ចំណុចអសកម្ម៥យ៉ាងដែល បុគ្គលជោគជ័យមិនព្យាយាមធ្វើវាជាថ្មីម្ដងទៀតឡើយ
មនុស្សម្នាក់ៗតែងមានកំហុស តែបើយើងយកកំហុសទាំងនោះមកសិក្សា យើងនឹងអាចប្រែក្លាយខ្លួនឯងទៅជាមនុស្សជោគជ័យម្នាក់បាន។ ប៉ុន្តែចំពោះកំហុស ឬ ចំណុចអសកម្មមួយចំនួនដែលមិនអាចកែខៃបាននោះ គឺមិនគួរព្យាយាមម្ដងទៀតឡើយ ព្រោះនាំឲ្យខាតពេល ដូច្នេះត្រូវសម្លឹងរកអ្វីដែលថ្មីវិញ ទើបជារឿងល្អ។ មនុស្សដែលជោគជ័យ នឹងមិនអនុវត្តរឿងទាំង៥នេះទេឡើយ៖
១) ត្រឡប់ទៅធ្វើអ្វីដែលមិនអាចដំណើរការ៖ ទោះបីពេលខ្លះការងារឬក៏ចំណងមិត្តភាពដែលប្រេះស្រាំត្រូវបានបញ្ចប់ដោយមូលហេតុវិជ្ជមានក្ដី យើងក៏មិនគួរត្រឡប់ទៅធ្វើអ្វីៗច្រំដដែលៗនោះទេ។ យើងត្រូវគិតពីលទ្ធផលផ្សេងពីនេះទើបបាន។ រឿងដែលចប់គឺចប់បាត់ទៅហើយ ដូច្នេះគួរគិតអ្វីដែលថ្មី និង មានប្រយោជន៍សម្រាប់ពេលខាងមុខ។
២) ធ្វើអ្វីៗដែលពួកគេមិនអាចធ្វើបាន៖ គ្រប់កិច្ចការទាំងអស់ដែលយើងធ្វើគឺយើងតែងតែចោទសួរខ្លួនឯងថា ហេតុអ្វីខ្ញុំត្រូវធ្វើវា? តើវាសាកសមនឹងសមត្ថភាពខ្ញុំ ឬ យ៉ាងណា? មិនមែនមនុស្សយើងម្នាក់ៗអាចធ្វើអ្វីៗគ្រប់យ៉ាងនោះឡើយ ដូច្នេះហើយគួរធ្វើអ្វីដែលខ្លួនមានសមត្ថភាព ឬ ជាសក្ដានុពលរបស់ខ្លួនទើបជោគជ័យ។
៣) ព្យាយាមផ្លាស់ប្ដូរអ្នកដទៃ៖ នៅពេលអ្នកមិនអាចជំរុញនរណាម្នាក់អោយ ធ្វើអ្វីមួយបាន ជាដំបូង អ្នកគួរផ្ដល់សេរីភាព និងចេះអនុញ្ញាតអោយពួកគេរៀនទទួលយកបទពិសោធន៍ទាំងនោះ។ សូមកុំព្យាយាមផ្លាស់ប្ដូរអ្នកដទៃឲ្យសោះ ព្រោះវាមិនងាយនឹងកើតឡើងឡើយ ប៉ុន្តែអ្វីដែលអ្នកគួរយកចិត្តទុកដាក់នោះគឺ ការផ្លាស់ប្ដូរខ្លួនឯង។
៤) ជឿជាក់ថា ខ្លួនអាចអនុគ្រោះដល់មនុស្សរាល់គ្នា៖ ពេលខ្លះយើងមិនអាចអនុគ្រោះដល់មនុស្សរាល់គ្នាទាំងអស់នោះទេ យើងចាំបាច់គួរតែមើលអោយច្បាស់ពីបុគ្គលម្នាក់នោះសិន។ តាមពិតទៅការអនុគ្រោះគឺជារឿងសំខាន់បំផុតក្នុងការរស់នៅ ប៉ុន្តែមនុស្សខ្លះមិនអាចអនុគ្រោះមិនឡើយ ដោយសារតែពួកគេ តែងតែបង្កការស្មុគស្មាញដល់អ្នកដទៃជានិច្ច ដូច្នេះហើយ មានតែការផ្ដាច់ទំនាក់ទំនង ឬ ធ្វើអ្វីម្យ៉ាងដែលទៅរួចដើម្បីបញ្ឈប់សកម្មភាពដ៏គួរឲ្យធុញទ្រាន់ទាំងនោះទើបជាជម្រើសល្អ។
៥) ជ្រើសរើសភាពសុខស្រួលរយ:ពេលខ្លី ច្រើនជាងផលប្រយោជន៍រយ:ពេលវែង៖ មនុស្សដែលជោគជ័យគឺមិនដែលខ្លាចឧបសគ្គនោះទេ ព្រោះគេជឿជាក់ថាឧបសគ្គទាំងនោះនឹងបង្រៀនគេអោយស្គាល់ពាក្យថាតស៊ូសម្រាប់ជីវិត។ ដូច្នេះហើយពួកគេ សុខចិត្តប្រឈមនឹងការលំបាកជាច្រើន ដើម្បីទទួលបានផ្លែផ្កានៅពេលអនាគត៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា