លោក សោម សម្បត្តិ៖ មនុស្សគ្រប់រូបត្រូវមាន "ស ម ច ល" ដើម្បីមានលុយ មានភាពជោគជ័យក្នុងជីវិត
“កើតមកក្រមិនមែនជាកំហុសរបស់អ្នកទេ តែកំហុសរបស់អ្នកធំបំផុតគឺពេលស្លាប់ទៅវិញនៅតែជាអ្នកក្រ” មនុស្សកើតមកខុសគ្នា ការគិតក៏ខុសគ្នា មានមនុស្សខ្លះគិតថាចង់មាន ចង់បានទាំងខ្លួនមិនបានធ្វើអ្វីសោះ។ ចង់ក្លាយជាអ្នកមាន មិនពិបាកទេ ព្រោះលុយមិនដែលប្រកាន់មនុស្សឡើយ មានតែមនុស្សទេដែលប្រកាន់លុយ ដូច្នេះហើយបើមនុស្សស្រលាញ់ លុយ ចង់មានលុយច្រើនត្រូវចាំ អក្សរចំនួន៤ តួនៅក្នុងជីវិតជាដាច់ខាត នោះគឺ៖
អក្សរ "ស = សុខភាព"៖ បើមនុស្សស្រឡាញ់សុខភាពខ្លួនឯង គេមិនបណ្តោយឲ្យខ្លួនមានជំងឺផេ្សងៗឡើយ ផ្ទុយទៅវិញ សុខភាពល្អ គឺយើងអាចបំពេញកិច្ចការងារជាច្រើនបាន ប៉ុន្តែបើយើងឈឺ ទោះបីមានលុយក៏មិនដឹងថាចាយ ឲ្យសប្បាយចិត្តបានដោយរបៀបណាដែរ។ ដើម្បីឲ្យមានសុខភាពល្អនិងសម្រេចបានរឿងជាច្រើនយើងបង្កើនសមត្ថភាពកម្លាំងចំនួន៤គឺ កម្លាំងកាយ+កម្លាំងចិត្ត+កម្លាំងប្រាជ្ញា+កម្លាំងស្មារតី ទើបអាចសម្រេចបានជោគជ័យ។
អក្សរ "ម = មិត្តភាព"៖ មិត្តភាពសំខាន់ គ្មាននរណាម្នាក់អាចរស់ជាមួយភាពឯកាជារៀងរហូតឡើយ តែបើបង្កើនមិត្តភាព គឺបង្កើនលុយ ប្រសិនបើគ្មានមិត្តភាពទេ គ្រប់រឿងយើងត្រូវធ្វើតែឯង ដោះស្រាយខ្លួងឯង ប្រឈមមុខខ្លួនឯង ដូច្នេះចង់ស្រួលបង្កើនមិត្តភាពឲ្យបានច្រើន។
អក្សរ "ច = ចំណេះវិជ្ជា"៖ ចំណេះដឹងជាគោលសំខាន់ សម្រាប់ធ្វើឲ្យជីវិតមានន័យនៅពេលអនាគត ចំណេះដឹងត្រង់ចំណុចនេះ គឺសម្តៅទៅលើ ចំណេះវិជ្ជា(Knowledge) និង ចំណេះធ្វើ(Knowhow) ដូច្នេះបើមនុស្សគ្រប់រូបមានវាប្រៀបដូចជាមានអ្វីៗសឹងតែគ្រប់យ៉ាង ជាពិសេសទ្រព្យសម្បត្តិតែម្តង។
អក្សរ "ល=លុយ"៖ លុយជាចំណែកមួយធំនៅក្នុងជីវិតរបស់យើង ភាគច្រើនលុយធ្វើមនុស្សសប្បាយ ហើយក៏បានសម្លាប់មនុស្សអស់ជាច្រើននាក់ព្រោះតែវាផងដែរ។
តាមប្រសាសន៍ លោក សោម សម្បត្តិ ប្រធានក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint ថា លុយមាន៤ ប្រភេទ គឺ លុយអាក្រក់ លុយល្អ លុយធ្វើឲ្យយើងអរ និង លុយធ្វើឲ្យយើងភ័យ៕