ដូណាលត្រាំព្រមានបន្ថែមពន្ធលើទំនិញចិនបន្ថែមទៀត ប្រសិនការចរចាមិនទទួលបានផ្លែផ្កា
លោកប្រធានាធិបតី ដូណាលត្រាំគម្រាមដាក់ពន្ធបន្ថែមលើការនាំចូលទំនិញមកពីប្រទេសចិន ប្រសិនបើការចរចារវាងប្រទេសទាំងពីរមិនទទួលបានលទ្ធផល នេះបើយោងតាមការបង្ហោះលើបណ្ដាញទំនាក់ទំនង Tweeter របស់លោក។
ប្រទេសមហាសេដ្ឋកិច្ចទាំងពីរនេះបានធ្វើការចរចាពន្យាពេល ៩០ថ្ងៃទៅលើការយកពន្ធលើទំនិញពីប្រទេសចិន បន្ទាប់ពីលោកដូណាលត្រាំ និងលោកស៊ី ជិងពិង បានជួបប្រជុំនៅក្នុងកិច្ចប្រជុំ G-២០ ក្នុងប្រទេសអាហ្សង់ទីនកាលពីពេលថ្មីៗនេះ។
ក្នុងការបណ្ដាញទំនាក់ទំនងសង្គម Tweeter កាលពីព្រឹកថ្ងៃអង្គារ លោកប្រធានាធិបតីដូណាលត្រាំបង្ហាញអំពីនូវសុទិដ្ឋិនិយមទៅលើការកិច្ចចរចារវាងប្រទេសទាំងពីរ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថាលោកគឺជា បុរសពន្ធ (Tariff Man) ប្រសិនបើការចរចារវាងប្រទេសទាំងពីរមិនទទួលបានផ្លែផ្កា។
នៅល្ងាចថ្ងៃដដែល លោកដូណាលត្រាំ បាននិយាយថាលោកមានការជឿជាក់ថាចិននិងសហរដ្ឋអាមេរិកនឹងអាចឈានទៅដល់ការយល់ព្រមទៅលើការធ្វើពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។ ប៉ុន្តែលោកបានគម្រាមថានឹងដាក់ច្បាប់ថ្មីប្រឆាំងទៅនឹងចិនប្រសិនបើការចរចារបរាជ័យ។
គួរបញ្ចាក់ផងដែរថា សេតវិមានបានដាក់ពន្ធ ២៥០ ពាន់លានដុល្លារ (ប៊ីលាន) ទៅលើទំនិញចិនរួចទៅហើយ ហើយសន្យាថានឹងបន្ថែមពន្ធ ២៦៧ ពាន់លានដុល្លារ (ប៊ីលាន) បន្ថែមទៀត ប្រសិនបើចិនមិនផ្លាស់ប្ដូរទង្វើររបស់ខ្លួន។
ភាពដែលអាចទៅរួចទៅលើការដាក់ពន្ធនេះ ធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចប្រទេសចិននិងក្រុមហ៊ុនអាមេរិកមួយចំនួន និងបង្ហាញឲ្យឃើញនូវការព្រួយបារម្ភទៅដល់ការអភិវឌ្ឍរបស់សកលលោកទៀតផង៕
ដោយ៖ លង់ វណ្ណៈ