នាយិកាក្រុមហ៊ុន SentoSaSilk ចែករំលែកចំណុចសំខាន់៣យ៉ាងដែលអ្នកត្រូវដឹងមុនពេលបើកអាជីវកម្ម
ការចាប់ផ្ដើមអាជីវកម្មមិនមែនជារឿងដែលងាយស្រួលនោះឡើយ ដូច្នេះប្រសិនបើអ្នកដាក់ចិត្តថាចូលប្រឡូកនៅក្នុងវិស័យនេះហើយអ្នកត្រូវតែមានការត្រៀមខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយជាមុន។ ខាងក្រោមនេះគឺជាការចែករំលែករបស់លោកស្រី សេង តក្កនារី នាយិកាគ្រប់គ្រងក្រុមហ៊ុនSentoSaSilkជាក្រុមហ៊ុនផលិតផលសូត្រខ្មែរ នូវចំណុចសំខាន់ចំនួន៣ដែលអ្នកគួរស្វែងយល់មុនពេលសម្រេចចិត្តបើកអាជីវកម្មដោយខ្លួនឯង។
សហគ្រិនស្រ្តីឆ្នើមរូបនេះបានលើកឡើងថា ចំណុចសំខាន់ទីមួយដែលអ្នកត្រូវត្រៀមគឺ ផែនការអាជីវកម្ម៖ យើងត្រូវតែស្គាល់ពីសាច់រឿងនៃអាជីវកម្ម និងប្រភេទអាជីវកម្មដែលយើងដែលចង់បើកនោះ ថាតើវាជាប្រភេទអាជីវកម្មអ្វី ត្រូវដឹងថាតើប្រភេទអាជីវកម្មខ្នាតធំគេរៀបចំបែបណា ហើយអាជីវកម្មបែបគ្រួសារគេរៀបចំបែបណា។ មួយវិញទៀតត្រូវត្រៀមហិរញ្ញវត្ថុឬដើមទុនឲ្យបានគ្រប់គ្រាន់សម្រាប់ការដំណើរការក្នុងឆ្នាំទី១ ឆ្នាំទី៣ ឆ្នាំទី៥។
ចំណុចសំខាន់ទី២ គឺត្រូវមានការតាំងចិត្ត៖ ជាការពិតណាស់ការតាំងចិត្តសម្រាប់បុគ្គលម្នាក់ៗគឺជាចំណុចសំខាន់ខ្លាំងណាស់ ក្នុងនោះលោកស្រីតក្កនារីបានចែករំលែកថា បញ្ហាក្រដាស់ស្នាមឬលិខិតផ្សេងៗគឺជារឿងក្រោយទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតសម្រាប់បុគ្គលម្នាក់ៗនោះគឺការតាំងចិត្ត ថាតើយើងចង់ឲ្យអាជីវកម្មរបស់យើងលូតលាស់ក្នុងកម្រិតណា តើនៅឆ្នាំដំបូងយើងអាចឲ្យវារីកចម្រើនកម្រិតណា ចុះឆ្នាំបន្ទាប់យើងត្រូវរៀបចំអ្វីខ្លះទៀតដើម្បីធ្វើឲ្យអាជីវកម្មរបស់យើងដំណើរការទៅមុខបាន។
ចំណុចសំខាន់ទី៣គឺការគ្រប់គ្រងតម្លៃ៖ យើងត្រូវតែដឹងពីការគ្រប់គ្រងទៅលើការលក់ឬការចំណាយផ្សេងៗ គ្រប់គ្រងទៅលើការចំណាយ ការទិញ និងថ្លៃរដ្ឋាបាលនានាថាតើយើងអាចគ្រប់គ្រងវាបានគ្រប់ជ្រុងជ្រោយឬអត់ ព្រោះថាក្នុងការបើកអាជីវកម្មមួយគឺការចំណាយលើតម្លៃដែលនៅលើតម្លៃរដ្ឋាបាលគឺខ្ពស់ខ្លាំងណាស់ ដូចជាការជួលបុគ្គលិក បង់ពន្ធជូនរដ្ឋ និងឯកសារផ្សេងៗដែលទាក់ទងនឹងការធ្វើអាជីវកម្មគឺមានកម្រិតខ្ពស់ ដូច្នេះវាទាមទារឲ្យយើងសិក្សាស្វែងយល់ឲ្យបានច្រើន ដូចជាច្បាប់ទម្លាប់របស់រដ្ឋាភិបាល និងការចុះបញ្ជីផ្សេងៗសុទ្ធតែជាចំណុចដែលយើងត្រូវដឹង៕
អត្ថបទដោយ៖ ជួប ស្រីរ័ត្ន