ក្រុមហ៊ុនអាម៉ាហ្សូន កាន់កាប់តំណែងក្រុមហ៊ុនអេផលមួយភ្លែត ក្លាយជាក្រុមហ៊ុនដែលមានតម្លៃខ្លួនថ្លៃជាងគេ
Amazone.com បានក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេនៅលើកាសែត Wall Street កាលពីថ្ងៃចន្ទកន្លងទៅ ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុនមៃក្រូសូហ្វ (Microsoft Corp) បានវ៉ាដាច់តំណែងរបស់ក្រុមហ៊ុន អេផល (Apple Inc)។
ក្រុមហ៊ុនអាម៉ាហ្សូន បានកើនឡើងប្រមាណ ៤,៧ភាគរយ ដែលធ្វើឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុននេះកើនឡើងដល់ទៅ ៨៦៥ ពាន់លានដុល្លារអាមេរិក (ប៊ីលាន) ខណៈពេលជាមួយគ្នានេះក្រុមហ៊ុនអេផល បានកើនឡើងប្រមាណ ២,១ភាគរយ ដែលធ្វើឲ្យក្រុមហ៊ុនមួយនេះមានតម្លៃខ្លួននៅលើទីផ្សារតែ ៨៦៤,៨ ពាន់លានដុល្លារអាមេរិក (ប៊ីលាន) ប៉ុណ្ណោះ ទាបជាងក្រុមហ៊ុនអាម៉ាហ្សូន។
ក្រុមហ៊ុនមៃក្រូសូហ្វ ដែលកាលពីថ្ងៃសុក្រកន្លងទៅបានវ៉ាដាច់ក្រុមហ៊ុនអេផលជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល៨ឆ្នាំ ប្រហែល ០,៩ភាគរយ ដែលធ្វើឲ្យតម្លៃទីផ្សាររបស់ខ្លួន មានចំនួន ៨៥៩ ពាន់លានដុល្លារអាមេរិក (ប៊ីលាន)។
ការកើនឡើងរបស់ក្រុមហ៊ុនអាម៉ាហ្សូន បានតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ ក្រោយពីការបិទផ្សារហ៊ុន ក្រុមហ៊ុនអេផលនៅក្លាយតែជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់ខ្ពស់ដដែលជាមួយនឹងការកើនឡើង ៣,៤៩ភាគរយក្នុងផ្សារហ៊ុនរបស់ខ្លួនដែលធ្វើឲ្យក្រុមហ៊ុននេះមានតម្លៃខ្លួន ៨៦៦,៦ ពាន់លានដុល្លារអាមរិក (ប៊ីលាន) ដោយក្រុមហ៊ុនអាម៉ាហ្សូនដេញតាមពីក្រោយ ជាមួយនឹងកំណើន ៤,៨៦ភាគរយ ដែលគិតជាតម្លៃផ្សារហ៊ុនសរុបប្រមាណ ៨៦០,៤ ពាន់លានដុល្លារអាមេរិក (ប៊ីលាន)។
ការប្រកួតប្រជែងដ៏តឹងតែងរវាងក្រុមហ៊ុនដែលប្រើប្រាស់បច្ចេកវិទ្យាទាំង៣នេះ ខណៈពេលដែលសហរដ្ឋអាមេរិកនិងចិនបានចរចារដើម្បីពន្យាពេលយកពន្ធនាំចូលទំនិញពីប្រទេសចិន។
កាលពីខែ សីហាកន្លងទៅ ក្រុមហ៊ុនអេផលបានក្លាយជាក្រុមហ៊ុនអាមេរិកដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រដំបូងគេដែលមានតម្លៃខ្លួនក្នុងទីផ្សាររហូតដល់ ១ លានលានដុល្លារអមេរិក (ទ្រីលាន) ប៉ុន្តែតម្លៃនេះបានធ្លាក់ចុះយ៉ាងលឿនក្នុងរយៈប៉ុន្មានខែចុងក្រោយដោយសារតែអ្នកវិនិយោគគិនមួយចំនួនមានការព្រួយបារម្ភដោយសារតែតម្រូវការ iPhone បានធ្លាក់ចុះ៕
ដោយ៖ លង់ វណ្ណៈ