សេដ្ឋកិច្ចសកលនឹងមានកំណើន ៣,៥ភាគរយ​



សេដ្ឋកិច្ចពិភពលោកមើលឃើញថានឹងមានកំណើន ៣,៥ភាគរយក្នុងឆ្នាំ២០១៩ នេះបើយោងតាមការព្យាករណ៍ដោយអ្នកសេដ្ឋកិច្ចរបស់វិទ្យាស្ថានវិទ្យាសាស្ត្រសង្គមចិន (Chinese Academy of Social Sciences)។

កំណើនដ៏យឺតនេះគឺដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលមានសេដ្ឋកិច្ចធំជាងគេលើលោក ភាពច្របូកច្របល់នៃទីផ្សារហិរញ្ញវត្ថុ បញ្ហាគោលនយោបាយរបស់ប្រទេសសេដ្ឋកិច្ចធំៗ និងជម្លោះពាណិជ្ជកម្មរបស់ប្រទេសនាំចេញធំៗជាដើម។

ក្នុងឆ្នាំ ២០១៩ ស្ថាប័នជាច្រើនមានដូចជា ធនាគារពិភពលោក (World Bank)  មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានធ្វើការព្យាករណ៍ថា ចំណូលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាមេរិកនឹងមានការធ្លាក់ចុះប្រសិនបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។ ធនាគារពិភពលោកបានព្យាករណ៍ថាកំណើននេះនឹងធ្លាក់ចុះ​ ២,៥ភាគរយក្នុងឆ្នាំ ២០១៩ ដែលធ្លាក់ចុះពី ២,៧ភាគរយក្នុងឆ្នាំ២០១៨។

កំណើនសេដ្ឋកិច្ចសកលនឹងទទួលរងឥទ្ធិពលពីបញ្ហាវឹកវរទីផ្សារហិរញ្ញវត្ថុដែលបង្កឡើងដោយការកើនឡើងអត្រាការប្រាក់ ដែលអាចនឹងបណ្ដាលឲ្យការធ្លាក់ចុះនៃរូបិយប័ណ្ណ និងវិបត្តិរូបិយវត្ថុក្នុងប្រទេសដទៃទៀត ភាពមិនអាចសងបំណុលរបស់ប្រទេសដែលមានបំណុលខ្ពស់មួយចំនួន និងតម្លៃទ្រព្យសកម្មធ្លាក់ចុះក្នុងប្រទេសមួយចំនួនដែលបណ្ដាលមកពីភាពយឺតយ៉ាវនៃសេដ្ឋកិច្ចជាដើម។

ជម្លោះពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកនិងប្រទេសផ្សេងទៀត មានផលប៉ះពាល់ដល់ទៅការធ្វើពាណិជ្ជកម្មសកល កាត់បន្ថយការវិនិយោគ ជម្លោះហិរញ្ញវត្ថុ យោធា និងនយោបាយជាដើម ដែលរឿងរ៉ាវទាំងអស់នេះនឹងអាចធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។

ទន្ទឹមគ្នានេះដែរ UBS ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុ  ក៏បានព្យាករណ៍ផងដែរថាកំណើនសេដ្ឋកិច្ចសកលនឹងមានកំណើន ៣,៦ភាគរយក្នុងឆ្នាំ ២០១៩ ដែលចំណួននេះធ្លាក់ចុះពី ៣,៨ភាគរយក្នុងឆ្នាំ ២០១៨ កន្លងទៅ ដោយសារតែគោលនយោបាយរូបិយវត្ថុមានភាពតឹងរឹង ជម្លោះពាណិជ្ជកម្ម និងការធ្លាក់ចុះនៃល្បឿនសេដ្ឋកិច្ចរបស់ប្រទេសធំៗមួយចំនួន៕

ដោយ៖ លង់ វណ្ណៈ

X
5s