​បើ​មាន​សញ្ញា​៦​​យ៉ាង​​នេះ ​បញ្ជាក់​​​ថា​​​ ​​អ្នក​​មិន​ទាន់​​ត្រៀម​ខ្លួន​រួច​រាល់ ​​ក្នុង​ការ​លា​ឈប់​ពី​ការងារ​​នៅ​​ឡើយ​​



​មនុស្ស​មួយ​ចំនួន​ ​​តែង​គិត​ចង់​លាឈប់​ពី​ការងារ​របស់​ខ្លួន​បច្ចុប្បន្ន​ក្រោម​ហេតុផល​ ​ផ្សេងៗ​ពី​គ្នា​។ ​​​​​យ៉ាង​ណា​ក៏​ដោយ ​អ្នក​ខ្លះ​​មិន​ទាន់​គិត​ស្រួលបួល ​ឬ ​ត្រៀម​ខ្លួន​គ្រប់គ្រាន់​នៅ​ឡើយ​ផង ​បែរ​ជា​ចង់​លាឈប់​ពី​ការងារ​​ ​ជា​ហេតុ​នាំ​ឲ្យ​ពួកគេ​ប្រឈម​មុខ​បញ្ហា​ជាច្រើន​នា​ពេល​​ខាង​មុខ​។ ​ដូច្នេះ​ហើយ ​មុន​នឹង​សម្រេច​ចិត្ត​លាឈប់​ ​ត្រូវ​គិត​ឲ្យ​ច្បាស់ និង ​ត្រៀម​លក្ខណៈ​ឲ្យ​បាន​រួចរាល់​ជា​មុន​សិន ​ទើប​ជា​ជម្រើស​ដ៏​ល្អ​។ ​ខាងក្រោម​នេះ ​ជា​សញ្ញា​៦​​យ៉ាង​បញ្ជាក់​ថា ​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​​រួចរាល់​ ក្នុង​ការ​ចាក់ចេញ​ពី​ការងារ​នៅ​ឡើយ​៖​​

១) អ្នក​មិន​មាន​គម្រោង​ច្បាស់លាស់៖​ នៅ​ពេល​ដែល​អ្នក​គិត​រឿង​លា​ឈប់​ពី​ការងារ​ អ្នក​ប្រហែល​ជា​ស្រមើស្រមៃ​ថា ​​អ្នក​នឹង​រក​បាន​ការងារ​ដែល​ល្អ​ជាង​នេះ ឬ​ក៏​មិន​ចាំបាច់​ស្មុគស្មាញ​ដូច​នៅ​កន្លែង​ធ្វើការ​ចាស់​នោះ​ទេ។ បើ​សិន​ជា​អ្នក​មិន​ទាន់​ប្រាកដ​ថា​អ្នក​នឹង​ត្រូវ​ធ្វើ​អ្វី​បន្ទាប់​នោះ​ទេ អ្នក​គួរ​តែ​ផ្អាក​ការ​គិត​លា​ឈប់​ពី​ការងារ​សិន​ទៅ រួច​ចាំ​រហូត​ដល់​អ្នក​អាច​គិត​បាន​ម៉ត់ចត់​សិន។

២)​ អស្ថិរភាព​ហិរញ្ញវត្ថុ៖ ​ពេលវេលា​ដើរ​លឿន​ ការ​ចំណាយ​ក៏​អស់​ច្រើន​។ បើ​សិន​ជា​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​ចំណាយ​លុយ​ទៅ​លើ​ការ​ហាត់ប្រាណ​នៅ​ក្លឹប​កីឡា ឬ​ ​ទទួលទាន​​អាហារ​នៅ​ខាង​ក្រៅ​ជា​ញឹកញាប់ អ្នក​ប្រហែល​ជា​មិន​ទាន់​ត្រៀម​ខ្លួន​បាន​១០០% នោះ​ទេ ព្រោះ​គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ឡើយ​ថា​ការងារ​ថ្មី​មាន​ស្ថានភាព​បែប​ណា​នោះ។ ​​

៣) ​អ្នក​មិនទាន់​ចេះ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​ខ្លួន​ឯង​បាន​ល្អ​នៅ​ឡើយ៖ ​បើ​សិន​ជា​អ្នក​ធ្វើការ​ដោយ​ការ​បង្ខិត​បង្ខំ ឬ​ដោយសារ​តែ​ចង់​បាន​ប្រាក់​តែ​មួយ​មុខ​ដោយ​មិន​មាន​ការ​ពេញចិត្ត​ចំពោះ​ការងារ​ខ្លួន ក៏​ជា​ចំណុច​អវិជ្ជមាន​ដែរ​ ព្រោះ​ថា​អ្នក​មិន​ទាន់​ចេះ​លើក​ទឹកចិត្ត​ខ្លួន​ឯង​ឲ្យ​ធ្វើការ​ដោយ​ក្ដី​ស្រលាញ់។

៤)​​ អ្នក​មិន​ទាន់​បាន​ត្រៀម​ខ្លួន​រួច​រាល់៖ ​តើ​អ្នក​ដឹង​ថា​ការងារ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​បន្ទាប់​ពី​អ្នក​លា​ឈប់​ពី​ការងារ​ហើយ​ឬ​នៅ? តើ​អ្នក​នៅ​ចង់​ធ្វើការ​ឲ្យ​អ្នកដទៃ​​ឬ​ចង់​ឈរ​លើ​ជំហរ​ខ្លួនឯង​ដោយ​ធ្វើការ​រកស៊ី​? ហើយ​អ្នក​បាន​ត្រៀម​ខ្លួន​អ្វី​ហើយ​ខ្លះ​សម្រាប់​ការងារ​ថ្មី​នោះ? បើ​អ្នក​មិន​ទាន់​មាន​ចម្លើយ​សម្រាប់​សំនួរ​ទាំងអស់​នេះ​ទេ អ្នក​អាច​ទុក​ពេល​គិត​មួយ​រយៈ​សិន​ ​មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត។

៥) ​អ្នក​មិន​មាន​ទំនុក​ចិត្ត​ទៅ​លើ​សមត្ថភាព​របស់​ខ្លួនឯង៖​ ​បើ​សិន​ជា​អ្នក​ចង់​បើក​អាហារដ្ឋាន​តែ​អ្នក​មិន​ចេះ​គិត​បញ្ជី​ មិន​ចេះ​​រត់​តុ មិន​ចេះ​​ការងារ​ក្នុង​ហាង អ្នក​គួរ​តែ​យក​ពេល​វេលា​នេះ​ទៅ​ធ្វើការ​ ឬ​ហ្វឹកហាត់​ទៅ​លើ​រឿង​ទាំងអស់​នេះ​ជា​មុន​សិន។

៦) ​ខ្វះ​ក្ដី​ស្រលាញ់​ចំពោះ​ការងារ៖​ ​មាន​មនុស្ស​ជាច្រើន​មិន​ទាន់​ដឹង​ថា​ខ្លួន​ឯង​ស្រលាញ់​ការងារ​បែប​ណា​នៅ​ឡើយ​នោះ​ទេ ហើយ​ពួកគេ​ក៏​ដើរ​សាកល្បង​ធ្វើ​ការងារ​នេះ​ការងារ​នោះ​ដែល​ធ្វើឲ្យ​គេ​ធុញទ្រាន់​នឹង​ការងារ​ព្រោះ​ថា​ធ្វើ​បាន​តែ​មួយ​ឆាវ។ បើ​យើង​នៅ​ជាមួយ​វា​យូរ​បន្តិច​យើង​អាច​ឃើញ​ពី​ចំណុច​ល្អ​របស់​ការងារ​នោះ​ក៏​អាច​ថា​បាន​៕

​​ប្រែ​សម្រួល​ដោយ​៖ ​តូច ម៉ាយ៉ារស្មី ​ប្រភព៖ ​webwriterspotlight.com

X
5s