Apple អស់ប្រាក់ជាង ៦០០លានដុល្លារដោយសារចាញ់ក្ដី ៤ប៉ាតង់របស់ក្រុមហ៊ុនក្នុងស្រុក VirnetX
ក្រុមប្រឹក្សាតុលាការក្នុងរដ្ឋតិចសាសបានសម្រេចក្ដីឱ្យ Apple ត្រូវបង់ប្រាក់សងជំងឺចិត្តលើថ្លៃខូចខាតប៉ាតង់ចំនួន៤ ដែលបានល្មើសលើក្រុមហ៊ុនផ្ដល់អាជ្ញាប័ណ្ណប៉ាតង់ដែលមានមូលដ្ឋាននៅរដ្ឋ Nevada សហរដ្ឋអាមេរិក។ ប៉ាតង់ទាំង៤ នេះមានពាក់ព័ន្ធនឹងបច្ចេកវិទ្យាដែលបានប្រើប្រាស់ក្នុងផ្នែកសូហ្វ៊ែរ VPN របស់ Apple កាលពីឆ្នាំ២០០៩, ប្រព័ន្ធផ្ញើសារ FaceTime កាលពីឆ្នាំ២០១០ និងសូហ្វ៊ែរ iMessage។
ការកាត់ក្ដីក្នុងប្រព័ន្ធតុលាការចាប់ផ្ដើមធ្វើឡើងបន្ទាប់ពីឆ្នាំ២០១២ ដោយ Apple ត្រូវគេរកឃើញថា បានរំលោភលើប៉ាតង់របស់ក្រុមហ៊ុន VirnetX ប៉ុន្តែ Apple បានបដិសេធទៅនឹងសាលក្រមបណ្ដឹងឧទ្ធរណ៍។ កាលពីថ្ងៃពុធម្សិលមិញ គណៈវិនិច្ឆ័យប្រចាំភូមិភាគខាងកើតរដ្ឋតិចសាស បានរកឃើញថា Apple ពិតជាបានរំលោភលើប៉ាតង់របស់ VirnetX ដូចការអះអាងកន្លងទៅពិតមែន ហើយជាចេតនា។
យ៉ាងណា ក្រុមហ៊ុន Apple បានព្យាយាមដោយការស្នើទៅចៅក្រមឱ្យប្រកាសការកាត់សេចក្ដីនេះទុកជាមោឃៈ ដោយលើកឡើងថា នេះជាការចោទប្រកាន់គ្មានភស្តុតាង។
យ៉ាងណាពេលនេះ ទាំងក្រុមហ៊ុន VirnetX និង Apple មិនទាន់បានឆ្លើយបំភ្លឺឱ្យបានច្បាស់នូវករណីជម្លោះប៉ាតង់នេះនៅឡើយ។ ប៉ាតង់ចំនួន៤ ក្នុងករណីប៉ាតង់នៅអាមេរិករួមមាន៖ 6,502,135; 7,490,151; 7,418,504 និង 7,921,211៕