ហេតុអ្វី​បាន​ជា​​មហាសេដ្ឋី Jack Ma មិន​ចង់​ឲ្យ​អ្នក​​ធ្វើ​ត្រាប់​តាម​លោក? ​​



ប្រិយមិត្ត​ភាគច្រើន​ពិត​ជា​​ស្គាល់​ហើយ​ថា តើ​លោក​ Jack Ma ​ជា​អ្នកណា? ជា​មួយ​នឹង​ទ្រព្យសម្បត្តិ​ប្រមាណ ៣៥ ពាន់​លាន​ដុល្លារ​លោក​ គឺ​ជា​មហាសេដ្ឋី​ដ៏​ល្បីល្បាញ​មួយ​រូប​​របស់​ប្រទេសចិន​ និង​ជា​ប្រធាន​ក្រុមហ៊ុន Alibabaផងដែរ។ ដោយសារតែ​ភាព​ជោគជ័យ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​របស់​លោក​ទើប​មនុស្ស​ជា​ច្រើន​ចង់​​ជោគជ័យ​តាម​​លោក​ដែរ​។

យ៉ាងណាមិញ ថ្លែង​នៅ​ក្នុង​​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) ​កន្លង​ទៅ​ថ្មីៗ​នេះ លោក Jack Ma ​​​បាន​បង្ហាញ​អារម្មណ៍​សោកស្តាយ​​នៅ​ពេល​ដែល​​មនុស្ស​ជា​ច្រើន​​ចង់​​ធ្វើ​​អ្វីៗ​ដូច​លោក​ដែរ។ ​លោក​មាន​អារម្មណ៍​ថា ​ឈ្មោះ​របស់​លោក​​នៅ​ពេល​បច្ចុប្បន្ន​ប្រៀប​បាន​ទៅ​ជា​​អាសយដ្ឋាន​អេឡិចត្រូនិក IP (IP address) ដែល​ផ្ទុក​ទៅ​ដោយ​ការ​រំពឹង​ទុក​​ពី​មនុស្ស​ជា​ច្រើន​ស្វែង​រក​។

លោក Jak Ma បាន​​ថ្លែង​ដូច្នេះ​ថា៖« សម្រាប់​ខ្ញុំ ខ្ញុំ​នៅ​តែ​ជា​មនុស្ស​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​កើត​នៅ​ក្រុង Hangzhou។ វា​ជា​រឿង​ល្អ​ដែល​អ្នក​​ទាំងអស់​គ្នា​ត្រូវ​ដើរ​តាម​ផ្លូវ​របស់​អ្នក ជាជាង​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ»។ លោក​បាន​អរគុណ​ចំពោះ​ការ​ឲ្យ​តម្លៃ​មក​លើ​រូប​លោក​ពី​សំណាក់​មនុស្ស​រាល់​គ្នា ប៉ុន្តែ​លោក​មិន​​បាន​គិត​ថា លោក​ជា ​មនុស្ស​សំខាន់ ឬ វីរបុរស​គំរូ​​សម្រាប់​មនុស្ស​គ្រប់គ្នា​​​នោះ​ឡើយ។

លោក​បន្ត​ដូច្នេះ​​ទៀត​ថា៖« យើង​ម្នាក់ៗ​​​គួរ​ស្គាល់​មនុស្ស​​ឲ្យ​បាន​ច្រើន។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​គេ គឺ​យើង​​ត្រូវ​ស្គាល់​ខ្លួន​ឯង​ជាង​អ្នកណា​ទាំងអស់។ នេះគឺ​ជា​សារៈសំខាន់​​នៃ​ការ​អប់រំ​ដល់​ខ្លួន​ឯង។ ធ្វើ​ជា​មនុស្ស​ម្នាក់​​ដែល​អ្នក​ចង់​ធ្វើ កុំ​ធ្វើ​ជា​មនុស្ស​​ដូច Jack Ma។

កុំ​ធ្វើ​ត្រាប់​តាម​អ្នកណា​ម្នាក់ អ្នក​​​ត្រូវ​ដើរ​តាម​ផ្លូវ​របស់​អ្នក ធ្វើ​ជា​មនុស្ស​ម្នាក់​តាម​របៀប​អ្នក​។ រឿង​នេះ​​ពិត​ជា​សំខាន់​ណាស់»៕

ប្រភព៖ cnbc

X
5s