មហាសេដ្ឋី Mark Cuban ប្រាប់មូលហេតុដែលអ្នកត្រូវបង្រៀនកូនៗឲ្យក្លាយជាសហគ្រិនតាំងពីក្មេងទៅ
ចាប់ផ្តើមធ្វើជាសហគ្រិនភាពតាំងពីអាយុក្មេងទៅ គឺកាន់តែល្អ នេះបើយោងតាមការលើកឡើងរបស់លោក Mark Cuban មហាសេដ្ឋីអាមេរិក។ ម្ចាស់ក្លឹបបាល់បោះ Dallas Mavericks រូបនេះបានផ្តល់ដំបូន្មានថា ជំនាញដែលកូនៗរបស់អ្នករៀននៅពេលធ្វើសហគ្រិនភាព នឹងជួយឲ្យជីវិតរបស់ពួកគេមានលំនឹងនៅពេលធំឡើង។ «ជំនាញទាំងនោះមានតម្លៃណាស់សម្រាប់មនុស្សគ្រប់គ្នា ហើយនៅសាលាគ្មានជំនាញនេះទេ»។
នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក Cuban ។ លោកបន្តថា សហគ្រិនភាពនឹងជួយឲ្យកូនៗរបស់អ្នករៀនសម្របខ្លួនទៅនឹងបញ្ហាប្រឈមថ្មីៗ និងធ្វើឲ្យពួកគេអាចរៀបចំគោលដៅ ព្រមទាំងបង្កើតគម្រោងសម្រាប់អនុវត្តគោលដៅនោះ។ លោកបានផ្តល់ដំបូន្មានថា មិនចំពោះអ្នកជាសិស្ស អ្នករកស៊ី ឬ ធ្វើការឲ្យគេនោះទេ សហគ្រិនជួយបង្រៀនមនុស្សឲ្យសកម្មនឹងការងារ និងចេះបង្កើតឱកាសឲ្យខ្លួនឯង ដោយមិនអង្គុយរង់ចាំលទ្ធផលធ្លាក់មកពីលើមេឃនោះទេ។ ចេះធ្វើជាសហគ្រិនភាពតាំងពីក្មេងទៅក៏អាចជួយបង្រៀនអ្នកឲ្យស្គាល់ពីភាពបរាជ័យផងដែរ ដើម្បីត្រៀមខ្លួនទទួលយកភាពជោគជ័យនៅពេលខាងមុខ។ លោក Cuban ខ្លួនឯងបានបង្ហាញពីប្រវត្តិរបស់លោកដក់ជាប់ជាសហគ្រិនតាំងពីវ័យក្មេងផងដែរ។
ពេលមួយនោះគឺបន្ទាប់ពីឪពុករបស់លោកបដិសេធមិនទិញស្បែកជើងឲ្យលោកនៅពេលលោកមានអាយុ ១២ ឆ្នាំ។ សេដ្ឋីរូបនេះបានសម្រេចចិត្តដើរលក់ថង់ដាក់សំរាមនៅជុំវិញសង្កាត់ Pittsburgh ដើម្បីយកលុយដោយខ្លួនឯង។ «ខ្ញុំបានដើរគោះទ្វារពីផ្ទះមួយទៅផ្ទះមួយ ហើយសួរថា តើអ្នកត្រូវការថង់ដាក់សំរាមអត់? ហើយអ្នកទាំងអស់គ្នាសាកគិតទៅមើលតើ មានគ្រួសារណាខ្លះបដិសេធន៍មិនទិញនោះ? នេះហើយជាកន្លែងដែលខ្ញុំចាប់ផ្តើមរៀនលក់»។
នេះជាការរំលឹកអនុស្សាវរីយ៍របស់លោក Cuban នៅពេលរៀនលក់ដំបូង។ ក្រោយមក ទៀតនៅអាយុ ១៦ ឆ្នាំ លោកចាប់ផ្តើមប្រមូលនិងជួញដូរតែម (Stamps) ហើយមុខរបរនេះហើយដែលបានជួយឲ្យលោកចាប់ផ្តើមរៀនស្គាល់ពីការផ្គត់ផ្គង់ តម្រូវការ ចេះកំណត់តម្លៃ និងរៀនប្រឈមមុខនឹងហានិភ័យតាំងពីពេលនោះមក៕
ប្រភព៖ cnbc