លោក​បណ្ឌិត គឹម ហ៊ាង៖ បង្ហើប​ពី​យុទ្ធសាស្រ្ត​ផ្ទាល់​ខ្លួន​ក្នុង​ការ​លក់​ដីឡូតិ៍​ឲ្យ​ឆាប់​ដាច់​



ឆ្លងកាត់​បទពិសោធន៍​ខាង​ទិញ​លក់​ដីធ្លី​រយៈ​ពេល​ជាង​១០​ឆ្នាំ ​លោក​បណ្ឌិត​ គឹម ហ៊ាង ​ម្ចាស់​ក្រុមហ៊ុន  KHMER REAL ESTATE ដែល​មនុស្ស​ភាគ​ច្រើន​បាន​ស្គាល់​រូបលោក​តាម​រយៈ​ភាព​លេច​ធ្លោ​ក្នុង​វិស័យ​អចលនទ្រព្យនិង​ដីធ្លី បាន​ចែក​រំលែកនូវ​យុទ្ធសាស្រ្ត​ផ្ទាល់​ខ្លួន​របស់​លោក​ក្នុង​ការ​លក់​ដីធ្លី​ប្រកប​ដោយ​ប្រសិទ្ធិភាព។ "ខ្ញុំ​មិន​ដែល​ចាំ​ភ្ញៀវ​មក​រក​ខ្ញុំ​ទេ គឺ​ខ្ញុំ​ទៅ​គោះ​ទ្វា​ដល់​ផ្ទះ​ភ្ញៀវ" នេះ​គឺ​ជា​សម្តី​របស់​​លោក​បណ្ឌិត​គឹម ហ៊ាង។

លោក​បណ្ឌិត​បាន​លើក​ឡើង​ថា ក្នុង​ការ​រក​ស៊ី​យើង​មិន​អាច​នៅ​អង្គុយ​រង់ចាំ​ភ្ញៀវ​ឲ្យ​គេ​មក​រក​យើង​មុន​ទេ​គឺ​យើង​ត្រូវ​តែ​ទៅ​រក​គេ​មុន​ ដូច​ពាក្យ​មួយ​នៅ​ក្នុង​ភាសា​សង្រ្គាម​ដែល​គេ​និយាយ​ថា ស្គាល់​ខ្លួន​ឯង​ស្គាល់​សត្រូវ​វាយ​ពេល​ណា​ក៏​ឈ្នះ ដូច្នេះ​បើ​ចង់​លក់​ដី​ឡូតិ៍​ឲ្យ​ដាច់​យើង​ចាំបាច់​ត្រូវ​តែ​ស្គាល់​ហាង​ឆេង​ដី យើង​ត្រូវ​ស្គាល់​ថា​ដី​នោះ​មាន​តម្លៃ​ប៉ុន្មាន ហើយ​ដី​នោះ​យើង​អាច​ធ្វើ​អ្វី​កើត មាន​ន័យ​ថា​យើង​ត្រូវ​ស្គាល់​ឲ្យ​ច្បាស់​ពី​ផលិតផល​របស់​ខ្លួនឯង។

អ្នក​ជំនាញ​រូប​នេះ​បាន​និយាយា​ថា​ "យើង​ចាំបាច់​ត្រូវ​ដឹង​ថា​តើ​អ្នកណា​ខ្លះ​ដែល​អាច​មាន​លទ្ធភាព​ទិញ​ដី​យើង​បាន ឧទាហរណ៍​ថា​យើង​មាន​ដី​មួយ​ឡូតិ៍​២០០០​ម៉ែតការ៉េ​នៅ​ផ្លូវ​នរោត្តម​ ដូច្នេះ​យើង​ត្រូវ​ដឹង​ថា​ដី​នូវ​ផ្លូវ​នរោត្តម​មាន​តម្លៃ​មួយ​ការ៉េ​ប៉ុន្មាន​ យ៉ាង​ហោច​ណាស់​ក៏​តម្លៃ​៦០០០ដុល្លារ​ដែរ​ដែល​វា​ស្មើរ​នឹង​១២លានដុល្លារអាមេរិក។ ហើយ​សួរ​ថា​តើ​ដី​នៅ​ទី​នោះ​ធ្វើ​អ្វី​កើត​? ដី​នោះ​អាច​ធ្វើ​ធនាគារ​បាន អាច​ធ្វើ​អាផាតមិន​បាន និង​អាច​ធ្វើ​ការិយាល័យ​បាន ដូច្នេះ​យើង​ត្រូវ​សួរ​ទៀត​ថា​តើអ្នក​ណា​ដែល​មាន​លុយ​១២លាន​នោះ?

អ្នក​ដែល​អាច​ទិញ​ក្នុង​តម្លៃ​១២លាន​ដុល្លារទាល់​តែ​គាត់​មាន​ទ្រព្យសម្បត្តិ​២០​លានដុល្លារ ដូច្នេះ​តើ​អ្នក​ណា​ដែល​មាន​លុយ​២០​លាន​នៅ​ស្រុក​ខ្មែរ? ដូច្នេះ​សួរ​ថា​តើ​អ្នក​ដែល​មាន​ទ្រព្យសម្បត្តិ​២០​លាន​នៅ​ស្រុក​ខ្មែរ​មាន​ប៉ុន្មាន​នាក់​ យ៉ាង​ច្រើន​មាន​ប្រហែល​ជា​២០០​នាក់​ប៉ុណ្ណោះ​ ដូច្នេះ​តើ​យើង​មាន​លេខ​ទូរស័ព្ទ​គេ​ឬ​អត់? Okមាន ទាក់​ទង​ទៅ​គេ។ ខ្ញុំ​រកស៊ី​​លក់​អ៊ីចឹង មិន​ដូច​អ្នក​ខ្លះ​នៅ​អង្គុយ​រអ៊ូរ​លក់​មិន​ដាច់ទេៗ ខ្ញុំ​មិន​ចេះ​នៅ​អង្គុយ​រអ៊ូរ​ទេ​គឺ​ខ្ញុំ​ដើរ​រក​ភ្ញៀវ"។

លោក​បណ្ឌិត​បន្ត​ថា "អ្នក​លក់​បច្ចុប្បន្ន​នៅ​ស្ទើរ​ណាស់​គឺ​អង្គុយ​រង់ចាំ​ឲ្យ​គេ​ចូល​មក​ ដូច្នេះ​សួរ​ថា​ការ​រកស៊ី​អ្នក​ណា​គេ​នៅ​អង្គុយ​ចាំ​អញ្ចឹង ប្រសិន​បើ​ខ្ញុំ​ជា​អ្នក​លក់​ផ្ទះ​វិញ​ខ្ញុំ​ត្រូវ​ដឹង​ថា​ពីរ​នាក់​នោះ​គេ​ទើប​រៀប​ការ​ហើយ​គេ​ត្រូវ​ការ​ទិញ​ផ្ទះ ដូច្នេះ​ខ្ញុំ​និង​ទៅ​ដល់​កន្លែង​គេ​នៅ ហើយ​គោះ​ទ្វា​រធ្វើ​បទបង្ហាញ​ យក​គម្រោង​បូរី​ឲ្យ​គេ​មើល​តែ​ម្ដង​។ គេ​លក់​អញ្ជឹង​ វិធី​នេះ​ខ្ញុំ​ធ្វើ​តាំង​តែ​ពី​១០​ឆ្នាំ​មុន​ មិន​មែន​អង្គុយ​ស្រួលៗ​ក្នុង​ម៉ាស៊ីន​ត្រជាក់​ហើយ​រអ៊ូរ​ទេ"៕

អត្ថបទ​ដោយ៖ ជួប ស្រីរ័ត្ន

X
5s