កុំភ្លេចធ្វើរឿង ៧យ៉ាង នេះដើម្បីឲ្យជីវិតក្នុងឆ្នាំថ្មីកាន់តែប្រសើរ
តើអ្នកបានធ្វើអ្វីខ្លះហើយសម្រាប់ពេលវេលាជិតមួយឆ្នាំមកនេះ? ហើយមានផែនការអ្វីខ្លះទៀតដែលអ្នកបានដាក់ចេញសម្រាប់ឆ្នាំថ្មី ទោះបីជាអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ អ្នកគួរផ្ដោតលើការងារសំខាន់ៗចំនួន ៧ ខាងក្រោមដើម្បីឲ្យជីវិតរបស់អ្នកកាន់តែល្អប្រសើរ អាចសម្រេចបានភាពជោគជ័យបាន។
១) ពង្រឹងអាជីពការងារ និងរៀនសូត្របន្តទៀត
ដើម្បីទទួលបានចំណេះដឹង គ្មានឡើយទីបញ្ចប់នៃការសិក្សារៀនសូត្រ។ អ្នកត្រូវដុសខាត់ជំនាញរបស់អ្នកបន្ថែមឲ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ និងសិក្សាស្រាវជ្រាវលើជំនាញថ្មីៗដើម្បីដើរឲ្យទាន់យុគសម័យទំនើបនេះ។ ទន្ទឹមនឹងនេះកុំភ្លេចដាក់គោលដៅអានសៀវភៅឲ្យបានច្រើន ចូលរួមសិក្ខាសាលា ឬវគ្គបណ្ដុះបណ្តាលខ្លីៗជាដើម ដើម្បីបង្កើនចំណេះរបស់អ្នក។ រៀនលត់ដំគំនិតបែបអ្នកជំនាញមួយដែលមានវិជ្ជាជីវៈត្រឹមត្រូវ និងមើលទៅមានភាពចាស់ទុំ។
២) រក្សាសុខភាពឲ្យបានល្អ
នៅពេលអ្នកលះបង់ពេលវេលាដើម្បីរកលុយ អ្នកមិនត្រូវភ្លេចយកពេលមកមើលថែសុខភាពរបស់អ្នកឲ្យបានល្អនោះឡើយ។ សុខភាពសំខាន់ជាងអ្វីៗទាំងអស់។ ទម្លាប់មិនល្អពីមុនៗមកដូចជា ជក់បារី ទទួលទានស្រា គ្រឿងស្រវឹង និងញាំអាហារមានជាតិគីមី ឬអាហារដែលធ្វើឲ្យប៉ះពាល់សុខភាព គួរបញ្ឈប់វាពីពេលនេះតទៅ។ សូមជ្រើសរើសរបបអាហារដែលធ្វើឲ្យសុខភាពល្អមកទទួលទាន និងកុំភ្លេចហាត់ប្រាណដើម្បីឲ្យរាងកាយរស់រវើក និងមាំមួនល្អ។
៣) ខំរកលុយបន្ថែម ដោះបំណុល សន្សំលុយទុកយកទៅវិនិយោគ
សូម្បីតែមហាសេដ្ឋីក៏នៅចង់បានលុយដែរ ដូចនេះរឿងអីដែលអ្នកមិនត្រូវខំរកលុយបន្ថែមនោះ។ អ្នកគួររកលុយឲ្យបានច្រើនមិនមែនពឹងលើប្រភពចំណូលតែមួយនោះទេ។ ធ្វើការបណ្តើរសន្សំលុយបណ្តើរដើម្បីយកលុយទៅវិនិយោគលើការងារផ្សេងទៀតសម្រាប់រកប្រភពចំណូលឲ្យច្រើន។ បើមានបំណុលមិនល្អទៀតនោះ គួរឆាប់ដោះវាឲ្យឆាប់បំផុត។
៤) បង្កើតបណ្ដាញទំនាក់ទំនងជាមួយអ្នកជោគជ័យ
ឱកាសជោគជ័យនឹងមានកាន់តែច្រើន ប្រសិនបើអ្នកផ្លាស់ប្ដូរផ្នត់គំនិតបង្កើតទំនាក់ទំនងជាមួយមនុស្សថ្មីៗ ជាពិសេសមនុស្សជោគជ័យបានកាន់តែច្រើន។ រៀនសូត្រពីបុគ្គលជោគជ័យពីរបៀបរស់នៅរបស់ពួកគេ ការទំនាក់ទំនង ការរកស៊ីប្រកបមុខជំនួញ និងជាពិសេសត្រូវចេះសុំយោបល់ដើម្បីចែករំលែកបទពិសោធន៍។ សេពគប់អ្នកជោគជ័យ អ្នកនឹងជោគជ័យដែរ។
៥) ដើរកម្សាន្ត
អ្នកគួរដាក់គម្រោងដើរលេងកម្សាន្តនៅកន្លែងណាមួយឲ្យបានច្រើនដែរតាមលទ្ធភាពរបស់អ្នកទាំងក្នុងឬក្រៅប្រទេស ។ ដំណើរកម្សាន្តមិនត្រឹមតែធ្វើឲ្យអារម្មណ៍អ្នកស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឲ្យអ្នករៀនសូត្រពីមជ្ឈដ្ឋានរស់នៅ ទំនៀមទម្លាប់ វប្បធម៌ របៀបធ្វើជំនួញ ឬរបៀបទំនាក់ទំនងជាដើមនៅតាមតំបន់ផ្សេងៗគ្នាសម្រាប់យកមកធ្វើជាបទពិសោធន៍ និងចំណេះដឹងសម្រាប់អ្នក។ សូមកុំស្តាយលុយដើម្បីដំណើរកម្សាន្តដ៏មានប្រយោជន៍របស់អ្នក។
៦) រៀនធ្វើចិត្តឲ្យស្អាត ជម្រុះចោលរឿងរ៉ាវសៅហ្មងក្នុងឆ្នាំចាស់
រឿងរ៉ាវមួយចំនួនដែលអ្នកយល់ថា បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្ត ផ្លូវកាយ ឬភាពជោគជ័យរបស់អ្នក អ្នកត្រូវតែជម្រុះវាចោលទៅ។ អ្នកត្រូវធ្វើចិត្តឲ្យស្រលះហើយគិតថា វាគឺជាបទពិសោធន៍សម្រាប់អ្នក។ ចាប់ផ្តើមជីវិតអ្នកជាមួយនឹងគំនិតថ្មី វិធីសាស្ត្រថ្មី និងការប្ដេជ្ញាចិត្តថ្មីដែលល្អប្រសើរជាងនេះ។ សូមកុំសោកស្តាយ! ត្រូវមានភាពជឿជាក់ និងក្តីសង្ឃឹមលើជីវិតរបស់អ្នក។
៧)ខិតខំសម្រេចគោលដៅឲ្យបាន ឬរៀបចំគោលដៅថ្មី
បើអ្នកកំពុងធ្វើដំណើរនៅពាក់កណ្តាលផ្លូវនៃគោលដៅរបស់អ្នក អ្នកត្រូវបន្តទៅមុខទៀតដើម្បីធ្វើឲ្យគោលដៅនោះសម្រេចបានទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។ យ៉ាងណាមិញ ប្រសិនបើអ្នកមិនទាន់បានធ្វើវាទេនោះ គួរតែចាប់ផ្តើមពីពេលនេះតែម្តង។ ប៉ុន្តែបើអ្នកជោគជ័យហើយ អ្នកគួរតែបង្កើតគោលដៅថ្មីទៀត ដើម្បីធ្វើឲ្យជីវិតរបស់អ្នកអាចសម្រេចបានសមិទ្ធផលថ្មីៗគ្មានដែនកំណត់។ កុំរារែក កុំស្ទាក់ស្ទើរ! ដាក់គោលដៅ រៀបចំយុទ្ធសាស្ត្រ ហើយចាប់ផ្តើមធ្វើវាទៅ៕