​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​​



កិច្ចការ​ជំនួញ​មិនមែន​ជា​រឿង​ងាយស្រួល​ ដូច​ការ​គិត​នោះ​ឡើយ ​ព្រោះ​បើ​វា​ងាយ​ស្រួល​នោះ​ ប្រហែល​ជា​គ្រប់គ្នា​សុទ្ធតែ​ជា​សេដ្ឋី​អស់​ហើយ​។ ​មុន​នឹង​ឈាន​ទៅដល់​ភាព​ជោគជ័យ​នៃ​ការ​រកស៊ី​ ​ទាល់តែ​​​មាន​ការ​លះបង់​ខ្ពស់​ណាស់​ ព្រោះ​ថា​ ​ក្នុង​ពេល​ដំណើរការ​នោះ​មិនដឹង​ថា​ ត្រូវ​ប្រឈម​នឹង​បញ្ហា​អ្វី​ខ្លះ​នោះ​ទេ។ ខាងក្រោម​នេះ គឺ​ជា​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ ដែល​លោក​អ្នក​ត្រូវ​ហ៊ាន​លះបង់​ ដើម្បី​ជោគជ័យ​នៅ​ពេល​ខាងមុខ៖

​១) ​ប្រាក់ចំណូល​ក្នុង​គ្រាដំបូង​​

រាល់​អាជីវកម្ម​ថ្មីថ្មោង​ទាំងអស់​ សុទ្ធតែ​ត្រូវ​ប្រឈម​នឹង​ការ​ពិបាក​​ចំពោះ​ការ​ទទួល​បាន​ប្រាក់​ចំណូល​ក្នុង​រយៈពេល​​ដំបូងៗ​ នៃ​ដំណើរការ​។​ ​មនុស្ស​ភាគច្រើន​ មាន​អារម្មណ៍​មិន​សូវ​ជា​ស្ងប់​ប៉ុន្មាន​ទេ​ ​ព្រោះ​​ពួកគេ​ធ្លាប់​ទទួល​បាន​​ប្រាក់​ចំណូល​ប្រចាំ​ខែ​តាម​រយៈ​ការងារ​របស់​ខ្លួន​ ​ហើយ​​​​នៅ​ពេល​បោះបង់​ការងារ​​ដោយ​ងាក​មក​រកស៊ី​ តែ​មិន​ទាន់​ឃើញ​ផល​ចំណេញ​។ ​​​​​ក្នុង​ស្ថានភាព​នេះ​ អ្នក​ត្រូវ​តែ​ស៊ូទ្រាំ​ឲ្យ​បាន​ ​ព្រោះ​ថា ​នេះ​គឺ​ជា​ដំណាក់​កាល​ដ៏​សំខាន់​មួយ​ ​ក្នុង​ការ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​។ បើ​មិនអាច​ស៊ូទ្រាំ​នឹង​ការ​លះបង់​ប្រាក់​ចំណូល​ទាំង​នេះ​ទេ ​នោះ​អ្នក​មិនអាច​ឲ្យ​​​ការ​ខិតខំ​របស់​អ្នក​សម្រេច​គោល​ដៅ​នោះ​ឡើយ ដូច្នេះ​ហើយ​ត្រូវ​តែ​ទ្រាំ​ឲ្យ​បាន។

២) ពេលវេលា

កាលពី​ធ្វើការ​ឲ្យ​គេ ​លោក​អ្នក​ប្រាក​ជា​ធ្វើការ​បន់​ឲ្យ​តែ​ដល់​ម៉ោង​ប៉ុណ្ណោះ​ដើម្បី​ សម្រាក។ ប៉ុន្តែ​ពេល​បើក​អាជីវកម្ម​ខ្លួន​ឯង​ អ្នក​មិនអាច​ធ្វើ​បែបនេះ​ទៀត​ឡើយ។ ពេលវេលា​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​​ព្រោះ​វា​មិនដែល​រង់ចាំ​នណាម្នាក់​ឡើយ។ ​ដូច្នេះ​ហើយ​ ​លោក​អ្នក​ត្រូវ​តែ​ហ៊ាន​លះបង់​ពេលវេលា​ផ្ទាល់​ខ្លួន​ ដើម្បី​ធានា​ថា ​អាជីវកម្ម​ថ្មី​របស់​អ្នក​ ដំណើរ​ការ​ទៅ​ ប្រកប​ដោយ​ភាព​វិជ្ជមាន​។

៣) ​ការ​ខាតបង់

​​មិនមែន​រាល់​អាជីវកម្ម​ថ្មីថ្មោង​ទាំងអស់​ សុទ្ធតែ​ជោគជ័យ​ដូច​ ការ​គ្រោង​ទុក​នោះ​ឡើយ​​ ព្រោះ​គ្មាន​អ្វី​ដែល​អាច​ទាយ​ទុក​បាន​ជា​មុន​ឡើយ។ ​ក្នុង​ស្ថាន​ភាព​នេះ​ ​​លោក​អ្នក​ដែល​ចង់​បើក​អាជីវកម្ម​ទាំងឡាយ​ ត្រូវ​តែ​ត្រៀម​ចិត្ត​ត្រៀម​កាយ​ឲ្យ​ហើយ មុន​នឹង​សម្រេចចិត្ត​ឈាន​ជើង​ក្នុង​វិស័យ​ជំនួញ​។ ​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​ ដើម្បី​ប្រឈម​នឹង​ការ​ខាតបង់​នេះ គឺ ​ដើម្បី​ឲ្យ​ចិត្ត​របស់​អ្នក មិន​បោះបង់​ក្តី​សុបិន​របស់​ខ្លួន​ដោយ​ងាយ​ ​ជាពិសេស​នៅ​ពេល​ខាតបង់​ ឬ បរាជ័យ​៕

ដោយ៖ BizKhmer

X
5s