៣ ជំហានប្រែក្លាយពី «គំនិត» ឲ្យចេញទៅជា «សហគ្រិន»!
ពាក្យថា "សហគ្រិន” ត្រូវបានយល់ច្រឡំរបស់មនុស្សភាគច្រើន ដោយយល់ថា មនុស្សម្នាក់ចេញរកស៊ីបើកជំនួញ បើកក្រុមហ៊ុន ធ្វើអាជីវកម្មដោយខ្លួនឯងទើបហៅថាសហគ្រិន។ ប៉ុន្តែការពិតនៃនិយមន័យនេះគឺមានភាពទូលំទូលាយជាងនេះទៅទៀត។ ការពិតគ្រប់បុគ្គលដែលមានភាពច្នៃប្រឌិត និងសមត្ថភាពជួយឲ្យសង្គមមួយកាន់តែរីកចម្រើនក៏អាចហៅម្យ៉ាងបានទៀតថា ជាសហគ្រិនដែរ។
យ៉ាងណាមិញ ការធ្វើឲ្យគំនិតមួយដែលផុសចេញឡើង ហើយប្រែក្លាយវាទៅជាការពិត មិនមែនជារឿងមួយងាយស្រួលនោះឡើយ។ ឥឡូវនេះ អ្នកអាចសាកល្បងប្រើគន្លឹះ ៣ជំហានខាងក្រោមនេះថា តើវាអាចជួយឲ្យអ្នកបានកម្រិតណា?
ជំហានទី១៖ រកឲ្យឃើញជំនាញ និងទេពកោសល្យរបស់អ្នកពូកែខាងអ្វី មនុស្សគ្រប់គ្នាចង់បានលុយ។ ប៉ុន្តែមានមនុស្សច្រើនណាស់ដែលភ្លេចគិតថា លុយរកបានកាន់តែច្រើននៅពេលអ្នកពង្រឹងជំនាញរបស់អ្នកកាន់តែខ្លាំង ដូចនេះហើយចំណុចសំខាន់មួយនៃការរៀនរកលុយ គឺការកំណត់ឲ្យឃើញថា អ្នកមានជំនាញ និងទេពកោសល្យខាងអ្វីឲ្យពិតប្រាកដ។ នៅពេលអ្នកដឹងថា អ្នកមានជំនាញ ឬ ទេពកោសល្យខាងអ្វី អ្នកត្រូវយកវាទៅប្រៀបធៀបជាមួយអ្នកផ្សេងទៀថា អ្នកខ្លាំងជាងគេក្នុងកម្រិតណា។ មូលហេតុដែលអ្នកត្រូវមានជំនាញ និងទេពកោសល្យគឺដោយសារតែនៅពេលអ្នកចាប់ផ្តើមចេញធ្វើអាជីវកម្ម វាអាចជួយឲ្យអ្នកអនុវត្តផែនការរបស់អ្នកយ៉ាងសកម្ម ដាក់ចិត្តដាក់កាយជាមួយនឹងក្តីស្រលាញ់ ហើយឆាប់ជោគជ័យជាងធ្វើអាជីវកម្មទាំងឡាយណាដែលអ្នកគិតថា បើកឡើងដោយចៃដន្យ ឬតាមគេតាមឯង។
ជំហានទី២៖ កសាងទំនុកចិត្តដើម្បីបង្កើតបានភាពជឿជាក់ ទំនុកចិត្តគឺជាធាតុផ្សំដ៏សំខាន់មួយទៀតនៅទីនេះ។ នៅពេលអ្នកធ្វើអ្វីមួយកាន់តែច្រើន អ្នកនឹងកាន់តែមានទំនុកចិត្តដើម្បីបន្តផែនការរបស់អ្នករហូតដល់ទីបញ្ចប់។ នៅក្នុងពិភពអាជីវកម្ម គឺទាមទារទំនុកចិត្តនេះឯង ដូច្នេះហើយសហគ្រិនដែលបរាជ័យ គឺដោយសារតែខ្វះទំនុកចិត្តពីព្រោះថា ជំនាញ ទេពកោសល្យ និងបទពិសោធន៍របស់អ្នកទាំងនោះមិនត្រូវបានធានាឡើយថា ពិតជាធ្វើវាបាន។ នៅក្នុងដំណាក់កាលនៃការអនុវត្តពីមួយជំហានមួយទៅជំហានមួយទៀត គឺទំនុកចិត្តមានកម្រិតរបស់វា ហើយនៅពេលទំនុកចិត្តអវត្តមាន អ្នកនឹងបាត់បង់ការគ្រប់គ្រងលើផែនការអាជីវកម្មរបស់អ្នក។ ជំនួសមកវិញ អ្នកត្រូវជឿជាក់ថា គំនិត ការអនុវត្ត និងសមត្ថភាពរបស់អ្នកនឹងប្រែក្លាយគំរោងអាជីវកម្មរបស់អ្នកឲ្យក្លាយជាការពិតបាន។ បើគ្មានទំនុកចិត្ត មិនមានភាពជឿជាក់នោះឡើយ ហើយបើគ្មានភាពជឿជាក់ ឱកាសនៃការបោះបង់គឺមានខ្ពស់ណាស់។
ជំហានទី៣៖ ប្រែក្លាយក្តីស្រលាញ់ឲ្យទៅជាមហិច្ឆតាចង់បានវាជាទីបំផុត ចំណុចពិសេសចុងក្រោយក្រៅពីជំនាញ និងទំនុកចិត្តរបស់អ្នក គឺសមត្ថភាពក្នុងការផ្ដោតទៅលើគំនិតរបស់អ្នកដែលអ្នកមានអារម្មណ៍ថា អ្នកពិតជាមានមហិច្ឆតាចង់ធ្វើវាទីបំផុត។ មហិច្ឆតា នឹងនឹងជំរុញឲ្យអ្នកអាចទាញចេញពីអ្វីដែលអ្នកបានត្រឹមស្រឡាញ់ ឲ្យផ្លាស់ប្ដូរទៅជាសកម្មភាព។ គោលដៅរបស់អ្នកនៅទីនេះគឺកំណត់ឲ្យឃើញអ្វីមួយដែលអ្នកស្រលាញ់បំផុត ដូចជាសហគ្រិននេះ ហើយចាប់ផ្តើមធ្វើគម្រោងដើម្បីអនុវត្តវា។ នៅពេលអ្នកមានគម្រោងនៅក្នុងដៃ និងក្តីស្រលាញ់កាន់តែខ្លាំង នោះមហិច្ឆតាចង់ឈោងចាប់វានឹងកាន់តែកៀកក្លាយជាការពិត៕
ប្រភព៖ success