រឿង៤យ៉ាង ដែលបុគ្គលជោគជ័យមិនធ្វើ ដូចមនុស្សទូទៅនោះឡើយ! ហើយអ្នកក៏អាចអនុវត្តន៍ធ្វើវាបានដែរៗ បើមិនទាន់មានចំនុចទាំងនេះ!
ផលនៃអ្វីមួយ គឺកើតចេញពីហេតុរបស់វា។ មានន័យថា លទ្ធផលនៃការងារមនុស្ស គឺកើតចេញពីអ្វីដែលពួកគេបានធ្វើ។ ដូច្នេះហើយបើពួកគេ ធ្វើអ្វីដែលល្អៗ និង មានយុទ្ធសាស្ត្រ និង ផែនការល្អនោះ វានាំឲ្យលទ្ធផលក៏ចេញមកវិជ្ជមានដែរ ប៉ុន្តែបើមិនដូច្នោះទេ គឺប្រាកដជាត្រូវខកបំណងមិនខាន។
ខាងក្រោមនេះ គឺជារឿង៤យ៉ាងដែលបុគ្គលជោគជ័យមិនធ្វើ៖
១) មិនវីវក់ជាមួយបណ្ដាញសង្គមខ្លាំងពេក៖ តាមពិតទៅ ការប្រើប្រាស់បណ្ដាញសង្គម គឺជារឿងល្អមួយដើម្បីអាចទទួលព័ត៌មាន និង ចែករំលែកចំណេះដឹងផ្សេងៗ។ ប៉ុន្តែមនុស្សមួយចំនួន មិនបានទាញយកប្រយោជន៍ពីការប្រើប្រាស់បណ្ដាញសង្គមនោះទេ តែបែរជាបំផ្លាញពេលវេលារបស់ខ្លួនយ៉ាងច្រើន លើការប្រើប្រាស់វាយ៉ាងអត់ប្រយោជន៍ទៅវិញ ។ សម្រាប់បុគ្គលជោគជ័យ ពួកគេប្រើប្រាស់បណ្ដាញសង្គមនោះ ជាមួយពេលវេលាច្បាស់លាស់ ហើយមានគោលដៅច្បាស់លាស់ ដែលការធ្វើបែបនេះពិតជាអាចទទួលប្រយោជន៍យ៉ាងច្រើនពីវា។
២) មិនធ្វើការងារណាដែលមិនទាន់បានរៀបចំផែនការ៖ នៅពេលដែលអ្នកធ្វើអ្វីមួយដោយគ្មានគម្រោង ឬ ផែនការច្បាស់លាស់នោះ គឺមើលទៅហាក់ដូចជាប្រថុយប្រថានខ្លាំងណាស់ ព្រោះថា កម្រិតនៃភាពបរាជ័យគឺមានខ្ពស់។ ប៉ុន្តែសម្រាប់បុគ្គលជោគជ័យវិញ គឺតែងតែមានផែនការ និង គម្រោងច្បាស់លាស់ មុនពេលចាប់ផ្ដើមធ្វើការងារអ្វីមួយ ដើម្បីប្រាកដថា អ្វីៗនឹងដំណើរការទៅយ៉ាងល្អ។
៣) មិនភ្ជាប់ខ្លួនទៅនឹងកំហុស ឬ បរាជ័យក្នុងអតីតកាល៖ គ្មាននរណាម្នាក់មិនធ្លាប់មានកំហុស ឬ ភាពបរាជ័យនោះឡើយ ដូច្នេះប្រសិនបើយើងលង់ខ្លួនជាមួយនឹងចំណុចអវិជ្ជមាននៃរឿងអតីតកាលទាំងនោះ វានាំឲ្យដំណើរការបច្ចុប្បន្ន និងអនាគតរបស់ខ្លួនមិនអាចមានលក្ខណៈល្អប្រសើរទេ។ សម្រាប់បុគ្គលជោគជ័យ ពួកគេមិនព្រមឲ្យចំណុចអវិជ្ជមាននៃអតីតកាល កំណត់ជោគជ័យវាសនារបស់ខ្លួនឡើយ ប៉ុន្តែពួកគេសិក្សាអំពីកំហុស និង ការបរាជ័យទាំងនោះ ដើម្បីជាមេរៀនសំខាន់សម្រាប់បច្ចុប្បន្ន និង អនាគត។
៤) មិនព្រួយបារម្ភ ឬ ខ្វល់ហួសហេតុពីអ្វីដែលមិនអាចទៅរួច៖ ក្នុងលោកនេះ មានរឿងជាច្រើនដែលមនុស្សមិនអាចកំណត់ ឬ គ្រប់គ្រងបាន ពោលគឺមានតែធម្មជាតិប៉ុណ្ណោះជាអ្នកកំណត់។ សម្រាប់បុគ្គលជោគជ័យ ពួកគេមិនបារម្ភជ្រុលហួសហេតុពេកនោះទេ ចំពោះរឿងណាដែលទៅមិនរួច ដូចជា ការព្យាយាមធ្វើឲ្យដូចគេ ឬ កំណត់លទ្ធផលឲ្យដូចបំណងរបស់ខ្លួន១០០ភាគរយ (ព្រោះសុទ្ធតែមិនអាចទៅរួច) ។ ប៉ុន្តែអ្វីដែលពួកគេត្រូវខ្វល់នោះ គឺការខិតខំរបស់ខ្លួន មានន័យថា អ្នកទាំងនោះ មិនដែលព្រងើយកន្តើយជាមួយនឹងការព្យាយាម និង តស៊ូក្នុងការងារនោះទេ៕
ដោយ៖អ៊ុន ភក្តី