យុវជន ៩រូបបង្កើត​ហាង​កាហ្វេ​សរីរាង្គ​ជួយ​កសិករជនជាតិដើម និងបង្កើនសុខុមាល​ភាព​ប្រជាជនខ្មែរ​



បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​ពិសេស​យុវជន​ភាគ​ច្រើន​កំពុង​មាន​ទំនោរ​ទៅ​លើ​ការ​គាំ​ទ្រ​ផលិតផល​បរទេស​ជាជាង​ផលិត​ផល​ក្នុង​ស្រុក​បើ​ទោះ​ជា​ផលិតផល​ខ្លះ​ខ្មែរ​អាច​ផលិត​បាន​ក៏​ដោយ ក៏​សន្ទុះ​នៃ​ការ​គាំ​ទ្រ​ផលិតផល​ក្នុង​ស្រុក​ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ។  បន្ថែមពីនេះទៅទៀតប្រជាជនខ្មែរជាច្រើនមានការខ្វាយខ្វល់អំពីបញ្ហាសុវត្តិភាពចំណីអាហារដែលបរិភោគរាល់ថ្ងៃ ហើយចាប់ផ្ដើមគិតគូរអំពីការសុខភាពផងជាចំបង។ យុវជន​ ស៊ិង សុង សហស្ថាបនិក​មួយ​រូប​ក្នុង​ចំណោម​សហស្ថាបនិក​ ៨​រូប​ផ្សេង​ទៀត ​បាន​សម្រេច​រួម​គ្នា​បង្កើត​ហាង​កាហ្វេ រ៉ូប៊ូស្ដា ប៊ូស្រាកាហ្វេ ឡើង​ដើម្បី​រួម​ចំណែក​ក្នុង​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ប្រជា​ជន​ឲ្យ​ងាក​មក​គាំ​ទ្រ​ផលិត​ផល​ក្នុង​ស្រុក និង​ជា​ពិសេស​ផលិតផល​អាហារ​សរីរាង្ដដែលជួយទៅដល់សុខភាពប្រជាជនខ្មែរ និងគាំទ្រផលិតផលកសិកម្មរបស់ជនជាតិភាគតិច។ លោក ស៊ិង សុង បាន​លើក​ឡើង​ថា ​ផលិត​ផល​ការ​ហ្វេ​សរីរាង្គ​នេះ​គឺ​ត្រូវ​បាន​នាំ​មក​ពី​ខេត្ត​មណ្ឌល​គីរី​ដែល​ដាំ​ជា​លក្ខណៈ​សរីរាង្គ​ដោយ​ប្រជាកសិករ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​តំបន់​ដាក់​ដាំ និង​ប៊ូស្រា និង​ត្រូវ​បាន​ទទួល​ស្គាល់​គុណ​ភាព​ស្តង់​ដា​ចំណី​អាហារ​ដោយ​អង្គការ​សេដាក​(CEDAC)ផង​ដែរ។ លោក​បន្ត​ថា ចំពោះ​កាហ្វេ​នៅ​ក្នុង​ហាង​មួយ​ចំនួន​ដែល​គេ​យក​មក​លក់​ភាគ​ច្រើន​គឺ​យើង​ពុំ​បាន​ដឹង​ពី​ប្រភព​ច្បាស់​លាស់​នោះ​ទេ ប៉ុន្តែ​ដោយ​ឡែក​ចំពោះ​ការ​បង្កើត​ហាង​កាហ្វេ​សរីរាង្គ​រ៉ូប៊ូស្ដាប៊ូស្រាកាហ្វេ​វិញ​គឺ​គិត​ជា​ចម្បង​នូវ​សុខភាព​និង​សុខុមាល​ភាព​របស់​ប្រជាជន​ខ្មែរ​ ដែល​អាច​ឲ្យ​ពួក​គាត់​ទុ​អាច​ទុក​ចិត្ត​បាន។ ការ​បើក​អាជីវកម្ម​នេះ​គឺ​មិន​មែន​គិត​ត្រឹម​តែ​ប្រាក់​ចំណេញ​នោះ​ទេ ប៉ុន្តែ​ការ​បើក​ហាង​កាហ្វេ​សរីរាង្គ​នេះ​គឺ​ជា​ប្រភេទ​អាជីវកម្ម​សង្គម​ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ជួយ​លើក​ស្ទួយ​ផលិត​ផល​សរីរាង្គ​របស់​ប្រជា​កសិករ​ជន​ជាតិ​ដើម​ភាគ​តិច ហើយ​ក្នុង​នោះ​ក៏​បាន​ផ្ដល់​ការងារ​ដល់​ប្រជាជន​នៅ​ក្នុង​តំបន់​នោះ​ផងដែរ​តាម​រយៈ​ការ​ធ្វើ​ការ​ងារ​ជា​សង្វាក់​ ដែល​រួម​មាន​អ្នក​បេះ​អ្នក​វិច​ខ្ចប់​ជា​ដើម​ដែល​បាន​ជួយ​សម្រួល​យ៉ាង​ច្រើន​ដល់​ជីវភាព​គ្រួសារ​របស់​ពួកគាត់។ នេះ​ជា​ការ​លើក​ឡើង​បន្ត​របស់​សហស្ថាបនិក​វ័យ​ក្មេង​រូប​នេះ។ លោក​បាន​បន្ថែម​ថា លើស​ពី​នេះ​ទៅ​ទៀត​អាជីវកម្ម​ហាង​កាហ្វេ​សរីរាង្គ​នេះ​គឺ​បាន​គាំ​ទ្រ​ដល់​ការ​ដល់​ការ​ការពារ​បរិស្ថាន​ ដោយ​បាន​គាំ​ទ្រ​ដល់​ការ​ធ្វើ​កសិកម្ម​សរីរាង្គ​របស់​ប្រជា​កសិករ ដែល​បាន​រួម​ចំណែក​នៅ​ក្នុង​ការ​កាត់​បន្ថយ​ការ​បំពុល​ទឹក​ ការ​បំពុល​ដី​និង​ការ​បំពុល​ខ្យល់​ជា​ដើម​។ ហើយ​ចំពោះ​ហាង​កាហ្វេ​សររីរាង្គ​ រ៉ូប៊ូស្ដាប៊ូស្រាកាហ្វេ​ ក្រៅ​ពី​កាហ្វេ​សរីរាង្គ​ក៏​មាន​ផលិតផល​សរីរាង្គ​ជា​ច្រើន​ទៀត​ដូច​ជា ក្រូចវល្លិ៍ ផ្លែប័រ ដោយ​សូម្បី​តែ​គល់​ស្លឹក​គ្រៃ​ក៏​ជា​ផលិត​ផល​សរីរាង្គ​ផង​ដែរ។ លោក ស៊ិង សុង៖ "ខ្ញុំ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរគ្រប់ ជាពិសេស​យុវជន​ងាក​មក​គាំទ្រ​ផលិតផល​ក្នុងស្រុក អ្វី​ដែល​សំខាន់​នោះ​គឺ​កសិផលស​រីរាង្គ ដែល​វា​ជា​រូបភាព​ដ៏ល្អក្នុងការជួយដល់សុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរ និង​ជួយ​ជម្រុញ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​រីក​ចម្រើន​ផងដែរ ជាជាងដែលពួកគាត់គាំទ្រ ផលិតផល​បរទេស​ដែល​វា​ជួយ​ឲ្យ​សេដ្ឋកិច្ច​គេ​រីក​ចម្រើន​"៕
អត្ថបទ៖ ជួប ស្រីរ័ត្ន
X
5s