ឯកឧត្តម គួច សុមាន៖ តាមការព្យាករណ៍ កម្ពុជានឹងមានកំណើនការងារខ្ទង់ ២៧ម៉ឺនកន្លែងនាពេលអនាគត
នៅក្នុងកម្មវិធីសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៥ ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា ស្ដីអំពី "ការពង្រីកប្រភពកំណើនសេដ្ឋកិច្ចកម្ពុជា" ឯកឧត្តម គួច សុមាន អគ្គនាយករងនៃទីភ្នាក់ងារជាតិមុខរបរនិងការងារ បានបង្ហាញពីទិន្នន័យការព្យាករណ៍ពីកំណើនក្នុងវិស័យការងារនៅកម្ពុជា ថានឹងអាចកើនឡើងដល់ចំនួន២៧ម៉ឺនកន្លែងក្នុងពេលខាងមុខនេះ។
ឯកឧត្តមបានលើកឡើងថា ប្រសិនបើសេដ្ឋកិច្ចកម្ពុជាកើនឡើង១%នោះកំណើនការងារនឹងអាចកើនឡើងដល់៩ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលក្នុងនោះវិស័យកសិកម្មអាចកើនប្រហែល៣ម៉ឺនកន្លែង និងវិស័យឧស្សាហកម្មអាចនឹងកើនឡើងខ្ទង់២ម៉ឺនកន្លែង។ បើយើងមើលទៅលើកំណើនការងារនៃឆ្នាំនីមួយៗវិញយើងឃើញថា កំណើនការងារជាមធ្យមនៅកម្ពុជាគឺខ្ទង់៣.៦% ហើយក្នុងមួយឆ្នាំកំណើនការងារខ្ទង់២៣ម៉ឺនកន្លែង ចំណែកឯការព្យាករណ៍ពីកំណើនការងារនៅពេលអនាគតវិញគឺ២.៩% ដែលអាចនឹងមានកំណើនដល់២៧ម៉ឺនកន្លែងក្នុងឆ្នាំ២០២១។
វិស័យដែលមានកំណើនលឿនគឺមានដូចជា វិស័យដែលទាក់ទងនឹងការផលិតដែលក្នុងមួយឆ្នាំអាចបង្កើតការងារបានជាង៥ម៉ឺនកន្លែង វិស័យពាណិជ្ជកម្មអាចបង្កើតបានជាង៤ម៉ឺនកន្លែង វិស័យវាយនភ័ណបង្កើតបានជាង៦ម៉ឺនកន្លែង វិស័យសំណង់បង្កើតបានជិត៨ម៉ឺនកន្លែង និងមួយទៀតគឺ ផ្នែកសណ្ឋាគារ និងភោជនីយដ្ឋានបង្កើតបានជាង៤ម៉ឺនកន្លែង។ ជាការពិតតាមរយៈការព្យាករណ៍បង្ហាញថាវិស័យឧស្សាហកម្មនៅតែដើរតួនាទីយ៉ាងសំខាន់និងបានរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចនៅកម្ពុជាចំនួន១០.៥% ដែលជាចំណែកយ៉ាងសំខាន់ក្នុងការជម្រុញកំណើនវិស័យការងារផងដែរ។
បញ្ហាការងារដែលត្រូវដោះស្រាយសម្រាប់ប្រទេសកម្ពុជាយើងគឺកង្វះតម្រូវការអ្នកដែលមិនទទួលបានការអប់រំ និងអ្នកដែលទទួលបានការអប់រំទាប ក្នុងនោះនៅកម្ពុជាអ្នកដែលមានកម្រិតសិក្សាទាបជាងថ្នាក់បឯមសិក្សាគឺមានអាយុចាប់១៥ឆ្នាំឡើងមានប្រមាណជាខ្ទង់៦០% ដែលនេះជាមូលហេតុជម្រុញឲ្យមានអត្រាអត់ការធ្វើកើតឡើងដែលតម្រូវឲ្យមានវិធានការក្នុងការដោះស្រាយ។ បញ្ហាសំខាន់មួយទៀតគឺការកើនឡើងនូវឱកាសការងារសម្រាប់អ្នកដែលទទួលបានការអប់រំខ្ពស់នៅកម្ពុជានាពេលខាងមុខ ដូច្នេះបើយើងមិនចាប់យកឱកាសនេះទេ នោះប្រទេសជិតខាងនឹងមកធ្វើការជំនួសយើង៕
អត្ថបទដោយ៖ ជួប ស្រីរ័ត្ន