សន្ទស្សន៍ផ្សារហ៊ុនកម្ពុជា កំពុងកើនឡើងដល់ចំណុចខ្ពស់បំផុត!​



សន្ទស្សន៍នៅក្នុងផ្សារហ៊ុនកម្ពុជា បានកើនឡើងដល់ ៤១៦,៣០ពិន្ទុ នៅពេលបិទការ​ជួញ​ដូរកាលពីម្សិលមិញដោយមានការកើនឡើង ២២,៣៦%បើធៀបទៅនឹង​កាល​ដើម​ឆ្នាំ២០១៨។សន្ទស្សន៍ចាប់ផ្ដើមកើនឡើងចុងត្រីមាសទី ៣ ហើយបន្ដកើន​ឡើង​រហូតមក​ដល់បច្ចុប្បន្ន។សន្ទស្សន៍ផ្សារហ៊ុនបានហក់ឡើងខ្ពស់បំផុតដល់ ៤២១,៣០ពិន្ទុមុន​នឹងធ្លាក់ចុះមកវិញត្រឹម ៤១៦,៣០ពិន្ទុនៅពេលបិទផ្សារ​កាល​ពី​ថ្ងៃ​ទី១៤ ធ្នូ។ នេះ​​បើ​យោង​តាម​ការ​ចុះ​ផ្សា​យរបស់​ក្រុមហ៊ុន​មូលបត្រ​កម្ពុជា។  ​បើ​យោង​តាម​ប្រភព​ដដែល​ មូលហេតុដែលធ្វើឲ្យសន្ទស្សន៍នៃផ្សារហ៊ុន​កើនឡើងដូចនេះ ដោយសារតែកត្តា៣
  1. ការកើនឡើងនៃគណនីជួញដូរ
បច្ចុប្បន្នគណនីជួញដូររបស់វិនិយោគិនក្នុងផ្សារមូលបត្រកម្ពុជាបានកើនឡើងដល់ ២ម៉ឺននាក់ក្នុងអំឡុងខែកក្កដា ដល់ ខែវិចិ្ឆការ។ ការកើនឡើងមួយនេះ បានបង្ហាញឲ្យឃើញពី និយោគិនមានតម្រូវការវិក្នុងទិញភាគហ៊ុន ដោយសារភាគហ៊ុនមួយចំនួនបានបង្ហាញទិន្នផលខ្ពស់ និង ប្រាក់ចំនេញច្រើនគួរសមដែលជាហេតុផលមួយសម្រាប់វិនិយោគិនថ្មីដែលទើបតែបើកគណនីជួញដូរត្រូវការទិញភាគហ៊ុននោះដើម្បីផលចំនេញនូវថ្ងៃក្រោយ។
  1. ទិន្នន័យនៃអាជីវកម្មរបស់ក្រុមហ៊ុនចុះបញ្ជី
ក្រុមហ៊ុនចុះបញ្ជីភាគច្រើនបានបង្ហាញពីលទ្ធផលប្រាក់ចំនេញ និង ទិន្នផលភាគលាភខ្ពស់ដល់វិនិយោគិនគួរឲ្យទាក់ទាញ។ ជាពិសេសភាគហ៊ុនរបស់កំពង់ផែរទាំងពីរ គឺកំពង់ផែស្វ័យតក្រុងព្រះសីហនុ និង កំពង់ផែភ្នំពេញ ។កំពង់ផែរទាំងពីរបានរួមចំណែកយ៉ាងខ្លាំងក្នុងការធ្វើឲ្យសន្ទស្ស​ន៍ក្នុងផ្សារហ៊ុនមានសន្ទុះកើនឡើង។កំពង់ផែភ្នំពេញបានប្រកាសផ្ដល់ភាគលាភសម្រាប់ឆ្នាំ២០១៧​រហូតដល់ ៧,៩០% ដែលអត្រាមួយដែលខ្ពស់ បើធៀបទៅនឹងផ្សារទាំងមូលមានត្រឹមតែ ៤-៥%តែប៉ុនោះ​។ការប្រកាស​ពីលទ្ធផលនៃអាជីវកម្មទាំងនេះ អាចជាហេតុផល​ទាក់ទាញវិនិយោគិន​ឲ្យទិញភាគហ៊ុនរបស់ពួកគេចូល និងធ្វើឲ្យថ្លៃ​ភាគហ៊ុន​កើនឡើង។
  1. ការធ្វើទំនាក់ទំនង និង ផ្ដល់ព័ត៌មានដល់វិនិយោគិន
ផ្សារមូលបត្រកម្ពុជាបានចូលរួមសហការនិងស្ថាប័នដែលពាក់ព័ន្ធបានកំពុងបានខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនក្នុងស្រុក និង ក្រៅស្រុកតាមរយៈការសិក្ខាសាលា និង ជួបជជែកពិភាក្សារផ្ទាល់ជាមួយវិនិយោគិនដើម្បីផ្លាស់ប្ដូរយោបល់និងព័ត៌មានពីសក្ដានុពលនៃទីផ្សារដែលកំពុងរីកចម្រើនមួយនេះ។ ជារួមសញ្ញាណដ៏ល្អទាំងអស់នេះអាចជាចំនុចចាប់ផ្ដើមនៃសករាជថ្មីមួយនៃទីផ្សារ ដែលនឹងអាចបន្ដទាក់ទាញការចាប់អារម្មណ៍កាន់តែចម្រើនថែមទៀតពីសំណាក់សាធារណជនក្នុងការចូលមកវិនិយោគិនលើភាគហ៊ុនដែលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។ ដោយ៖ ច័ន្ទលាភ  
X
5s