មេរៀន ៦ ដែល​អ្នក​គួរ​រៀនសូត្រ​នៅ​ក្នុង​ឆ្នាំ ២០១៩​ខាងមុខ​



​តើ​អ្នក​បាន​ត្រៀម​ខ្លួន​ដើម្បី​ផ្លាស់ប្ដូរ​ហើយ​ឬ​នៅ​សម្រាប់​ឆ្នាំ ២០១៩​ខាងមុខ​? នៅ​ពេល​អ្នក​មាន​​គោលដៅ​ត្រូវ​ធ្វើ​សម្រាប់​ឆ្នាំ​ថ្មី​​ដូច​ជា ពង្រីក​មុខ​ជំនួញ រក​លុយ​បន្ថែម ឬ​ពង្រឹង​អាជីព​​ការងារ​ជា​ដើម អ្នក​តែង​នឹក​គិត​​​​ឃើញ​ភាព​ជោគជ័យ​នឹង​ធ្លាក់​មក​លើ​ដៃ​អ្នក។ ប៉ុន្តែ​ពេល​ខ្លះ លទ្ធផល​វា​មិន​អាច​ដូច​ការ​គ្រោង​ទុក​​របស់​អ្នក​​​ទាំងស្រុង​នោះ​ទេ។ នេះ​អាច​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​​ទៀត​ជា​ពិសេស​ខ្លួន​អ្នក​ផ្ទាស់​ដែល​​មិន​បាន​បញ្ចេញ​សកម្មភាព​​ណា​មួយ​​​ដើម្បី​សម្រេច​បាន​គោលដៅ​​នោះ។ ឥឡូវ​នេះ​អ្នក​អាច​សាកល្បង​មក​សិក្សា​ស្វែង​យល់​ពី​មេរៀន​សំខាន់ៗ ខាង​ក្រោម​នេះ​ដើម្បី​ភាព​ជោគជ័យ​ឆ្នាំ​ ២០១៩ ខាងមុខ​៖ ​​

១.ជោគជ័យ មិន​អាច​យក​បាន​ដោយ​ប្រើ​ពេល​ត្រឹមតែ​មួយ​យប់​នោះ​ឡើយ​ ត្រឹមតែ​មួយ​យប់​អ្នក​​អាច​ជោគជ័យ​បាន​ គឺ​ជា​រឿង​បោកប្រាស់​​ ហើយ​វា​មិន​អាច​ទៅ​រួច​នោះ​ឡើយ។ នៅ​ក្នុង​ឆ្នាំ ២០១៩ ខាងមុខ មិន​ចំពោះ​ថា ​​អ្នក​ព្យាយាម​រក​លុយ ធ្វើ​ជំនួញ បង្កើត​ទំនាក់ទំនង​ឲ្យ​កាន់តែ​រឹងមាំ ឬ ហាត់​ប្រាណ​ដើម្បី​ឲ្យ​សុខភាព​ល្អ​យ៉ាងណាក៏ដោយ ត្រឹមតែ​ពេល​មួយ​យប់​ អ្នក​មិន​អាច​សម្រេច​លទ្ធផល​ទាំង​នេះ​ដូច​​អ្វី​ដែល​អ្នក​ចង់​បាន​​​នោះ​ឡើយ។ រៀងរាល់ថ្ងៃ​អ្នក​ត្រូវតែ​​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើត​មូលដ្ឋានគ្រឹះ​នៃ​ភាព​ជោគជ័យ​របស់​អ្នក​ហើយ​អ្វី​ដែល​សំខាន់​បំផុត​អ្នក​ត្រូវ​ចាប់ផ្តើម​ជឿជាក់​លើ​ខ្លួន​ឯង​ រៀប​យុទ្ធសាស្ត្រ​របស់​អ្នក​ និង​​ឃ្លាំមើល​ភាព​​ភាព​​រីកចម្រើន​របស់​អ្នក​ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​នៅ​ក្នុង​ផ្នែក​ណាមួយ​នៃ​ជីវិត​របស់​អ្នក។

២.ការ​ដាក់​វិន័យ​ខ្លួន​ឯង គឺ​ជា​កូនសោ​មាស​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ ភាព​មាន​វិន័យ​ចំពោះ​ខ្លួន​ឯង គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​​​កសាង​ជីវិត​មួយ​ដ៏​មាន​សុភមង្គល និង​សុខភាព​ល្អ។ ប្រសិន​បើ​អ្នក​មិន​​លត់ដំ​ខ្លួន​ឯង ​ឬ​បង្កើត​ទម្លាប់​​ដ៏​តឹង​រឹង​​ទេ​នោះ វា​នឹង​បណ្តាល​​ឲ្យ​អ្នក​មាន​ជំងឺ​​ផ្លូវកាយ និង​ផ្លូវចិត្ត។ ​ការ​ឆាប់​​ក្រោក​ពី​ព្រលឹម​ ហាត់ប្រាណ ការ​​ទទួលទាន​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ ការ​​បែងចែក​ការងារ​ជា​អាទិភាព​របស់​អ្នក ការ​រៀនសូត្រ​ជំនាញ​ថ្មីៗ ការ​ទំនាក់ទំនង និង​ការ​​ចូល​ទទួលទាន​ដំណេក​​​គ្រប់គ្រាន់​ គឺ​ជា​សមាសធាតុ​សំខាន់ៗ ​ដែល​អ្នក​ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​។ ជោគជ័យ​ក្នុង​ឆ្នាំ ២០១៩ ខាងមុខ គឺ​​ផ្តើម​ចេញ​ពី​សកម្មភាព​ដ៏​ហ្មត់ចត់​​​​របស់​អ្នក​នៅ​ពេល​នេះ។

៣.គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក ដោយសារតែ​ការ​ចំណាយ​មាន​ការ​កើន​ឡើង​ជា​លំដាប់ និង​ទំនិញ​កាន់តែ​ឡើង​ថ្លៃ មាន​មនុស្ស​ច្រើន​ណាស់​ដែល​បាត់បង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន។ ជា​រៀងរាល់​ឆ្នាំ អ្នក​ប្រហែល​ជា​សន្យា​នឹង​ខ្លួន​ឯង​ថា រក​លុយ​ឲ្យ​បាន​ប៉ុណ្ណេះ ចាយ​ត្រឹម​ប៉ុណ្ណេះ យក​លុយ​ទៅ​រកស៊ី​ប៉ុណ្ណោះ ឬ​គ្រោង​ចំណាយ​ធ្វើ​អ្វី​មួយ ប៉ុន្តែ​ទីបំផុត​ការ​សន្យា​ទាំង​នេះ​បាន​រលាយ​ទៅ​វិញ។ នេះ​ជា​ចំណុច​សំខាន់​ដែល​អ្នក​ត្រូវ​កែប្រែ​វា​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើង​វិញ ​ដោយ​តាមដាន​យ៉ាង​លម្អិត​ពី​ចំណូល​ចំណាយ ជា​ពិសេស​​អ្វី​ដែល​អ្នក​គូរ​សម្រេច​ឲ្យ​បាន​ក្នុង​ឆ្នាំ ២០១៩ ខាងមុខ​​គឺ​ភាព​ច្នៃប្រឌិត​ក្នុង​ការ​វិនិយោគ​លុយ​កាក់ ជាជាង​​ចាយ​លុយ​ច្រើន​ឥតប្រយោជន៍។ រក​គន្លឹះ​ធ្វើ​ម៉េច​ឲ្យ​រក​ចំណូល​បាន​ច្រើន​ដូច​ជា ចាប់​ដៃគូ​រកស៊ី ឬ​វិនិយោគ​អចលនទ្រព្យ ​ជា​ដើម។

៤.ធ្វើ​ឲ្យ​បាន​ច្រើន​ជាង​គិត មាន​គំនិត​ច្រើន ប៉ុន្តែ​បើ​មិន​អនុវត្ត វា​នៅ​តែ​គ្មាន​ប្រយោជន៍​។ ការ​គិត​ច្រើន​ជ្រុល​ដូច​ចៅ​ចាក់ស្មុគ ​គឺ​ជា​ការ​ចំណាយ​ពេល​ឥតប្រយោជន៍​។ ប្រសិន​បើ​អ្នក​ចង់​ផ្លាស់ប្ដូរ​ខ្លួន​អ្នក អ្នក​ត្រូវ​ធ្វើ​អ្វី​មួយ​ដើម្បី​ផ្លាស់ប្ដូរ​វា​ចេញ។ បើ​ចង់​សម្រក​ទម្ងន់ អ្នក​ត្រូវ​ចេញ​ទៅ​ហាត់ប្រាណ ឬ បើ​អ្នក​ចង់​មាន​លុយ​ ត្រូវ​ធ្វើ​ការ​រកស៊ី​។ គំនិត​បែប​រវើរវាយ និង​ស្រមើស្រមៃ​គ្មាន​ព្រំដែន វា​នឹង​មាន​ឥទ្ធិពល​ដល់​ភាព​ជោគជ័យ​របស់​អ្នក។ ដូច្នេះ បើ​អ្នក​មាន​គំនិត​ ឬ គម្រោង​ណា​មួយ​ហើយ​​នោះ អ្នក​ត្រូវ​អនុវត្ត​ឲ្យ​ចេញ​ជា​រូបរាង​ឡើង​ឲ្យ​ក្លាយ​ជា​ការពិត។

៥.បិទ​បញ្ចប់​ទំនាក់ទំនង​មិន​ល្អ មនុស្ស​ម្នាក់ៗ​ធ្លាប់​ជួប​បញ្ហា​ទំនាក់ទំនង​ល្អក់កករ។ ប្រសិន​បើ​អ្នកណា​ម្នាក់​ចាកចេញ​ពី​អ្នក​នៅ​ពេល​អ្នក​ត្រូវ​ការ​បុគ្គល​នោះ​​បំផុត នោះ​មានន័យ​ថា អ្នក​នោះ​កំពុង​បាត់បង់​អ្នក។ រឿង​សាមញ្ញ​បំផុត​របស់​អ្នក​នៅ​ទីនេះ អ្នក​ត្រូវ​​​ស្វែង​យល់​ថា តើ​​អ្នក​មាន​អារម្មណ៍​បែប​ណា​នៅ​ពេល​ទំនាក់ទំនង​ជា​មួយ​អ្នកណា​ម្នាក់? សូម​ចាំ​ថា អ្នក​ត្រូវ​រក្សា​ទំនាក់ទំនង​ឲ្យ​បាន​ល្អ​ជា​មួយ​អ្នក​ដែល​ជួយ​លើកទឹកចិត្ត​អ្នក ផ្តល់​ក្តី​សង្ឃឹម​ឲ្យ​អ្នក​ ធ្វើ​ឲ្យ​អ្នក​ញញឹម និង​ជំរុញ​ឲ្យ​អ្នក​ជោគជ័យ។ ទំនាក់ទំនង​ដែល​ធ្វើ​ឲ្យ​អ្នក​បរាជ័យ ឬ​បែប​ហុត​ទឹក​សម្លឹង​កាក អ្នក​​គួរ​បញ្ចប់​វា​ទៅ។

៦.រៀន​ទទួល​​យក​ការ​បដិសេធន៍ ភាព​ភ័យខ្លាច​ទៅ​នឹង​ការ​បដិសេធន៍​ពី​អ្នកណា​ម្នាក់ គឺ​ជា​រារាំង​ដល់​សក្ដានុពល​របស់​អ្នក។ ការ​ទទួល​បាន​ការ​បដិសេធន៍​គឺ​ជា​បទពិសោធន៍​វិជ្ជមាន​មួយ​សម្រាប់​អ្នក​។ មាន​មនុស្ស​មិន​តិច​ឡើយ​ដែល​ត្រូវ​បាន​បដិសេធន៍​ពី​ការងារ ឬ ត្រូវ​បាន​បដិសេធន៍​ពី​សំណើ​លើ​គម្រោង​អាជីវកម្ម​ជា​ដើម ប៉ុន្តែ​ពួកគេ​នៅ​តែ​ឈ្មុសឈ្មុល​ទៅ​មុខ។ ការ​បដិសេធន៍​បន្តិចបន្តួច​នេះ នឹង​ជំរុញ​ឲ្យ​អ្នក​ដើរ​ទៅ​មុខ​បាន​មួយ​ជំហាន​ទៀត ហើយ​នៅ​ទីបំផុត​​នឹង​មាន​មនុស្ស​ផ្សេង​ទៀត​​ព្រម​ទទួល​យក​សំណើ​ ឬ​ឲ្យ​តម្លៃ​អ្នក​ជា​មិនខាន។ គន្លឹះ​ទាំង​នេះ​​នឹង​ជួយ​អ្នក​ឲ្យ​ចាប់ផ្តើម​ជោគជ័យ​ក្នុង​ឆ្នាំ ២០១៩ ខាងមុខ​ ហើយ​​សូម​ចាំ​ជានិច្ច​ថា​ ភាពជោគជ័យ ឬ បរាជ័យ​ គឺ​ជា​ការ​ទទួលខុសត្រូវ​របស់​អ្នក៕

ប្រភព៖ entrepreneur

X
5s