ពី​បុគ្គលិក​លាង​ចាន​ប្រាក់​ខែ​៦០​ដុល្លារ​តស៊ូ​រហូត​ក្លាយ​ជា​ស្ថាបនិក​ក្រុមហ៊ុន CAPITAL CHARM​



លោក​ លឹម បណ្ឌិត បច្ចុប្បន្ន​ជា​ស្ថាបនិក​ក្រុមហ៊ុន CAPITAL CHARM ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​បម្រើ​ទៅ​លើ​សេវា​ជា​ច្រើន​ដូច​ជា​ ភោជនីយដ្ឋាន Capital View Sky Bar ដែលកំពុងតែទទួលការគាំទ្រច្រើន, ផ្គត់ផ្គង់​សម្ភារៈ​ចង្រ្កាន ទទួល​រៀបចំ​កម្មវិធី​ផ្សេងៗ​ និង​សេវាកម្ម​មួយ​ចំនួន​ទៀត។ ស្ថិត​ក្នុង​ក្រសែ​ភ្នែក​មនុស្ស​គ្រប់​គ្នា​ងារ​ជា​ស្ថាបនិក​ក្រុមហ៊ុន​ពិត​ជា​ភាព​ជោគ​ជ័យ​មួយ​ដែល​គួរ​ឲ្យ​សរសើរ​បំផុត​ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​បុគ្គល​ម្នាក់​នេះ​បង្កប់​ដោយ​ភាព​សោកសៅ​នឹង​ការ​តស៊ូ​ក្នុង​ជីវិត​យ៉ាង​ណា​ទម្រាំ​នឹង​អាច​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

មាន​ទី​កំណើត​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក​ លឹម បណ្ឌិត គឺ​ជា​កូន​កំព្រា​ម្ដាយ​មាន​បងប្អូន​៥​នាក់​ និង​ស្ថិត​នៅ​ក្រោម​ស្ថាន​ភាព​គ្រួសារ​មួយ​ដែល​លំបាក​ខ្លាំង ដោយ​កាតព្វកិច្ច​និង​ទំនួល​ខុស​ត្រូវ​ទាំង​អស់​ក្នុង​គ្រួសារ​ត្រូវ​ធ្លាក់​ជា​បន្ទុក​មក​លើ​ឪពុក​របស់​លោក​ទាំង​ស្រុង​ ដែល​ត្រូវ​ធ្វើ​ការ​ជា​អ្នក​រត់​ម៉ូតូឌុប​ដើម្បី​រក​លុយ​មក​ផ្គត់​ផ្គង់​ការ​សិក្សា​របស់​កូនៗ ពិសេស​រូប​លោក​ផ្ទាល់​រហូត​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​ដោយ​ជោគជ័យ។  ស្ថាបនិក​វ័យ​ក្មេង​រូប​នេះ​បាន​បន្ត​ដោយ​ទឹក​មុខ​ក្រៀមក្រំ​ថា​ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ រូប​លោក​ក៏​បាន​មក​បន្ត​ការ ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​ដោយ​សារ​តែ​ជីវភាព​គ្រួសារ​ខ្វះ​ខាត​ពេល​ដែល​មក​ដល់​ភ្នំពេញ​ដំបូង​លោក​មិន​បាន​បន្ត​ការ​សិក្សា​ភ្លាមៗ​នោះ​ឡើយ​គឺ​លោក​ត្រូវ​បង្ខំ​ចិត្ត​ដើរ​ស្វែង​រក​ការងារ​ធ្វើ​សិន ហើយ​ការ​ងារ​ដំបូង​របស់​លោក​គឺ​ធ្វើ​ជា​អ្នក​លាង​ចាន​ឲ្យ​គេ។

ប្រាក់​ខែ​គោល​នៃ​ការ​ងារ​នេះ​គឺ​ត្រឹម​តែ​៦០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ដែល​លោក​ត្រូវ​យក​មក​ចំណាយ​លើ​ការ​ទូទាត់​ពេញ​មួយ​ខែ​គឺ​ទៅ​លើ​ការ​សិក្សា​ភាសា​អង់គ្លេស​ បង់​ថ្លៃ​ផ្ទះ​ជួល ការ​ហូបចុក នឹង​ត្រូវ​សន្សំ​ត្បិតត្បៀត​ផ្ញើរ​ទៅ​ផ្ទះ​ខ្លះ​ដើម្បី​ជួយ​ផ្គត់​ផ្គង់​ការ​សិក្សា​របស់​ប្អូន​ស្រី​ពៅ។ ក្រោយ​មក​លោក​បាន​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​ទេសចរណ៍​និង​គ្រប់គ្រង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង។ បន្ទាប់​ពី​បាន​បញ្ជប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ លោក​បាន​វិវត្ត​ខ្លួន​ពី​បុគ្គលិក​លាង​ចាន​ធម្មតា មក​ក្លាយ​ជា​អ្នក​ប្រមូល​ចាន បន្ទាប់​មក​ក៏​ក្លាយ​ជា​អ្នក​រត់តុ ហើយ​រូប​លោក​ក៏​បន្ត​វិវត្ត​រហូត​ក្លាយ​ជា​អ្នក​ដឹកនាំ​និង​គ្រប់គ្រង​គេ(Supervisor) ។ អស់​រយៈ​ពេល​៤​ឆ្នាំ​នៃ​ការ​ធ្វើ​ការ​ឲ្យ​គេ បើ​ទោះ​បី​ជា​ការ​ធ្វើ​ការ​ងារ​នេះ​ហាក់​មាន​ការ​វិវត្ត​ទៅ​មុខ​ ប៉ុ​ន្តែ​រូប​លោក​ផ្ទាល់​បាន​គិត​ថា​វា​ល្មម​សម្រាប់​ខ្លួន​ឯង​ហើយ​ក្នុង​ការ​ចាប់​ផ្ដើម​អាជីវកម្ម​ ហើយ​លោក​ក៏​បាន​ចាប់​ផ្ដើម​ដែល​អាជីវកម្ម​ដំបូង​របស់​លោក​គឺ​ទាក់​ទង​នឹង​E-Commerce។

លោក​ បណ្ឌិត បាន​ប្រាប់​ថា​អ្វី​ដែល​បាន​ជម្រុញ​ឲ្យ​លោក​អាច​មក​ដល់​សព្វថ្ងៃ​នេះ​គឺ​ការ​បំបាក់​ស្មារតី មាន​មនុស្ស​មួយ​ចំនួន​យល់​ថា​លោក​គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​គិត​អ្វី​ដែល​ធំហួស​មាឌ​និង​គិត​ថា​លោក​មិន​អាច​ធ្វើ​បាន​ទេ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ឈឺ​ចាប់​និង​កាន់​តែ​តស៊ូ​ទ្វេដង​នោះ​គឺ​ការ​មើល​ងាយ​មក​លើ​គ្រួសារ​របស់​លោក​ថា​លោក​មិន​អាច​បញ្ចប់​ការ​សិក្សា​បាន​ទេ ហើយ​មិន​យូរមិនឆាប់​គង់​តែ​ត្រឡប់​មក​ស្រុក​វិញ។ ហេតុ​ផល​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោក​កាន់​តែ​តស៊ូ​ខ្លាំង​ឡើង។ លោក​បន្ត​ថា មូលហេតុ​សំខាន់​មួយ​ទៀត​នោះ​គឺ​ការ​លើក​ទឹក​ចិត្ត​ពី​ឪពុក​របស់​លោក​ដែល​តែង​តែ​ប្រាប់​ថា "កូន​តស៊ូ​ទៅ​កុំ​បោះ​បង់​ មាន​ប៉ា​នៅ​ក្បែរ​ទោះ​ជា​មិន​មាន​លទ្ធភាព​ជួយ​កូន" ពាក្យ​តែ​ប៉ុណ្ណឹង​ទេ​ដែល​ធ្វើ​ឲ្យ​លោក​តស៊ូ​ជម្នះ​គ្រប់​បែប​យ៉ាង​រហូត​អាច​វិវត្តន៍​ខ្លួន​ឯង​ពី​ក្មេង​ជន​បទ​ធ្វើ​ការងារ​ជា​អ្នក​លាង​ចាន​ឲ្យ​គេ​ដើម្បី​បន្ត​ការ​សិក្សា រហូត​ពេល​នេះ​លោក​អាច​ក្លាយ​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន CAPITAL CHARM ។

លោក លឹម បណ្ឌិត "ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​យុវជន​ឲ្យ​មាន​ការ​តស៊ូ​ខិតខំ​ប្រឹង​ប្រែង​កំណត់​គោល​ដៅ​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់​លាស់​ និង​ធ្វើ​ជា​ទំពាំងជួយអភិវឌ្ឍ​សង្គមជាតិ​ដើម្បី​បង្ហាញ​ប្រាប់​ពិភពលោក​ថា​ជាតិសាសន៍​យើង​ខ្លាំង​ ហើយ​កុំ​តូច​ចិត្ត​ថា​យើង​ក្រ លុយ​វា​គ្រាន់​តែ​ជា​កត្តា​តូច​មួយ​ប៉ុណ្ណោះ អ្វី​ដែល​សំខាន់​គឺ​ចំណេះ​ដឹង​របស់​យើង"៕  

អត្ថបទដោយ៖ ជួប ស្រីរ័ត្ន

X
5s