វិធី ៤យ៉ាងដើម្បីធ្វើការងារឱ្យកាន់តែឆ្លាតជាងមុន មិនមែនកាន់តែលំបាកជាងមុន (Work Smarter, Not Harder)
ការខិតខំធ្វើការងារគឺជាពិតជាសំខាន់ ប៉ុន្តែនៅពេលដែលយើងដឹងពីកន្លែងដែលត្រូវខំគឺរឹតតែសំខាន់ទៅទៀតព្រោះថានៅពេលដែលយើងដឹងពីចំណុចដែលត្រូវខំ គឺយើងចេះធ្វើការដោយឆ្លាតវៃ មិនមែនធ្វើការដោយលំបាកនោះទេ (Work smarter, Not Harder)។ ខាងក្រោមនេះគឺជាគន្លឹះសម្រាប់អ្នក៖
១) ចេះសម្រាក លោកអ្នកគួរតែកំណត់ពេលខ្លួនឯងសម្រាប់សម្រាកឱ្យបានទៀតទាត់ក្នុងពេលបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន ព្រោះថាការសម្រាកបន្តិចបន្តួច (៥នាទី) អាចជួយបង្កើនផលិតភាពការងាររបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះទេ នៅពេលដែលលោកអ្នកដើរចេញ ឬផ្អាកការងារឈប់សម្លឹងកុំព្យូទ័រមួយភ្លែត នឹងធ្វើឱ្យភ្នែករបស់អ្នកបានសម្រាក និងអាចជួយសម្រួលចលនាឈាមជើងរបស់អ្នកបានថែមទៀតផង។
២) ធ្វើបញ្ជីការងារអាទិភាព និងគ្រប់គ្រងពេលវេលា ការធ្វើផែនការប្រចាំថ្ងៃទុកជាមុនសម្រាប់ខ្លួនឯង គឺជារឿងដែលចាំបាច់បំផុត។ មិនចាំបាច់ធ្វើបញ្ជីផែនការទុកជាមុនច្រើនចំណុចពេកនោះទេ លោកអ្នកអាចជ្រើសរើសការងារដែលសំខាន់បំផុតតែ បី (៣) ក៏បានដែរ។ ការងារទាំងបីនោះគឺជាការងារដែលយើងអាចធ្វើទៅបាន ពោលគឺអាចគ្រប់គ្រងបាន។ អ្វីដែលសំខាន់មួយទៀត គឺត្រូវចេះធ្វើប្រព័ន្ធគ្រប់គ្រងពេលវេលាសម្រាប់ខ្លួនឯង ដើម្បីឱ្យការងារអាចសម្រេចទៅបានតាមកាលបរិច្ឆេទដែលបានគ្រោងទុក។
៣) ពិនិត្យមើល email និងបណ្ដាញសង្គមរបស់អ្នកក្នុងពេលណាមួយមិនមែនញឹកញាប់ពេកទេ មានពេលខ្លះលោកអ្នកមិនចាំបាច់ពិនិត្យមើលអ៊ីមែល និងបណ្ដាញសង្គមរបស់ខ្លួនញឹកញាប់ពេកនោះទេព្រោះថាអាចធ្វើឱ្យអ្នកបាត់បង់ការផ្ដោតអារម្មណ៍ទៅលើការងារ។ អ្នកគួរកំណត់ពេលឆែកអ៊ីម៉ែល ឬបណ្ដាញសង្គម បីដងពេលព្រឹក ឬបីដងពេលរសៀលក៏បានដែរ លើកលែងតែពេលណាដែលតម្រូវឱ្យធ្វើការងារអ្វីមួយបន្ទាន់។
៤) រៀបចំកន្លែងធ្វើការរបស់អ្នកឱ្យមានរបៀបរៀបរយ លោកអ្នកត្រូវចេះរៀបចំកន្លែងធ្វើការរបស់អ្នកឱ្យមានរបៀបរៀបរយ ជាពិសេសឯកសារណាដែលសំខាន់គឺត្រូវមានកន្លែងច្បាស់លាស់។ មិនថាតែឯកសារជាក្រដាសនោះទេ សូម្បីតែក្នុងកុំព្យូទ័ររបស់អ្នកគួរតែបង្កើត Folders ឱ្យមានរបៀបរៀបរយផងដែរ ហើយបើអាចរៀនប្រើ shortcut keys នៅលើកុំព្យូទ័រដើម្បីធ្វើឱ្យអ្នកកាន់តែបំពេញការងារបានលឿន៕
ដោយ៖ រតនៈវិភូ