ព្រឹត្តិការណ៍សេដ្ឋកិច្ចនៅកម្ពុជាសំខាន់ៗ ប្រចាំសប្ដាហ៍
ថ្ងៃនេះ Bizkhmerបានដកស្រង់នូវព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេសចេញដោយ សារព័ត៌មានល្បីៗក្នុងស្រុកចំនួន៤ គឺកម្ពុជាថ្មី រស្មីកម្ពុជា ភ្នំពេញប៉ុស្ដ៍ និងកោះសន្តិភាព។ ការសង្ខេបជូននូវខ្លឹមសារសេដ្ឋកិច្ចសំខាន់ៗទាំងនេះ ដើម្បីជាជំនួយដល់ការសម្រេចចិត្តនៃការធ្វើអាជីវកម្មរបស់លោកអ្នក។ ខាងក្រោមនេះ ជាការសង្ខេបជូននូវព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗដូចខាងក្រោម៖
យោងតាមកាសែតរស្មីកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឱ្យដឹងថា កម្ពុជា និង ប៊ុលហ្គារី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍។ តបតាមការអញ្ញើញ លោកស្រី Nikolina Angelkova រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃសាធារណរដ្ឋប៊ុលហ្គារី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូក្រសួង បានចូលរួម សមាជអន្តរជាតិលើកទី២ ស្តីពីអរិយធម៌ពិភពលោក និងខ្សែទស្សនកិច្ចប្រវត្តិសាស្ត្រ (The 2nd International Congress on World Civilization and Historical Routes) ដែលរៀបចំឡើងក្រោមកិច្ចសហការរបស់អង្គការទេសចរណ៍ពិភពលោក និងរដ្ឋាភិបាលប៊ុលហ្គារី (ក្រសួងទេសចរណ៍ប៊ុលហ្គារី) កាលពីថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ សូមចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត
តាមរយៈប្រភពខាងលើដដែល ដែលបានចុះផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានជំរុញប្រទេសជប៉ុននិងកូរ៉េ ធ្វើការវិនិយោគលើការអភិវឌ្ឍន៍ខ្សែចង្វាក់តម្លៃដំណាំដំឡូងមី និងកសិផលផ្សេងទៀតមានដូចជា ស្រូវ ពោត សណ្តែក និងឈើហូបផ្លែ ដើម្បីពង្រីកវត្តមានផលិតផលខ្មែរនៅលើទីផ្សារ និងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឱ្យបានអតិបរមា។ ប្រភពពីក្រសួងពាណិជ្ជកម្ម ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ថា ការលើកឡើងរបស់លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានធ្វើឡើងនាឱកាសដឹកនាំប្រតិភូចូលរួមកម្មវិធី “A Small-Business-Group Seated Dinner” រៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងគោលបំណងចែករំលែកព័ត៌មានផ្សេងៗ ទាក់ទងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត កសិកម្ម វប្បធម៌ និងទេសចរណ៍។ សូមចុចត្រង់នេះដើម្បីទទួលបានព័ត៌មានលម្អិត
ដោយឡែក សម្រាប់កាសែតកោះសន្តិភាព ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្តីអំពីបារាំងផ្ដល់ហិរញ្ញប្បទានឥតសំណងជិត ១០០លានដុល្លារដល់កម្ពុជា។ ដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជាក្នុងបំណងធ្វើឲ្យប្រសើរឡើងនូវការរស់នៅរបស់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ច ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ហៅកាត់ថា AFD បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ៨៤,៦៧លានអឺរ៉ូ ឬប្រមាណ៩៦,៤លានដុល្លារអាមេរិក ដើម្បីអនុវត្តនូវកម្មវិធីចំនួន៣ សំខាន់ៗដល់កម្ពុជា។ សូមចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត
តាមរយៈកាសែតកោះសន្តិភាពដដែលដែលចេញផ្សាយ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា បានឱ្យដឹងថា ដំណាច់ត្រីមាសទី3 ទុនវិនិយោគកម្ពុជាមានទឹកប្រាក់ជិត ៥ពាន់លានដុល្លារ។ ដំណាច់ត្រីមាសទី៣ឆ្នាំនេះ ទំហំទុនវិនិយោគនៅកម្ពុជាសម្រេចបានទឹកប្រាក់ជិត ៥ពាន់លានដុល្លារអាមេរិក ដែលគម្រោងវិនិយោគទាំងនោះបានបង្ហាញថា អ្នកវិនិយោគចិននៅតែនាំមុខគេនៅកម្ពុជា។ យោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឱ្យដឹងនាព្រឹកថ្ងៃទី១៤ វិច្ឆិកា ម្សិលមិញថា កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន១៧០នៅក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៨នេះ ដែលគិតជាទឹកប្រាក់មានចំនួនជាង៤,៧ពាន់លានដុល្លារ ។ ក្នុងចំណោមគម្រោងវិនិយោគនោះ មានគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១៤ ដែលគិតជាទឹកប្រាក់ចំនួន ៤ពាន់លានដុល្លារ និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៥៦គម្រោង ដែលគិតជាទឹកប្រាក់ចំនួនជិត៧០០លានដុល្លារ ។ សូមចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត
មួយវិញទៀត យោងតាមការចុះផ្សាយពីកាសែត ភ្នំពេញបុស្ដិ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឋិកា ឆ្នាំ២០១៨ ស្ដីអំពីCDC អនុម័តបានគម្រោងវិនិយោគជាង ១ ពាន់លានដុល្លារ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានអនុម័តគម្រោងវិនិយោគដែលមានតម្លៃជាង ១ ពាន់លានដុល្លារក្នុងរយៈពេល ៣ ខែ គិតត្រឹមខែវិច្ឆិកានេះ។ នេះបើតាមទិន្នន័យនៅលើទំព័រហ្វេសប៊ុករបស់ CDC។ ទិន្នន័យដែលត្រូវបានបង្ហាញនៅលើទំព័រហ្វេសប៊ុក ហើយត្រូវបានបូកសរុបដោយភ្នំពេញ ប៉ុស្តិ៍ បង្ហាញថា គិតចាប់ពីដើមខែកញ្ញា ដល់ពាក់កណ្តាលខែវិច្ឆិកា CDC បានអនុម័តគម្រោងវិនិយោគសរុប ៤១ គម្រោងមានតម្លៃជាង ១ ពាន់លានដុល្លារ៕ ដោយ៖ ជួប ស្រីរ័ត្ន