ចង់ស្វែងរកគំរូផែនការអាជីវកម្មល្អៗ អាចចូលមើលគេហទំព័រ ៥ នេះបាន
នៅពេលអ្នកឈានជើងចូលប្រឡូកក្នុងអាជីវកម្ម អ្នកគួរតែមានផែនការអាជីវកម្ម (Business Plan) មួយច្បាស់លាស់ បើទោះបីជាអាជីវកម្មរបស់អ្នកមានទំហំតូចក្តី ធំក្តី ឬប្រភេទណាក៏ដោយ។ ផែនការអាជីវកម្មនេះគឺប្រៀបដូចជាត្រីវិស័យមួយដ៏សំខាន់ដើម្បីជួយបង្ហាញផ្លូវដល់អាជីវកម្មរបស់អ្នកអាចដើរទៅមុខបានប្រកបដោយនិរន្តរភាព។
យ៉ាងណាមិញ សម្រាប់អាជីវកម្មថ្មីថ្មោង ជាពិសេសសហគ្រិនដែលមិនទាន់មានបទពិសោធន៍ខ្ពស់ អាចនឹងជួបបញ្ហាមួយចំនួនក្នុងការស្វែងរកគំរូអាជីវកម្មដ៏ ល្អមួយ។ ហេតុដូច្នេះហើយដើម្បីជាជំនួយជួយដោះស្រាយបញ្ហានេះ Bizkhmer សូមបង្ហាញគេហទំព័រល្បីៗចំនួន៥ ដែលមានគំរូផែនការអាជីវកម្មល្អៗជាច្រើនសម្រាប់អ្នកដូចខាងក្រោម៖
១. Bplans
នៅលើគេហទំព័រ Bplans អ្នកនឹងអាចស្វែងរកគំរូផែនការអាជីវកម្ម (Business Plan) ជាច្រើនប្រភេទជាង ៥០០ គំរូទៅតាមប្រភេទអាជីវកម្មផ្សេងៗដែលរួមមានដូចជា៖
-អាជីវកម្មលក់រាយ និងអាជីវកម្មតាមអនឡាញ
-អាជីវកម្មប្រភេទសេវាកម្ម
-អាជីវកម្មសុខភាព និង ឱសថ
-អាជីវកម្មប្រភេទភោជនីយដ្ឋាន កាហ្វេ និងហាងនំ
-សេវាកម្មថែទាំសត្វ
-ប្រឹក្សាយោបល់
-សម្រស់ ស្ប៉ា និងម៉ាស្សាជាដើម។
២. LivePlan
LivePlan គឺជាគេហទំព័រល្បីល្បាញមួយទៀតដែលពេញនិយមបំផុតមួយសម្រាប់អ្នកដែលមានបំណងចង់បង្កើតផែនការអាជីវកម្មប្រកបដោយលក្ខណៈវិជ្ជាជីវៈមួយ។ គេហទំព័រនេះផ្ទុកគំរូផែនការអាជីវកម្មរាប់រយតាមវិស័យផ្សេងៗ និងមានគំរូប្លង់សម្រាប់ឲ្យអ្នកអាចសរសេរផែនការអាជីវកម្មដោយខ្លួនឯងបានទៀតផង។
៣. ACCA Global
ACCA Global ជាគេហទំព័រដ៏ពេញនិយមមួយទៀតដែលមានគំរូផែនការអាជីវកម្ម ហើយអ្នកអាចទាញយកឯកសារបានពីក្រុមហ៊ុនល្បីៗចំនួន ៣ ។ ពេលចូលទៅកាន់គេហទំព័រនេះ អ្នកនឹងឃើញឯកសារគំរូផែនការអាជីវកម្មរបស់ក្រុមហ៊ុន Airport caf, ក្រុមហ៊ុន Stone importing Ltd, និងក្រុមហ៊ុនSmith Fuel Efficiency Ltd។
៤. រដ្ឋបាលអាជីវកម្មខ្នាតតូចរបស់អាមេរិក (SBA)
រដ្ឋបាលធុរកិច្ចខ្នាតតូចរបស់អាមេរិក (U.S. Small Business Administration) គឺជាភ្នាក់ងារមួយនៃរដ្ឋាភិបាលអាមេរិកដែលបានផ្តល់ជូននូវមគ្គុទ្ទេសក៍ដ៏ច្រើនសំបូរបែបនៃផែនការអាជីវកម្មរួមទាំងបង្ហាញពីភាពខុសគ្នានៃគំរូផែនការតាមបែបប្រពៃណី និងផែនការអាជីវកម្មតាមបែបសម័យទំនើប។ SBA ក៏អាចជួយអ្នកផងដែរក្នុងការ ផ្តល់ប្រឹក្សាផ្នែកអាជីវកម្មពីអ្នកជំនាញដោយមិនគិតថ្លៃប្រសិនបើអ្នកត្រូវការជំនួយ។
៥. Shopify
Shopify បានផ្តល់គំរូផែនការអាជីវកម្មតែមួយប៉ុណ្ណោះ ប៉ុន្តែវាល្អសម្រាប់អ្នក។ Shopify បានបង្ហាញគំរូផែនការអាជីវកម្មរបស់ក្រុមហ៊ុនសម្លៀកបំពាក់ Be Denim ដែលមើលទៅគួរឲ្យទាក់ទាញសម្រាប់អ្នកដែលចង់ស្វែងយល់ និងមានគម្រោងចង់សរសេរផែនការអាជីវកម្ម៕
ប្រភព៖ Inc