ដំបូន្មានទាំង ៧ចំណុច​របស់​លោក Warren Buffett​ សម្រាប់​កសាង​​ទ្រព្យសម្បត្តិ ភាពជោគជ័យ និង​ការ​វិនិយោគ​



នៅ​ពេល​និយាយ​ពី​អ្នក​មាន​កំពូលៗ​ក្នុង​លោក លោក Warren Buffett គឺ​ជា​មហាសេដ្ឋី​​អាមេរិក​មាន​ ជាងគេ​បំផុត​លំដាប់​ទី ៣ សម្រាប់​ឆ្នាំ ២០១៨ នេះ។ មហាសេដ្ឋី​វ័យ ៨៧ ឆ្នាំ​រូប​នេះ គឺ​​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Berkshire Hathaway ដែល​មាន​ទ្រព្យសម្បត្តិសរុបប្រមាណ ៨៧ លាន​ដុល្លារ​​អាមេរិក។

លោក​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​មហាសេដ្ឋី​ល្បីល្បាញ​ និង​ជោគជ័យ​ខាង​វិនិយោគ ជា​ពិសេស​វិនិយោគ​លើ​ទីផ្សារ​ភាគហ៊ុន​តែ​ម្តង​ដែល​នេះ​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​លោក​​ក្លាយ​ជា​មហាសេដ្ឋី​ចាប់តាំង​ពី​វ័យ ៣២​ឆ្នាំ​មក​ម្ល៉េះ។ ភាព​ជោគជ័យ​របស់​លោក​​នេះ​ហើយ​ទើប​​លោក​បាន​​ផ្តល់​ដំបូន្មាន​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​​ការ​កសាង​ទ្រព្យសម្បត្តិ ភាព​ជោគជ័យ និង​ការ​វិនិយោគ​ដែល​អ្នក​​អាច​រៀនសូត្រ​​ពី​គាត់​បាន។

១.លេង​ភាគហ៊ុន​ត្រូវ​​​ប្រើ​ពេល​​យូរ​អង្វែង​​ ទាក់ទង​ទៅ​នឹង​ការ​វិនិយោគ​លើ​ទីផ្សារ​ភាគហ៊ុន លោក Buffett​ ផ្តល់​ដំបូន្មាន​ថា អ្នក​មិន​គួរ​​​ជួញដូរ​ភាគហ៊ុន​ដើម្បី​តែ​​ទិញ​លក់​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ។ លោក​បន្ត​ថា អ្នក​ត្រូវ​លេង​​ប្រើ​ពេល​យូរ​អង្វែង និង​មាន​ភាព​អត់ធ្មត់ ព្រម​ទាំង​ត្រូវ​​គ្រប់គ្រង​វា​រហូត។ សម្រាប់​លោក Buffett​ លោក​​ទិញ​តែ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ណា​ដែល​លោក​យល់​ច្បាស់ និង​ចូលចិត្ត​ប៉ុណ្ណោះ ហើយ​លោក​ថា ការ​លក់​ភាគហ៊ុន​ធ្វើ​ឡើង​នៅ​ពេល​ដែល​អ្នក​ចាំបាច់​ត្រូវ​ការ​ប្រាក់​ប៉ុណ្ណោះ មិនមែន​​​ទិញ​លក់​នៅ​ពេល​អ្នក​ជឿជាក់​ថា ឈ្នះ​នោះ​ទេ​នោះ។

២.រៀន​​រហូត និង​ចេះ​​ដាក់​ខ្លួន លោក Buffett​ ​បាន​ផ្តល់​ដំបូន្មាន​ថា ជា​សហគ្រិន​ក៏ដោយ ជា​អ្នក​ធ្វើ​ការ​ឲ្យ​គេ​ក៏ដោយ អ្នក​ត្រូវ​រៀន​អ្វីៗ​ថ្មីៗ​ជា​​ប្រចាំ រៀន​ប្រឈម​នឹង​បញ្ហា រៀន​ស្វែង​រក​ឱកាស និង​ត្រូវ​ចេះ​បន្ទាប់​ខ្លួន​គោរព​អ្នកដទៃ។ សម្រាប់​រូប​លោក​ផ្ទាល់ លោក​ក្រោក​ពី​ព្រឹក​ដើម្បី​ហាត់ប្រាណ និង​ទាញ​កាសែត​ផ្សេងៗ​យក​មក​មើល​​ព័ត៌មាន​ផ្សេងៗ និង​ចាប់​សៀវភៅ​មក​អាន​ជា​ប្រចាំ​​នូវ​អ្វី​ដែល​លោក​យល់​ថា ចំណេះដឹង​បាន​ផ្តល់​ប្រាក់​ចំណេញ​មិន​ចេះ​រីងស្ងួត។

៣.វិនិយោគ​​ភាគហ៊ុន​ដោយ​ប្រើ​លុយ​របស់​អ្នក មហាសេដ្ឋី Buffett​ បាន​និយាយ​ថា​ តម្លៃ​ភាគហ៊ុន​​ធ្លាក់​ចុះ​​អាច​​ធ្វើ​ឲ្យ​អ្នក​ជួញដូរ ​​ព្រួយបារម្ភ​ និង​អាច​នាំ​ទៅ​រក​ការ​សម្រេចចិត្ត​​មួយ​មិន​ល្អ​ប្រសិន​បើ​លុយ​​ដែល​ពួកគេ​យក​វិនិយោគ​នោះ​មិនមែន​ជា​​លុយ​របស់​ខ្លួន​ឯង។ លោក​ពន្យល់​ថា អ្នក​​វិនិយោគ​ភាគហ៊ុន​ដែល​សល់​លុយ និង​គ្មាន​ជំពាក់​បំណុល​អ្នក​ផ្សេង​ទៀត​ នឹង​មាន​ឱកាស​​​ច្រើន​​​នៅ​ពេល​ដែល​ទីផ្សារ​ធ្លាក់​ចុះ​ពី​ព្រោះ​ពួកគេ​មិន​ចាំបាច់​ព្រួយបារម្ភ​រឿង​ទូទាត់​បំណុល​ត្រឡប់​ទៅ​វិញ និង​អាច​​ជួញដូរ​តាមចិត្តចង់។

៤.បង្កើត​បណ្ដាញ​ទំនាក់ទំនង​ឲ្យ​បាន​ច្រើន និង​ឲ្យ​តម្លៃ​អ្នកដទៃ ក្នុង​ពេល​មួយ​ដែល​លោក​បាន​​ធ្វើ​ដំណើរ​ទៅ​កាន់​សាលា​រដ្ឋ​ Iowa លោក Buffett បាន​បង្រៀន​សិស្ស​និស្សិត​ដែល​រៀន​ចប់​ថ្នាក់​អនុបណ្ឌិត​ថា អ្នក​មិន​អាច​បំភ្លេច​មិត្តភាព​ចាស់ៗ ជំនួស​ដោយ​​មិត្តភាព​ថ្មី​ៗ​បាន​ទេ។ អ្នក​ត្រូវ​តែ​ពង្រីក​មិត្តភាព​​ថ្មីៗ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​ជា​ពិសេស​​អ្នក​ដែល​​​អាច​បង្រៀន​អ្នក​ឲ្យ​កាន់តែ​ជោគជ័យ ព្រម​ទាំង​ឲ្យ​តម្លៃ​ និង​គោរព​អ្នក​ទាំង​នោះ​ដោយ​មិន​រើសអើង។

៥.សម្លឹង​មើល​ទៅ​អនាគត​ខាងមុខ​ កុំ​មើល​អតីតកាល «ជា​ការពិត អ្នក​ជួញដូរ​ថ្ងៃ​នេះ អាច​ខកចិត្ត​ដោយសារតែ​​​មិន​បាន​ប្រាក់​ចំណេញ​​​នៅ​ពេល​ជួញដូរ​ថ្ងៃ​ម្សិលមិញ។ នេះ​ជា​សម្តី​របស់​លោក Buffett។ លោក​បន្ត​ថា ទោះបី​ជា​បែប​នេះ​ក្តី អ្នក​ជួញដូរ​ត្រូវ​មើល​ពី​ឱកាស​នៅ​ពេល​ខាងមុខ ហើយ​មិន​ត្រូវ​ដិតដាម​ច្រើន​ពេក​ទៅ​នឹង​អតីតកាល​​មិន​ល្អ​ច្រើន​ពេក។ ការ​ផ្តោត​លើ​ការ​​​វិនិយោគ​នៅ​ថ្ងៃ​ខាងមុខ គឺ​ជា​រឿង​ល្អ​សម្រាប់​អ្នក។

​៦.កុំ​ជ្រួលជ្រើម​តាម​អ្នកដទៃ កាល​ពី​ឆ្នាំ ២០០៤ លោក Buffett បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា៖« ត្រូវ​ភ័យខ្លាច​នៅ​ពេល​អ្នក​ផ្សេងទៀត​កំពុង​លោភលន់ និង​ត្រូវ​ចេះ​លោភលន់​នៅ​ពេល​អ្នក​ផ្សេង​ទៀត​កំពុង​ភ័យខ្លាច»។ អត្ថន័យ​នេះ​ចង់​មានន័យ​ម្យ៉ាង​ទៀត​ថា ទិញ​ក្នុង​តម្លៃ​ទាប លក់​ចេញ​ក្នុង​តម្លៃ​ខ្ពស់។ នេះ​ជា​​សារ​មួយ​ដែល​លោក​ព្រមាន​ដល់​អ្នក​ជួញដូរ​ផ្សារភាគហ៊ុន​​អំពី​គ្រោះថ្នាក់​នៃ​ការ​ជួញដូរ​តាម​គេ​តាម​ឯង។ យុទ្ធសាស្ត្រ​ដ៏​យូរអង្វែង​របស់​លោក Buffett គឺ​លក់​ភាគហ៊ុន​នៅ​ពេល​តម្លៃ​​ឡើង​ថ្លៃ​ខ្ពស់​ជាជាង​​លក់​ចេញ​នៅពេល​​តម្លៃ​ធ្លាក់​ចុះ​ និង​នៅ​ពេល​មនុស្ស​គ្រប់គ្នា​កំពុង​មាន​ភាព​ភ័យខ្លាច​ថា​ តម្លៃ​របស់​វា​នឹង​មិន​ឡើង​ថ្លៃ​មក​វិញ។

៧.កុំ​គិត​រឿង​លុយ​ច្រើន​ពេក លោក Buffett ​មិន​ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា​​ផ្ដោត​តែ​រឿង​លុយ​កាក់​​ដែល​ខ្លួន​មាន​​តិច​ឬ​ច្រើន​ពេក​នោះ​ទេ។ លោក​ថា មាន​គឺ​ជា​រឿង​ល្អ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ត្រង់​ថា តើ​អ្នក​អាច​មាន​ដោយ​វិធី​ណា? អ្នកណា​ខ្លះ​ចាំ​ជួយ​​​អ្នក​? ហើយ​អ្វី​ទៅ​ជា​ឧបសគ្គ​ធំ​បំផុត​របស់​អ្នក? លោក​ថា នៅ​ពេល​ណា​មួយ​អ្នក​នឹង​យល់​ថា មនុស្ស​ដែល​ស្រលាញ់​អ្នក រាប់អាន​អ្នក និង​មនុស្ស​ដែល​អ្នក​ស្រលាញ់ នឹង​មាន​តម្លៃ​ជាង​លុយ​កម្រិតណា៕

ប្រភព៖ businessinsider

X
5s