អានអត្ថបទនេះសិន បើចង់ដឹងថា អ្នកជាអ្នកក្រ ឬមានកម្រិតណា!​



មុននឹងអានអត្ថបទនេះ អ្នកអាចសាកល្បងឆ្លើយសំនួរទាំងនេះជាមុនសិន ថាតើអ្នកសន្សំប្រាក់បានប៉ុន្មាន? តើអ្នករកចំណូលបានប៉ុន្មានក្នុងមួយខែៗ? តើអ្នកអាចរស់បានប៉ុន្មានខែ ប៉ុន្មានឆ្នាំ ប្រសិនបើអ្នកគ្មានប្រាក់ចំណូល ឬ ត្រូវបានបញ្ឈប់ពីការងារនៅថ្ងៃស្អែក?

សំនួរទាំងនេះ នឹងធ្វើឲ្យ អ្នកចាប់ផ្តើមគិតហើយមិនច្បាស់ក្នុងចិត្តថា អ្នកស្ថិតនៅក្នុងជីវភាពកម្រិតណាមួយ។ អ្នកប្រហែលគិតទៅលើទ្រព្យសម្បត្តិផ្សេងៗ ដែលអ្នកមាននៅក្នុងដៃមកបូកសរុបតម្លៃបញ្ចូលគ្នាដូចជា ផ្ទះ រថយន្ត ដីធ្លី សម្ភារៈមានតម្លៃ និងប្រភពចំណូលផ្សេងៗទៀត។ ប៉ុន្តែតើអ្នកមានបានគិតទេថា តើអ្នកកំពុងជំពាក់បំណុលគេឬអត់? តើអ្នកត្រូវចំណាយលើអ្វីខ្លះទៀតនៅពេលខាងមុខ? យ៉ាងណាក៏ដោយ ឧទាហរណ៍ដើម្បីចង់ដឹងថា ខ្លួនអ្នកផ្ទាល់ជាអ្នកមាន ឬ ក្រប្រសិនបើគ្មានប្រាក់ចំណូលប្រចាំខែនីមួយៗ សូមពិនិត្យមើលលក្ខខណ្ឌដែលបានកំណត់ដូចខាងក្រោមនេះ៖

១.អ្នកអាចរស់បានតិចជាង ១ខែ មានន័យថា អ្នកជាអ្នកក្រដាច់យ៉ៃ

២.អ្នកអាចរស់បានចាប់ពី ១ ទៅ ៣ខែ មានន័យថា អ្នកជាអ្នកក្រគ្មានស្ថិរភាពហិរញ្ញវត្ថុ

៣.អ្នកអាចរស់បានចាប់ពី ៣ ទៅ ៦ខែ មានន័យថា អ្នកមានជីវភាពធម្មតាមិនមានមិនក្រ

៤.អ្នកអាចរស់បានចាប់ពី ៦ខែ ទៅ ២ឆ្នាំ មានន័យថា អ្នកគឺជាអ្នកមានកម្រិតមធ្យម ៥.អ្នកអាចរស់បានចាប់ពី ២ ទៅ ៥ឆ្នាំ មានន័យថា អ្នកគឺជាអ្នកមានកម្រិតខ្ពស់

៦.អ្នកអាចរស់បានចាប់ពី ៥ឆ្នាំឡើងទៅ មានន័យថា អ្នកគឺជាអ្នកមានស្តុកស្តម្ភបំផុត។

រូបមន្តនេះគឺជាកូនសោដ៏សំខាន់ដែលបង្កើតឡើងដោយលោក Robert Kiyosaki ដែលជាសេដ្ឋីអាមេរិក និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញ "Rich Dad Poor Dad”។ បើតាមទស្សនៈរបស់លោក ការរកបានប្រាក់ចំណូលច្រើនប៉ុណ្ណាវាមិនសំខាន់ណោះទេ ប៉ុន្តែអ្វីដែលសំខាន់តើអ្នកសន្សំបានប៉ុន្មាន? លោកបន្ថែមថា ចង់មានមិនមែនចេះតែសន្សំលុយមួយមុខនោះទេ គឺត្រូវចេះធ្វើឲ្យលុយចេះបង្កើតលុយ (វិនិយោគ)។

យោងតាមអ្នកជំនាញហិរញ្ញវត្ថុបានផ្តល់ដំបូន្មានថា យកល្អអ្នកត្រូវមានប្រាក់សន្សំសម្រាប់គ្រាអាសន្ន (Emergency Fund) ក្នុងរយៈពេលយ៉ាងហោចណាស់ពី ៦ ខែឡើងទៅ។ ប្រាក់សន្សំនេះការពារអ្នកមិនឲ្យធ្លាក់ចូលក្នុងបំណុលភ្លាមៗនៅក្នុងករណីអ្នកបាត់បង់ការងារធ្វើ ឬជួបឧបទ្ទវហេតុផ្សេងៗដែលមិនបានដឹងជាមុន៕ ចុះអ្នកវិញ តើអាចប្រាប់បានទេថា អ្នកស្ថិតនៅក្នុងស្ថានភាពណាមួយដែរ?

ដោយ៖ សូរ៉ាន់ដារ

X
5s