ស្ថាបនិក​សមាគមន៍​សហគ្រិន​ស្រ្តី​កម្ពុជា​៖ ភាព​ជោគជ័យ​គឺ​អាស្រ័យ​លើ​កត្តា​ខាង​ក្នុង​របស់​យើង​



លោក​ស្រី​ សេង​ តក្កនារី ស្ថាបនិក​និង​ជា​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សមាគមន៍​សហគ្រិន​ស្រ្តី​កម្ពុជា ​ព្រម​ទាំង​ជា​នាយិកា​គ្រប់គ្រង​ក្រុមហ៊ុនSentoSaSilk ដែល​ជា​ក្រុមហ៊ុន​មួយ​ត្រូវ​បាន​ទទួល​ស្គាល់​និង​គាំ​ទ្រ​ខ្លាំង​ពីសំណាក់ទីផ្សារ​ជាតិ​និង​ពិសេស​លើ​ទីផ្សារ​អន្តរជាតិ​តាម​រយៈ​ការ​កែ​ច្នៃផលិតផល​សូត្រ​ខ្មែរ​ជា​សម្លៀក​បំពាក់​ និង​សម្ភារៈ​តុប​តែង​លម្អនានា​យ៉ាង​ប្រណិត​រហូត​ទទួល​បាន​ពាន​រង្វាន់​ជា​ហូរហែរ។ នៅ​ក្នុង​កិច្ច​សម្ភាសន៍​ចែក​រំលែកបទពិសោធន៍​លោក​ស្រី​ តក្កនារី មាន​ប្រសាសន៍​ដោយ​សង្កត់​ធ្ងន់​ថា "អ្វីៗ​គឺ​សុទ្ធ​សឹង​តែ​អាស្រ័យ​លើ​កត្តា​ខាង​ក្នុង​ចេញ​មក​ក្រៅ​ បើ​បុគ្គល​ចង់​ជោគជ័យ​ទាល់​តែ​ចេះ​កសាង​ចំណុច​ខាង​ក្នុង​ជា​មុន​សិន"។

 

 

នាយិកា​រូប​នេះ​បាន​លើក​ឡើង​ថា សង្គម​បច្ចុប្បន្ន​នេះ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​មាន​ការ​យល់​ច្រឡំ និង​បាន​ធ្វើ​ខុស​ ទន្ទឹម​នោះ​ក៏​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​ដឹង​ថា​ខ្លួន​ឯង​បាន​ធ្វើ​ខុស​ហើយ​នៅ​តែ​មិន​ព្រម​កែ​ប្រែ ដូច្នេះ​សម្រាប់​បុគ្គល​ម្នាក់​ដែល​មិន​ចេះ​គោរព​វិន័យ មិន​ចេះ​គោរព​ច្បាប់​ មិន​ចង់​កែ​ប្រែ​ឲ្យ​ខ្លួន​ឯង​ឲ្យ​ល្អ​ផង សួរ​ថា​តើ​បុគ្គល​នោះ​អាច​ជោគជ័យ​បាន​ដោយ​របៀប​ណា? គឺ​មិន​អាច​ទេ។ ដូច្នេះ​លោក​ស្រី​មើល​ឃើញ​ថា ចំណុច​ដែល​អាច​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ជោគជ័យ​បាន​គឺ​ស្ថិត​នៅ​ផ្នែក​ខាង​ក្នុង​ ឬ​ហៅ​ថា​ជំនាញ​ទន់​ដែល​យើង​ម្នាក់ៗ​គួរ​កសាង​វា​ឲ្យ​បាន​ល្អ។

 

 

សហគ្រិន​ស្រ្តី​ឆ្នើម​រូប​នេះ​បាន​លើក​ឡើង​បន្ត​ថា បើ​និយាយ​ពី​ភាព​ជោគជ័យ​អ្នក​ណា​ក៏​ចង់​បាន​ដែរ​ ប៉ុន្តែ​ភាព​ជោគជ័យ​ខ្លះ​វា​គ្រាន់​តែ​ជា​សម្បក​ក្រៅ ព្រោះ​យើង​មិន​បាន​កសាង​វា​ពី​ខាង​ក្នុង​មក យើង​មិន​បាន​យល់​ឲ្យ​ច្បាស់​ពី​ខាង​ក្នុង មិន​បាន​សម្អាត​វា​ឲ្យ​ល្អ មិន​បាន​ធ្វើ​វា​ឲ្យ​ចេញ​ដោយ​ក្ដី​ស្រលាញ់។ ដូច្នេះ​អ្វី​ដែល​យើង​គួរ​ធ្វើ​ដំបូង​បំផុត​គឺ​ត្រូវ​ស្រលាញ់​ខ្លួន​ឯង និង​ត្រូវ​រៀប​ចំ​ខ្លួន​ឯង​ឲ្យ​ល្អ​សិន​មុន​ពេល​ដែល​ចាប់​ផ្ដើម​ធ្វើ​អ្វី​ទាំង​អស់។

 

ព្រោះ​ថា​យើង​ម្នាក់ៗ​សុទ្ធ​តែ​ជា​គំរូ សុទ្ធ​តែ​ជា​អ្នក​បន្ត​វេន ដូច្នេះ​ដើម្បី​អាច​ក្លាយ​ជា​គំរូ​និង​អ្នក​បន្ត​វេន​ដ៏​ល្អ​គឺ​លុះ​ត្រា​តែ​ខ្លួន​យើង​គឺ​ជា​មនុស្ស​ម្នាក់​ដែល​​មាន​ភាព​ស្អាត​ស្អំ​និង​ល្អ​ប្រពៃ​ខ្លាំង​ណាស់ ទើប​យើង​អាច​ក្លាយ​ជា​បុគ្គល​មួយ​រូប​គួរ​ជា​ទី​គោរព​របស់​មនុស្ស​ទូទៅ​បាន។ លោក​ស្រី​មាន​ប្រសាសន៍​ថា សម្រាប់​លោក​ស្រី​គឺ​ឲ្យ​តម្លៃ​ទៅ​លើ​សុជីវធម៌ ទម្លាប់​ល្អ​ទាំង​៧​យ៉ាង​ជា​ដើម​ដែល​សុទ្ធ​សឹង​តែ​ជា​ជំនាញ​ទន់​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្នុង។

 

បុគ្គល​ម្នាក់​ដែល​លោក​ស្រី​រាប់​ថា​ជា​​មនុស្ស​ជោគ​ជ័យ​ គឺ​មិន​មែន​ទៅ​លើ​ទ្រព្យ​សម្បត្តិ​សម្ភារ​ខាង​ក្រៅ​ខ្លួន​នោះ​ទេ តែ​គឺ​មើល​ទៅ​លើ​ចិត្ត​បរិសុទ្ធ​ និង​តើ​បុគ្គល​នោះ​អាច​ជួយ​ដល់​សង្គម​បាន​កម្រិត​ណា នោះ​ហើយ​ទើប​អាច​ហៅ​ថា​ជា​បុគ្គល​ម្នាក់​ដែល​ជោគជ័យ​ពិត​ប្រាកដ​បាន។

 

លោក​ស្រី​ សេង តក្ក​នារី៖ "នៅ​ពេល​ដែល​ឃើញ​សង្គម​និង​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ​បាន​លូត​លាស់​រីក​ចម្រើន នោះ​ហើយ​ជា​ភាព​ជោគជ័យ និង​ជា​សុភមង្គល​របស់​ខ្ញុំ"៕

 

អត្ថបទ​ដោយ៖ ជួប ស្រីរ័ត្ន

 

 

X
5s