សម្រង់សម្ដីដ៏មានតម្លៃទាំង ១០ឃ្លា របស់មហាសេដ្ឋីម៉ិកស៊ិក Carlos Slim Helu
លោក Carlos Slim គឺជាអ្នកមានជាងគេបំផុតមួយរូបដើមកំណើតម៉ិកស៊ិកដែលជោគជ័យបំផុតនៅដើមសតវត្សទី ២១ នេះ។ ដោយគេដាក់រហស្សនាមថាជាលោក Warren Buffett នៃប្រទេសម៉ិកស៊ិក មហាសេដ្ឋីរូបនេះធ្លាប់បានជាប់ឈ្មោះជាមហាសេដ្ឋីមានជាងគេបំផុតនៅក្នុង ២០១០-២០១៣។
លោក Carlos តែងគិតថា លោកចង់ធ្វើជាអ្នកជំនួញម្នាក់ហេតុដូច្នេះហើយទើបរូបលោកបានចាប់ផ្តើមអភិវឌ្ឍអាជីវកម្ម និងវិនិយោគតាំងពីលោកនៅក្មេងមម៉្លេះ។ ទោះបីជាលោកមានលុយរាប់មិនអស់ក៏ដោយ ក៏លោកនៅត្រូវបានគេមើលឃើញថា ជាមហាសេដ្ឋី រស់នៅមិនស៊ីវិល័យស្ថិតនៅក្នុងផ្ទះមួយសមរម្យ មានបន្ទប់គេងចំនួន ៦ ដែលស្ថិតនៅឆ្ងាយពីការិយាល័យធ្វើការរបស់លោក។
ឆ្លងកាត់តាមបទពិសោធន៍ជីវិតកន្លងមក លោកបានចែករំលែកនូវទស្សនៈល្អៗចំនួន ១០ឃ្លាសម្រាប់មនុស្សទូទៅដែលមានដូចខាងក្រោមនេះ៖
១) កាន់តែប្រកួតប្រជែងកាន់តែប្រសើរ “ការប្រកួតប្រជែងធ្វើឲ្យអ្នកកាន់តែប្រសើរ វាធ្វើឲ្យអ្នកកាន់តែរឹងមាំ បើទោះបីជាគូប្រជែងអ្នកជាអ្នកឈ្នះក៏ដោយ”។
២) លុយមិនមែនសុទ្ធតែជាគោលដៅ “លុយមិនមែនជាគោលដៅទេ។ គោលដៅគឺការធ្វើឲ្យក្រុមហ៊ុនរីកចម្រើន វិវត្តទៅមុខ កាន់តែមានការប្រកួតប្រជែង ឈរនៅទីតាំងផ្សេងគ្នា បង្កើតក្រុមការងារដ៏មានប្រសិទ្ធភាពមួយនៅក្នុងក្រុមហ៊ុន”។
៣) វិនិយោគថ្ងៃនេះល្អបំផុត “បុគ្គលណាក៏ដោយដែលមិនព្រមចាប់ផ្តើមវិនិយោគពីឥឡូវនេះទៅទេ នឹងបាត់បង់ឱកាសធំនៅពេលខាងមុខ”។
៤) កុំរស់នៅតាមគំនិតអ្នកដទៃ “កុំរស់នៅតាមគំនិតអ្នកដទៃ។ បើអ្នកឲ្យអ្នកដទៃដឹកមុខ អ្នកនឹងស្លាប់”។
៥) ធ្វើជំនួញ កុំធ្វើនយោបាយ “បើធ្វើជំនួញ សូមកុំពាក់ព័ន្ធនឹងរឿងនយោបាយ”។
៦) អំណោយ “អំណោយ មិនអាចរំដោះភាពក្រីក្របានទ។ មានតែការងារប៉ុណ្ណោះដែលអាចលុបបំបាត់ភាពក្រីក្របាន”។
៧) ប្រទេសល្អមិនស្មើបង្កើតក្មេងៗល្អ “វាជារឿងសំខាន់ដែលកសាងប្រទេសដ៏ល្អមួយសម្រាប់កូនៗរបស់អ្នក។ ប៉ុន្តែវាកាន់តែសំខាន់ជាងនេះក្នុងបង្កើតក្មេងៗដ៏ល្អជាសសរទ្រូងសម្រាប់ប្រទេសរបស់អ្នក”។
៨) មានឧបសគ្គត្រូវតែប្រឈមមុខ “នៅពេលយើងព្យាយាមជំនះបញ្ហា វាក៏រលាយបាត់ទៅ។ ដូច្នេះហើយត្រូវរៀនពីភាពបរាជ័យ និងបង្កើតភាពជោគជ័យដោយស្ងាត់ស្ងៀម”។
៩) ធ្វើទានកុំរំពឹងបានមកវិញ “នៅពេលអ្នកឲ្យអ្វីមួយទៅអ្នកដទៃ កុំរំពឹងចង់បានអ្វីមួយពីគេមកវិញ។ អ្នកណាដែលឲ្យផ្កាកុលាបទៅអ្នកផ្សេងកាន់តែច្រើន អ្នកនោះនឹងទទួលបានក្លិនក្រអូបមកវិញ”។
១០) កុំជឿលើព្រេងសំណាង “ខ្ញុំមិនជឿលើព្រេងសំណាងច្រើនពេកនោះទេ។ ខ្ញុំជឿលើកាលៈទេសៈ។ ខ្ញុំជឿលើសមត្ថភាពការងាររបស់ខ្ញុំ”។
ប្រភព៖ Lifehack