដឹង ខ្ញុំតែងតែចូលរួមជាមួយផែនការទីផ្សារ ខ្លឹមសារនិងច្នៃប្រឌិត ប្រសិនខ្ញុំមិនមានពេលវេលាផង ខ្ញុំមិនធ្វើកុនល្អជាង! កាលពីឆ្នាំ២០១៨ ខ្ញុំធ្វើរឿងមួយចំនួនរួចហើយ ឆ្នាំនេះខ្ញុំចង់ឃើញលទ្ធផលផ្សេង»។
ដោយប្រកែកថា មិនបានគិតបញ្ចប់អាជីពជាអ្នកនិពន្ធទេប៉ុន្តែអ្នកស្រីអះអាងថា ទំាងកុនតាមរោងនិងរឿងទូរទស្សន៍ទំនងត្រូវផ្អាកពេញមួយឆ្នាំ។
អ្នកស្រីសង្កត់ធ្ងន់ថា៖«កាលពីឆ្នាំ២០១៨ ពេញមួយឆ្នាំ Soyo បានជ្រើសខ្ញុំជាទីប្រឹក្សាព្រោះខ្ញុំបានចេញពីការងារពេញម៉ោងនៅ Sabay! កម្រៃនិងសេរីភាពនោះជួយអោយខ្ញុំសរសេរសៀវភៅចប់ចំនួនបួន គឺ គម្រោងការ ២០៣៥ អាគមបរព្រៃ ទម្រាំក្លាយជាអ្នកនិពន្ធ និងទោះស្នេហ៍ឆ្ងាយហួសជើងមេឃ!ឥឡូវនេះ ខ្ញុំមានអ្វីធំៗជាច្រើនដែលត្រូវបង្កើតថ្មីនៅ PNN ព្រឹត្តិការណ៍ទំាងនោះមិនអំណោយផលដល់ការងារឯកជនរបស់ខ្ញុំដូចជាការសរសេររឿងថ្មីឬចូលរួមផលិតរឿងភាគទេ ! អ្វីក៏ដោយ ដែលមិនផ្តោតប្រាកដប្រជា ច្រើនតែបរាជ័យ ដូច្នេះខ្ញុំផ្តោតលើការងារថ្មី ហើយការថតរឿងឬសរសេរប្រលោមលោកថ្មីមិនខ្វះអ្នកនិពន្ធផ្សេងទេ!»។
ទោះយ៉ាងណាអ្នកស្រីម៉ីសនសុធារីមានគម្រោងសរសេរសៀវភៅជំរុញទឹកចិត្តមួយថ្មីទៀតមានឈ្មោះថា «ពេលវេលា»ដែលនឹងបោះពុម្ពនៅខែមេសាឆ្នាំនេះ។
អ្នកស្រីបន្តថា គម្រោង RyNa ជាមួយ DJណាណា នៅតែបន្តបោះពុម្ពសៀវភៅតាមការគ្រោងទុក តែការធ្វើរឿងភាគ និងសរសេររឿងប្រលោមលោកថ្មី ជាការងារដែលត្រូវការពេលច្បាស់មិនអាចបន្លំបាន។
«កុំគិតថាពេលដែលខ្ញុំទទួលតួនាទីនៅទីនេះ ហើយខ្ញុំនឹងប្រើឥទ្ធិពលនោះក្នុងការបញ្ចេញរឿងភាគសម្រាប់ខ្លួនឯងកាន់តែច្រើន! នោះមិនមែនខ្ញុំទេ! ប្រសិនខ្ញុំទទួលជាមួយអ្នកណា ថាធ្វើអ្វីមួយ ខ្ញុំនឹងបោះបង់អ្វីផ្សេងចេញហើយរក្សាសម្តីរបស់ខ្ញុំដល់ទីបញ្ចប់ មិនថាខាតឬចំណេញ! ដូច្នេះអ្នកគាំទ្រនឹងត្រូវរង់ចាំដល់ឆ្នាំ២០២០មិនអញ្ចឹងអាចទស្សនាថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ជាការលួងចិត្តហើយជួបគ្នានៅឆ្នាំ២០២0»។
អ្នកនិពន្ធ ម៉ីសនសុធារី កំពុងកាន់តួនាទីជាប្រធានផ្នែកទីផ្សាររបស់ស្ថានីយ៍ទូរទស្សន៍ PNN។
ក្រោយពេលរួមគ្នាធ្វើគម្រោង RyNa គេឃើញ DJណាណា បានបង្កើតទីតាំងលក់សៀវភៅមួយឈ្មោះDJណាណាអាន។ ជាមួយសំនួរថាតើDJណណាអាននិងRyNaខុសគ្នាបែបណា អ្នកស្រីម៉ីសនសុធារីពន្យល់ដូច្នេះថា៖ «RyNa ជាអ្នកបោះពុម្ពនិងបង្កើតទីផ្សារ!អ្នកនិពន្ធណាដែលចូលរួមជាមួយ RyNa គឺទទួលបានការធ្វើទីផ្សារ Marketing តំាងពីនៅជាគម្រោងរហូតដល់សម្ពោធនិងជំនួយផ្នែកលក់! ចំណែកDJណាណាអាន គឺជាហាងរបស់គាត់ខ្លួនឯង ជាទឹកចិត្តដេលគាត់ចង់អោយអ្នកនិពន្ធខ្មែរអាចមានទីផ្សារលក់ចេញកាន់តែច្រើន!ឥឡូវនេះគាត់ទទួលលក់រាប់សិបចំណងជើង! សៀវភៅមួយក្បាលមិនដែលបានកម្រៃលក់លើសពី៥០០០រៀលទេចំណែកកេរ៍ឈ្មោះរបស់ណណាគឺខ្ពស់ហួសពីនេះក្នុងវិស័យស្លាកសញ្ញា ដូច្នេះគាត់កាន់សៀវភៅទំាងឡាយរបស់អ្នកនិពន្ធខ្មែរហើយផ្សាយចេញទៅ គឺជាបេះដូងរបស់គាត់ ដែលម្យ៉ាងចង់អោយអ្នកផ្សេងរៀនងាកមកអានសៀវភៅល្អៗ ម្យ៉ាងទៀតគឺជួយចូកចែវដល់អ្នកនិពន្ធកម្សត់របស់យើង!អ្នកសារព័ត៌មានគួរយល់ហើយថា ស្ត្រីវ័យក្មេងម្នាក់នេះ សមនឹងគម្រោងRyNaដែលខ្ញុំស្រមៃជាយូរមកហើយ»។
ព័ត៌មានចុងក្រោយដែលទទួលបានគឺRyNaនឹងបានសិទ្ធិបោះពុម្ពរឿង«ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់»ជាលើកដំបូង បន្ទាប់ពី ការចេញផ្សាយនៅលើប្រលោមលោកសប្បាយអនឡាញ និងថតជារឿងភាគនៅ PNN។
ពេលសួរថា ដើម្បីសៀវភៅលក់ដាច់តើការដាក់លើអនឡាញនឹងត្រូវលុបចេញឬយ៉ាងណា?អ្នកស្រីឆ្លើយខ្លីថា៖«ខ្ញុំគ្មានថ្ងៃប៉ះពាល់ប្រលោមលោកSabayនោះទេ! អ្វីរបស់ខ្ញុំនៅទីនោះ នឹងនៅទីនោះជារៀងរហូតទោះគ្មានបានកម្រៃ! ខ្ញុំដូចអ្នកនិពន្ធខ្មែរមួយភាគធំ ពួកយើងត្រូវការបាយហូបតែពួកយើងក៏ត្រូវការការគោរពហើយនឹងពួកយើងតែងរួមចំណែកលើកកំពស់ការអាននិងជ្រោមជ្រែងបណ្តាញអនឡាញ!ទុកនៅហ្នឹងចុះ ដល់ពេលណាក៏បាន!»៕
ដោយ៖ លង់ វណ្ណៈ