កត្តាសំខាន់ពីរយ៉ាង ដែលអ្នកត្រូវសិក្សា មុនពេលចាប់ផ្ដើមអាជីវកម្ម
ការចាប់ផ្ដើមអាជីវកម្ម មិនមែនជារឿងលេងសើចដែលអ្នកត្រូវតែធ្វើទាំងប្រថុយប្រថានដោយគ្មានក្បួនខ្នាតឬការសិក្សាច្បាស់លាស់នោះទេ ព្រោះវានឹងនាំឲ្យអាជីវកម្មរបស់អ្នកខាតបង់ឬមិនដំណើរការទៅមុខជាដើម តួយ៉ាង លោក លឹម បណ្ឌិត ស្ថាបនិកនៃក្រុមហ៊ន CAPITAL CHARM បានចែករំលែកនូវកត្តាសំខាន់ពីរដែលអ្នកគួរសិក្សាឲ្យបានច្បាស់លាល់មុនពេលសម្រេចចិត្តបើកអាជីវកម្ម។
កត្តាសំខាន់ទីមួយដែលអ្នកគួរសិក្សា គឺកត្តាខាងក្រៅ៖ លោក លឹម បណ្ឌិត បានលើកឡើងដោយឧទាហរណ៍ជាក់ស្ដែងជាមួយនឹងការចាប់ផ្ដើមអាជីវកម្ម Sky Bar របស់លោកថា មុនពេលដែលចាប់ផ្ដើមអាជីវកម្មប្រភេទនេះ យើងផ្ទាល់ដែលជាម្ចាស់អាជីវកម្មត្រូវដឹងថា តើយើងស្ថិតនៅក្នុងតំបន់អ្វី? តើវាជាតំបន់ទេសចរណ៍ឬក៏ជាតំបន់ដាច់ស្រយាលស្ងប់ស្ងាត់?។ មួយវិញទៀតយើងត្រូវសិក្សាពីលំហូរប្រជាជនឲ្យបានច្បាស់លាស់ថាតើ ប្រជាជននៅក្នុងតំបន់នោះមានជនចំណាកស្រុកច្រើនឬទេ ឬក៏ភាគច្រើនជាប្រជាជនដែលរស់នៅនឹងថ្កល់នៅទីនោះ។
ស្ថាបនិកវ័យក្មេងរូបនេះបន្តថា ៖«បន្ទាប់ពីនោះយើងត្រូវសិក្សាទៅលើតម្រូវការជាក់ស្ដែងរបស់ប្រជាជននៅក្នុងតំបន់នោះថាតើគាត់ត្រូវការអ្វី? តួយ៉ាងដូចជាអាជីវកម្ម Sky Bar នេះដែរ ដែលខ្ញុំត្រូវសិក្សាយ៉ាងច្រើនទៅលើកត្តាខាងក្រៅ រហូតដល់ត្រូវធ្វើការស្រាវជ្រាវឲ្យដឹងថាតើក្មេងមានចំនួនប៉ុន្មាន ចាស់មានចំនួនប៉ុន្មាន? អ្នកមានកម្រិតជីវភាពមានប៉ុន្មានភាគរយ ហើយអ្នកខ្វះខាតមានប៉ុន្មានភាគរយ ដូច្នេះយើងចាំបាច់ត្រូវដឹងឲ្យអស់ពីកត្តាខាងក្រៅបន្ទាប់ពីនោះទើបយើងងាកមកមើលលើកត្តាខាងក្នុងវិញ»។
ចំពោះកត្តាខាងក្នុងវិញ៖ «យើងត្រូវដឹងថា តើយើងខ្លួនឯងចង់ធ្វើអ្វី? ហើយចង់ឲ្យអាជីវកម្មរបស់យើងនោះវាដំណើរការទៅមុខនៅក្នុងទម្រង់បែបណា? តើយើងចង់បានអ្វីពីការធ្វើអាជីវកម្មរបស់យើង? តើយើងចង់បានអ្វីពីអតិថិជន? តើភ្ញៀវប្រភេទណាដែលយើងត្រូវជ្រើសរើស មានន័យថាយើងត្រូវចេះកំណត់អតិថិជនរបស់ខ្លួនឲ្យរួចរាល់សិនថាតើភ្ញៀវបែបណាដែលពិតជាត្រូវនឹងតម្រូវការទីផ្សាររបស់យើង។ ទាំងអស់នេះសុទ្ធតែជាសំណួរសំខាន់ដែលអ្នកគួរសួរខ្លួនឯងមុនពេលសម្រេចចិត្តបើកអាជីវកម្មប្រភេទណាមួយ»។ ជាមួយគ្នានេះដែរ លោក លឹម បណ្ឌិត បានលើកឡើងបន្ថែមថា លោកពិតជាគាំទ្រដល់ប្រជាជនទាំងអស់ជាពិសេសចំពោះយុវជនក្នុងការបង្កើតនូវអ្វីដែលជាស្នាដៃរបស់ខ្លួន ដើម្បីបង្ហាញប្រាប់ដល់ជាតិសាសន៍ដទៃថា យើងមានធនធានគ្រប់គ្រាន់ក្នុងការធ្វើវា៕
អត្ថបទ៖ ជួប ស្រីរ័ត្ន