លក្ខណៈសម្បត្តិ៥យ៉ាង ដែលអ្នកត្រូវតែមាន ប្រសិនបើចង់សម្រេចគោលដៅធំៗក្នុងជីវិត
គោលដៅតូច គឺប្រើការខិតខំតូចល្មមក៏អាចសម្រេច ហើយគោលដៅធំគឺត្រូវតែមានការខិតខំប្រឹងប្រែងខ្លាំងទើបអាចទៅរួច។ ទន្ទឹមគ្នានេះ ប្រសិនបើចង់សម្រេចគោលដៅធំៗក្នុងជីវិត អ្នកត្រូវតែសាងលក្ខណៈសម្បត្តិសំខាន់ៗ ដើម្បីជួយឲ្យអ្នកមានលទ្ធភាពដើរឆាប់ដល់គោលដៅដែលបានកំណត់។ ខាងក្រោមនេះ ជា លក្ខណៈសម្បត្តិ៥យ៉ាងដែលអ្នកត្រូវមាន៖
១) មានគំនិតវិជ្ជមាន៖ មុនដំបូងបំផុត បើចង់សម្រេចគោលដៅធំរបស់អ្នក គឺត្រូវតែមានគំនិតវិជ្ជមានជាមុនសិន។ ការគិតវិជ្ជមាន វាការលើកទឹកចិត្តសំខាន់ខ្លាំងណាស់សម្រាប់ខ្លួនឯង។ បើអ្នកគិតថា ទៅមិនរួច ឬ គិតអាក្រក់មុនទៅហើយនោះ មានន័យថា អ្នកនឹងចាញ់ដោយស្វ័យប្រវត្តិ។
២) មានជំនាញ និង បទពិសោធន៍ច្បាស់លាស់៖ វាមិនមែនជារឿងងាយឡើយ ប្រសិនបើអ្នកចង់សម្រេចកិច្ចការងាធំ ខណៈខ្លួនគ្មានសមត្ថភាពអ្វីសោះក្នុងខ្លួន ដោយខ្វះទាំងជំនាញ និង បទពិសោធន៍។ ដូច្នេះហើយ អ្នកត្រូវតែព្យាយាមពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីអាចសាងភាពអស្ចារ្យនៅពេលខាងមុខ។
៣) មានផែនការច្បាស់លាស់៖ ចង់ធ្វើការងាដែលឆាប់ជោគជ័យ និង មិនច្របូកច្របល់នោះ លុះត្រាតែអ្នកចេះរៀបចំ និង បង្កើតផែនការល្អមួយសិន បើមិនដូច្នោះទេ មិនដឹងត្រូវធ្វើមួយណាមុន មួយណាក្រោយនោះឡើយ។
៤) អត់ធ្មត់៖ ការអត់ធ្មត់ជារឿងសំខាន់ខ្លាំងណាស់ ព្រោះថា រឿងអស្ចារ្យ ឬ គោលដៅធំៗមិនងាយនឹងសម្រេចដោយស្រួលឡើយ ពោលគឺវាទាមទាររយៈពេលសមស្រប បូករួមជាមួយនឹងការខិតខំប្រឹងប្រែងខ្លាំង ទើបអាចចេញជារូបរាងបាន។
៥) ចេះបត់បែន៖ ត្រូវចាំថា ផ្លូវទៅកាន់គោលដៅរបស់អ្នកគឺមិនមែនមានតែមួយនោះទេ ដូច្នេះកុំងាប់ក្រឡាឲ្យសោះ។ មានន័យថា បើអ្នកអនុវត្ត ឬ ដើរតាមផ្លូវមួយនេះមិនស្រួល គឺគួរតែបង្កើតវិធី ឬ យុទ្ធសាស្ត្រផ្សេងទៀត ដើម្បីដើរឲ្យដល់គោលដៅ។ ដូច្នេះហើយ ត្រូវតែដើរឲ្យទាន់ស្ថានការណ៍ជាក់ស្ដែង ទើបជាមនុស្សដែលមានភាពឆ្លាតវៃ៕
រក្សាសិទ្ធិដោយ : Bizkhmer
រៀបចំយុទ្ធសាស្រ្តការលក់កើនឡើង និង អាជីវកម្មលោកអ្នកជោគជ័យ សូមទាក់ទង: Bizkhmer Digital Media
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ០១២ ៦៦៦ ១០៤
ដោយ៖ អ៊ុន ភក្តី