Bill Gate​ បាន​ផ្ញើសារ​​ទៅ​និស្សិត​​កំពុង​សិក្សាឲ្យ​ធ្វើ​រឿង​ ៦​​ យ៉ាង​នេះ​



​ជា​អតីត​​និស្សិត​ម្នាក់​ដែល​ធ្លាប់​​បាន​បោះបង់​ការ​សិក្សា​នៅ Harvard ការ​សម្រេចចិត្ត​របស់​​លោក Bill Gates នៅ​ពេល​នោះ​មិនមែន​ជា​គំរូ​ពិតប្រាកដ​សម្រាប់​សិស្ស​និស្សិត​នោះ​ទេ។ ប៉ុន្តែ​អ្នក​មាន​ជាងគេ​បំផុត​​​លំដាប់​ទី២​នៅ​លើ​ពិភព​លោក​​រូប​នេះ​បាន​ជោគជ័យ ខ្លាំង​នៅ​លើ​មុខ​ជំនួញ​របស់​លោក ហើយ​នៅ​ពេល​បច្ចុប្បន្ន​លោក​កំពុង​រីករាយ​ទៅ​នឹង​សកម្មភាព​មនុស្សធម៌​​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​​ភាព​ក្រីក្រ និង​ជំងឺ​ផ្សេងៗ​ដែល​គំរាមកំហែង​មនុស្ស​រាប់​លាន​អ្នក​នៅ​ជុំវិញ​ពិភពលោក។ យ៉ាងណាក៏ដោយ ទោះ​​ធ្លាប់​បោះបង់​សាលា​​លោក​ក៏​មិន​ភ្លេច​ដែរ​ក្នុង​ការ​ផ្តល់​ដំបូន្មាន​​ខ្លះៗ​ដល់​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​មហា វិទ្យាល័យ​ដូច​ខាងក្រោម៖

១. វិស័យ​ថាមពល បច្ចេកវិទ្យា​​ឆ្លាតវៃ​សិប្បនិម្មិត (AI) និង ជីវសាស្ត្រ​នឹង​មាន​សក្ដានុពល​នៅ​ពេល​អនាគត​​ នៅ​ចុង​​ឆ្នាំ​ ២០១៧ កន្លង​ទៅ លោក Bill Gates បាន​សរសេរ​​សារ​មួយ​​នៅ​លើ​គេហទំព័រ ​Twitter របស់​លោក​ថា សិស្ស​និស្សិត​​ចូល​ថ្មី​ដែល​បញ្ចប់​ថ្នាក់​វិទ្យាល័យ គួរ​ចាប់​ជំនាញ​រៀន​មុខវិជ្ជា​​សំខាន់ៗ​ទាំង​៣​ខាងលើ​នេះ។ លោក​បាន​ហៅ​មុខវិជ្ជា​ទាំង​៣​នេះ​ថា ជា​​មុខវិជ្ជា​ដ៏​មាន​សក្ដានុពល​សម្រាប់​កើប​មាស​កើប​ប្រាក់​នៅ​ពេល​អនាគត។

២. រាប់​អាន​មនុស្ស​ដែល​​ជួយ​ឲ្យ​អ្នក​​ជោគជ័យ នៅ​លើ​បណ្ដាញ​ Twitter របស់​លោក​ដដែល លោក Bill Gates ផ្តល់​ដំបូន្មាន​ថា និស្សិត​ទាំង​អស់​​​គួរ​ចំណាយ​ពេល​នៅ​ជា​មួយ​មនុស្ស​ដែល​ជួយ​ឲ្យ​​ពួកគេ​​រីកចម្រើន និង​​​មាន​គំនិត​អភិវឌ្ឍន៍​។ ​លោក​បាន​បន្ត​ថា មនុស្ស​ម្នាក់ៗ​អាច​​ដើរ​ទៅ​រក​ទិសដៅ​មួយ​​អាស្រ័យ​លើ​មនុស្ស​ដែល​ពួកគេ​សេពគប់។ មនុស្ស​ដែល​ពួកគេ​សេពគប់ មាន​ឥទ្ធិពល​ដល់​​ភាព​ជោគជ័យ ឬ​បរាជ័យ​របស់​ពួកគេ។ បើ​សេពគប់​មនុស្ស ត្រូវ​ឲ្យ​ចេះ​មើល​មនុស្ស​​ណា​ដែល​នាំ​ផល​ល្អ​មក​ឲ្យ​ខ្លួន​ឯង។

៣. ជឿជាក់​ថាពិភពលោក​នឹង​កាន់តែ​ប្រសើរ និង​​​​អភិវឌ្ឍល្អ​ជាង​មុន ថ្វីត្បិត​តែ​ពិភពលោក​បាន​ហែល​ឆ្លង​ឧបសគ្គ​ជា​ច្រើន​រាប់​មិន​អស់​ដូច​ជា​សង្គ្រាម ​ជំងឺ​កាច​សាហាវ និង​គ្រោះ​ធម្មជាតិ​ធំៗ​ក៏​ពិត​មែន ប៉ុន្តែ​លោក Bill Gates ចង់​ឲ្យ​យុវជន​ជា​និស្សិត​ជំនាន់​ក្រោយ​ប្រកាន់​ទស្សនៈ​វិជ្ជមាន​ដោយ​ជឿជាក់​ថា ពិភពលោក​មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​មុន។ លោក​សង្កត់​ធ្ងន់​ថា បើ​អ្នក​គិត​ថា ពិភពលោក​កាន់តែ​អភិវឌ្ឍ អ្នក​បាន​ចូលរួម​ចំណែក​​ធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​ល្អ​ប្រសើរ។ នេះ​មិនមែន​មានន័យ​ថា អ្នក​ចង់​គេចវេស​ពី​បញ្ហា​ប្រឈម​ដែល​ពិភពលោក​ជួបប្រទះ​នោះ​ទេ ប៉ុន្តែ​​មានន័យ​ថា អ្នក​ជឿជាក់​ថា បញ្ហា​ទាំង​នោះ​នឹង​អាច​ដោះស្រាយ​បាន។

៤.មាន​សុទិដ្ឋិនិយម ធ្វើ​ឲ្យ​មនុស្ស​ដើរ​កាន់តែ​ឆ្ងាយ សារ​របស់​លោក Bill Gates នៅ​ទីនេះ​គឺ​ថា ភាព​សុទិដ្ឋិនិយម​នាំ​ឲ្យ​កើត​ចេញ​ជា​សកម្មភាព។ ​ថ្លែង​នៅ​មុខ​សិស្ស​និស្សិត​រាប់​ពាន់​អ្នក​នៅ​សាកលវិទ្យាល័យ Standford មហាសេដ្ឋី​រូប​នេះ​បាន​​ណែនាំ​ទៅ​និស្សិត​ថា សុទិដ្ឋិនិយម​​អាច​ជួយ​ឲ្យ​មនុស្ស​​មាន​ភាព​ច្នៃប្រឌិត ចេះ​​បង្កើត​ថ្មី និង​អាច​បង្កើត​បាន​មធ្យោបាយ​ថ្មី​ៗ​សម្រាប់​លុប​បំបាត់ចោល​បញ្ហា​ដែល​ពិភពលោក​ប្រឈមមុខ។ លោក​បន្ថែម​ថា បើ​អ្នក​មិន​ដែល​ធ្លាប់​ជួប​មនុស្ស​​កំពុង​​មាន​បញ្ហា​ទេ ភាព​សុទិដ្ឋិនិយម​របស់​អ្នក​មិន​អាច​ជួយ​ពួកគេ​បាន​​ឡើយ។

៥.កុំ​ខ្លាច​​​បង្កើត​កំហុស​ លោក Bill Gates ចូលចិត្ត​អាន​សៀវភៅ​យ៉ាងហោចណាស់ ៥០ ក្បាល​ក្នុង​មួយ​ឆ្នាំ។ លោក​ថា មាន​ពេល​ខ្លះ​ទស្សនៈ​របស់​លោក​ផ្ទុយ​ពី​ទស្សនៈ​សៀវភៅ​ទាំង​នោះ ហើយ​ពេល​ខ្លះ​ទៀត​លោក​​បាន​ព្យាករណ៍​ខុស​ពី​លទ្ធផល​ដែល​កើត​មាន​ឡើង។ ប៉ុន្តែ​លោក​ថា លោក​មិន​ខ្លាច​នឹង​បង្កើត​កំហុស​នោះ​ទេ បើ​គ្រាន់តែ​​លោក​ចង់​ចេះ​ចង់​ដឹង។ យុវជន​ជំនាន់​ក្រោយ​ក៏​ដូចគ្នា​ដែរ បើ​មាន​កំហុស​ ​ត្រូវ​ចាត់​ទុក​ថា គឺ​ជា​​មេរៀន​របស់​ខ្លួន​។ កំហុស​ធ្វើ​ឲ្យ​អ្នក​រក​ឃើញ​វិធី​ត្រូវ​ ហើយ​អ្វី​ដែល​សំខាន់​តើ​អ្នក​បាន​រៀន​សូត្រ​ពី​វា​កម្រិត​ណា?

៦.ចំណាយ​ពេល​គិត​ពី​វិសមភាព​សាកលលោក ជា​រឿយៗ​​នៅ​ពេល​ដែល​លោក​ថ្លែង​នៅ ចំពោះ​មុខ​និស្សិត លោក​តែង​លើក​យក​ប្រធានបទ​ដែល​ទាក់ទង​ទៅ​នឹង​ ​វិសមភាព​រវាង​ប្រជាជន​ម្នាក់​ទៅ​កាន់​ប្រជាជន​ផ្សេង​ទៀត​ជុំវិញ​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ សុខភាព និង​ធនធាន​​​។ លោក​ថា នេះ​គឺ​​បន្ទុក​ដ៏​ធំ​មួយ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ ដែល​ត្រូវ​ដោះស្រាយ​យ៉ាងណា​ឲ្យ​វិសមភាព​​ទាំង​នេះ​ត្រូវ​បាន​កាត់​បន្ថយ​មក​កាន់​កម្រិត​មួយ​ទាប​បំផុត​តាម​រយៈ​ការ​បង្កើត​ថ្មី​ជា​មួយ​នឹង​​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបៗ​៕

ប្រភព៖ businessinsider ​

X
5s