តើផ្សារមូលបត្រប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខប៉ុន្មានក្នុងទ្វីបអាស៊ី?
ប្រទេសជប៉ុនជាប្រទេសមួយដែលមានប្រព័ន្ធការអប់រំខ្ពស់ ជាប្រទេសមួយសម្បូរទៅដោយប្រជាជនដែលមានចំណេះដឹង និយាយឱ្យខ្លាំងគឺមូលធនបញ្ញាសម្បូរបែប។ ប្រទេសជប៉ុនជាប្រទេសដែលមានការអភិវឌ្ឍខ្ពស់ជាមួយការរស់មួយប្រកបដោយស្ដង់ដារខ្ពស់។ប្រទេសជប៉ុនទទួលបានល្បីល្បាញនិងរីកចម្រើនខ្លាំងដោយសារឧស្សាហកម្មធុនធ្ងន់ជាពិសេសឧស្សាហកម្មរថយន្ត វិស័យភាពយន្ដប្រវត្តិសាស្រ្ដ មហោស្រពតន្រ្ដី វីដេអូហ្គេម អាហារដ៏សម្បូរបែប និងការរួមចំណែកយ៉ាងសំខាន់ក្នុង វិស័យវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា។
ជប៉ុនទទួលបានចំណាត់លេខរៀងទី ៣៤ ក្នុងចំណោម ១៩០ ប្រទេសប្រចាំឆ្នាំ២០១៨ ជាប្រទេសមួយមានសន្ទុះនៃការធ្វើអាជីវកម្ម និង ជាប្រទេសមួយដែលមានអត្រាពន្ធដារតិចជាងគេបំផុតក្នុងចំណោមប្រទេសអភិវឌ្ឍក្នុងសកលោក។ ក្រុមហ៊ុនដែលមានឈ្មោះល្បីល្បាញក្នុងសកលលោកដែលបង្កើតឡើងក្នុងប្រទេសប្រទេសជប៉ុនមានដូចជា ក្រុមហ៊ុន Toyota, Honda, Canon, Nissan, Sony, Mitsubishi UF J, Panasonic, Uniqlo, Lexus, Subara, Nitendo, Bridgestone, Masda, Suzuki និងក្រុមហ៊ុនជាច្រើនរាប់សិបទៀត។
ចំពោះវិស័យមូលបត្រវិញ ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងសកល ដែលជាផ្សារមូលបត្រធំជាងគេក្នុងចំណោមផ្សារមូលបត្រធំៗទាំង ៧៩ និងធំជាងគេក្នុងទ្វីបអាស៊ី ដែលមានមូលធនទីផ្សារចំនួន ៥.៦១ទ្រីលានដុល្លារសហរដ្ឋអាមេរិកក្នុងខែមីនា ឆ្នាំ២០១៨ ។
ផ្សារមូលបត្រជប៉ុនជាផ្សារមូលបត្រ ដែលធំជាងគេក្នុងប្រទេសជប៉ុនដែលមានឈ្មោះថាផ្សាមូលបត្រតូក្យូ ស្ថិតនៅទីក្រុងតក្យូនៃប្រទេសជប៉ុន។ ផ្សារមូលបត្រនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ១៨៧៨។ សព្វថ្ងៃក្រុមហ៊ុនដែលចុះបញ្ជីក្នុងផ្សារមូលបត្រតូក្យូមានប្រមាណជាង ៣៥០០ ក្រុមហ៊ុន គិតត្រឹមខែមេសាឆ្នាំ ២០១៨ ។
សរុបមកវិញប្រទេសជប៉ុនជាប្រទេសដែលមានភាពរីកចម្រើនខ្លាំងមិនថាវិស័យសេដ្ឋកិច្ច ឬ វិស័យបច្ចេកវិទ្យាឡើយ រួមផ្សំជាមួយនិងប្រព័ន្ធអប់រំប្រកបដោយគុណភាពខ្ពស់។ ចំពោះវិស័យមូលបត្រវិញគឺជាផ្សារមូលបត្រដែលធំជាងគេក្នុងទ្វីបអាស៊ីនឹងទទួលបានក្រុមហ៊ុនធំៗមកចុះបញ្ជីក្នុងផ្សារមូលបត្របន្ដបន្ទាប់ ដែលជាផ្នែកមួយជួយជំរុញសេដ្ឋកិច្ចប្រទេសមួយនេះកាន់តែរីកចម្រើនថែមទៀត៕
ដោយ៖ គឹម ច័ន្ទលាភ
ប្រពភ៖ Tokyo Stock Exchange និង Stockmarketclock